COVID-19
កីឡាជាតិ
ជាតិ
ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​បរិច្ចាគ​ជាង​២​ម៉ឺន​ដុល្លារ ជួយ​អ្នកគាំទ្រ​ក្នុងអំឡុង​កូ​វីដ​-១៩
30, Apr 2020 , 8:59 am        
រូបភាព
លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរពេលស្វាគមន៍ជាមួយកីឡាករកាលពីពេលកន្លងទៅ, រូបភាពពីក្លិបអង្គរថាយហ្គឺរ
លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរពេលស្វាគមន៍ជាមួយកីឡាករកាលពីពេលកន្លងទៅ, រូបភាពពីក្លិបអង្គរថាយហ្គឺរ
ដោយ:
​ប្រធាន​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឹ​រលោក Akihiro Kato បាន​បរិច្ចាគ​ថ​វិក​ជាង​២​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​អ្នកគាំទ្រ​ខ្លួន​ក្នុងអំឡុងពេល​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ បុរស​ជនជាតិ​ជប៉ុន​រូបនេះ រំពឹងថា ថវិកា​ទាំងនេះ​នឹង​អាចជួយ​សម្រួល​បន្ទុក​អ្នកគាំទ្រ​បាន​មួយរយៈ​ពេល​ខ្លី ស្របពេល​ពួកគេ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​។

 
​ដើម្បី​តបស្នង​ដល់​អ្នកគាំទ្រ ដែល​ស្រលាញ់​និង​គាំទ្រ​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ លោក Akihiro Kato ប្រធាន​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ បាន​បរិច្ចាគ​ថវិកា​ចំនួន​២៥,០០០​ដុល្លារ ដើម្បី​ជួយ​អ្នកគាំទ្រ​របស់ខ្លួន​។ ការបរិច្ចាគ​ថវិកា​នេះ ធ្វើឡើង​ក្រោយ លោក មើលឃើញថា ពួកគេ​អាច​ជួប​វិបត្តិ​គ្រួសារ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
«​វា​ជា​ពេលវេលា​ដែល​ខ្ញុំ​ត្រូវ​តបស្នង​ដល់​គាំទ្រ​គ្រប់គ្នា ដែល​តែងតែ​ស្រលាញ់ និង​គាំទ្រ​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​កន្លងមក​»​។ នេះ​ជាការ​លើកឡើង​របស់លោក Akihiro Kato ដែល​រំពឹងថា ការបរិច្ចាគ​ថវិកា​របស់ខ្លួន នឹង​អាចជួយ​សម្រួល​បន្ទុក​ការលំបាក​បាន​មួយរយៈ​ពេល​ខ្លី ដល់​អ្នកគាំទ្រ​។ 
 
​បើតាម​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​ថវិកា​នេះ​ផ្តល់ជូន​ជា​ពីរ​ផ្នែក ក្នុងនោះ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​ផ្តល់ជូន​ក្រុម​អ្នកគាំទ្រ Angkor Army ដែលមាន​លោក កាន់ សំបូរ ជា​ប្រធាន​។ Angkor Army ជា​ក្រុម​អ្នកគាំទ្រ​ផ្ទាល់​របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ដែល​បាន​បង្កើតឡើង​កាលពី​អំឡុង​ឆ្នាំ​២០១៩ ក្រោយ​ក្លិប​នេះ​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ឆ្នាំ​២០១៨​។   
 
​ចំណែក​ថវិកា​ចំនួន​១៥,០០០​ដុល្លារ ក្លិប​នឹង​យកទៅ​ទិញ​គ្រឿងឧបភោគ​បរិភោគ​ដូចជា​អង្គរ មី ទឹកស៊ីអ៊ីវ និង​ទឹកត្រី​ជាដើម​ទៅ​ចែកជូន​អ្នក ដែល​តែងតែ​មក​គាំទ្រ​រាល់​ការប្រកួត​របស់​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ​។ នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​បុរស​ជនជាតិ​ជប៉ុន​រូបនេះ ធ្វើអំពើ​សប្បុរសធម៌​បែបនេះ ពោលគឺ​លោក​ធ្លាប់ធ្វើ​បែបនេះ​មកលើ​ជនជាតិ​កម្ពុជា​ជាច្រើនលើក​រួចមកហើយ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩​តែ​៣​នាក់​ប៉ុណ្ណោះ ដែល​បន្ត​សម្រាក​ព្យាបាល បន្ទាប់​មនុស្ស​ចំនួន​១១៩​នាក់​បាន​ព្យាបាល​ជាសះស្បើយ​ក្នុងចំណោម​អ្នកជំងឺ​សរុប​១២២​នាក់​។ ក្នុង​រយៈពេល​១៧​ថ្ងៃ​ចុង​ក្រោយនេះ កម្ពុជា​ពុំមាន​ករណី​ឆ្លង​កូ​វីដ​-១៩​ថ្មី​នោះទេ​៕ 

Tag:
 ​អង្គ​រថា​យ​ហ្គឺ​រ​
  Akihiro Kato
© រក្សាសិទ្ធិដោយ thmeythmey.com