អត្ថបទពាណិជ្ជកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើត«កញ្ចប់ជំនួយសហគ្រិនខ្មែរ» សម្រាប់សហគ្រាសធុន តូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី
× កូវីដ-១៩ បានធ្វើឱ្យពីភពលោកជួបផលវិបាកជាច្រើន ដែលក្នុងនោះបញ្ហាសេដ្ឋកិច្ចគឺជាបញ្ហាចម្បងមួយ ដែលធ្វើឱ្យសហគ្រាសធុនតូច មធ្យម និងធុរកិច្ចបង្កើតថ្មី រងផលប៉ះពាល់យ៉ាងខ្លាំង។ ដោយហេតុនេះហើយ សហគ្រិនខ្មែរ ក្រោមការគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ«កញ្ចប់ជំនួយសហគ្រិនខ្មែរ» ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលសហគ្រិនទាំងឡាយ កំពុងប្រឈម ដើម្បីពង្រឹងអាជីវកម្មកំឡុងពេលកូវីដ-១៩ នេះ។
សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ដែលកំពុងតែប្រឈមនឹងបញ្ហានាពេលនេះ កំពុងត្រូវការជំនួយ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។ ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហានេះ សហគ្រិនខ្មែរ ក្រោមការគ្រប់គ្រងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ «កញ្ចប់ជំនួយសហគ្រិនខ្មែរ» ដែលមានអត្ថប្រយោជន៍ជាច្រើន ដើម្បីជាផ្នែកមួយ ជួយផ្តល់ដំណោះស្រាយ ដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី។
កញ្ចប់ជំនួយសហគ្រិនខ្មែរ នឹងផ្ដល់ជូននូវការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ក្នុងទម្រង់ផ្សេងៗដូចជា៖ មូលនិធិជំនួយ ការវិនិយោគ ការផ្ដល់ជូនវគ្គបណ្ដុះបណ្ដាល ការប្រឹក្សាយោបល់ក្នុងការគ្រប់គ្រងហានិភ័យ និងការផ្ដល់ជាការិយាល័យធ្វើការរួមជាដើម។
គួរបញ្ជាក់ផងដែរថា សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភវិឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) ក្រោមការគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។
គោលបំណងរបស់សហគ្រិនខ្មែរ គឺកៀរគរ វិនិយោគ និងគ្រប់គ្រងបរធន ពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមានភាពរស់រវើក និងផ្ដល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានដូចជាសហគ្រិន ធុរកិច្ចបង្កើតថ្មី ដែលមានលក្ខណៈនវានុវត្តន៍(innovative startups) សហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៍ (innovation) និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែម៖
ទូរសព្ទលេខ៖ 023 900 855 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com