ជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដាក់ចេញ​ផែនការ​រួមមួយ​ចំនួន ពង្រឹង​វិស័យ​ទេសចរណ៍​ដោយសារ​កូ​វីដ​-១៩
30, Apr 2020 , 11:36 am        
រូបភាព
រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ស្តីពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​វិស័យ​ទេសចរណ៍​អាស៊ាន ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ទាំង​១០​ប្រទេស និង​អគ្គលេខាធិការ​អាស៊ាន តាមរយៈ Video Conference​។ កិច្ចប្រជុំ​ពិសេស​នេះ រៀបចំឡើង​ដើម្បី​រក​ដំណោះស្រាយ អំពី​វិបត្តិ​កូ​វីដ​-១៩ លើ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​។​

 
​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ កិច្ច​ប្រជុំបាន​ចែករំលែក​បទពិសោធន៍ ការអនុវត្ត​ល្អៗ​ស្ដីពី​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ និង​ផលប៉ះពាល់​ក្នុងប្រទេស​សមាជិក​នីមួយៗ ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ជួយសង្គ្រោះ​វិស័យ​ទេសចរណ៍​នៅ​ចំពោះមុខ ក្នុងដំណាក់កាល​នៃ​ការដោះស្រាយ​វិបត្តិ (Mitigation Phase) ឬ​ដំណាក់កាល​នៃ​ត្រៀម​ងើបឡើង​វិញ (Early Recovery) ក៏ដូចជា​ផែនការ​ស្ដារឡើងវិញ​បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ ( Post Covid-19 Crisis Recovery Plan)​។​
 
​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បានសម្រេច​ដាក់ចេញ​នូវ​សេចក្តីប្រកាស​រួម​៧​ចំណុច ដែល​រួមមាន ការជំរុញ​ការសម្របសម្រួល​របស់​អាស៊ាន ក្នុងការ​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ព័ត៌មាន​ស្តីពី​សុខភាព ទាក់ទង​នឹង​ការធ្វើដំណើរ និង​វិធានការ​ចាំបាច់​នានា ដែល​អនុវត្ត​ដោយ​រដ្ឋ​ជា​សមាជិក​អាស៊ាន ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
 
​កិច្ចប្រជុំ ក៏បាន​ជំរុញ​ឲ្យ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន (NTOs) ជាមួយ​វិស័យ​អាស៊ាន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ជាពិសេស​ជាមួយ​វិស័យ​សុខាភិបាល ព័ត៌មាន ដឹកជញ្ជូន និង​អន្តោប្រវេសន៍ ក៏ដូចជា​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន ព្រមទាំង​អង្គការ និង​សហគមន៍​អន្តរជាតិ​នានា សំដៅ​ឆ្លើយតប​ទាន់ពេលវេលា និង​ច្បាស់លាស់​លើ​ការដោះស្រាយ និង​ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​វិបត្តិ​ដទៃទៀត​នា​អនាគត​។ 


រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
 
​រដ្ឋមន្ត្រី​ទេសចរណ៍ ក៏បាន​ព្រមព្រៀង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា និង​ដៃគូ​អាស៊ាន​ដទៃទៀត ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ក្នុងការ​ចែករំលែក​ព័ត៌មាន និង​ការផ្លាស់ប្តូរ​ការអនុវត្ត​ល្អៗ ស្តីពី​ការឆ្លើយតប​ចំពោះ​វិបត្តិ ការត្រៀមខ្លួន​សម្រាប់​ការទំនាក់ទំនង ការសម្របសម្រួល​ការ​ត​ភ្ជាប់ កិច្ចខិតខំ​និង​វិធានការ​សង្គ្រោះ​ផ្សេងៗ ដើម្បី​គាំទ្រ​វិស័យ​ទេសចរណ៍​។ បន្ថែម​ពីនេះ ការបង្កើន​ទំនុកចិត្ត​ភ្ញៀវទេសចរ និង​ការរៀបចំ​បង្កើតឱ្យមាន​ស្តង់ដា ស្តី​បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព ក៏​ស្ថិតនៅក្នុង​ការប្រកាស​រួម​នេះដែរ​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ បានបញ្ជាក់​ទៀតថា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ក៏​គាំទ្រ​ដល់​ការរៀបចំ និង​ការអនុវត្ត​ផែនការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដែលមាន​ដូចជា​ការកសាង​សមត្ថភាព​ទេសចរណ៍​អាស៊ាន ការចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​ការបង្កើត​ទំនុកចិត្ត​អ្នកប្រើប្រាស់ និង​អាជីវកម្ម ស្វែងយល់​ពី​ដំណោះស្រាយ​បែប​ច្នៃប្រឌិត និង​នវានុវត្តន៍​ក្នុងការ​ពង្រឹង និង​ជំរុញ​វិស័យ​ទេសចរណ៍​អាស៊ាន តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ផងដែរ​។ 
 
​លើសពីនេះ   អាជ្ញាធរ ត្រូវ​ផ្តល់នូវ​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការសម្រួល​ផ្នែក​ហិរញ្ញវត្ថុ ការបន្ធូរបន្ថយ​ពន្ធ និង​ការកសាង​សមត្ថភាព​ជាពិសេស​លើ​ជំនាញ​ឌីជីថល ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ និង​ធ្វើដំណើរ​ដោយ​ផ្តោត​ការយកចិត្តទុកដាក់ ជាពិសេស​លើ​សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម (MSMEs) ក្រុម​ជន​ដែល​ងាយ​រងគ្រោះ ព្រមទាំង​សហគមន៍​ដែល​រង​ផលប៉ះពាល់​នានា ក៏ដូចជា​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​សន្ទនា​អាស៊ាន អង្គការ​អន្តរជាតិ​នានា និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​កសាង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​ឱ្យមាន​ភាពរឹងមាំ និង​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន បន្ទាប់ពី​វិបត្តិ​ផ្សេងៗ​។ នេះ​ជា​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​រួម​ដែល​សម្រេច​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​៕


រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍


Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com