COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA នឹង​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ៥​សែន​ដុល្លារ ដោះស្រាយ​វិបត្តិ COVID-19
30, Apr 2020 , 2:46 pm        
រូបភាព
FIFA ប្រកាសថា ខ្លួន​នឹង​ចែកចាយ​ថវិកា​ប្រមាណ ១៥០ លាន​ដុល្លារ​អាមេរិក​ទៅកាន់​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់ ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​បង្កដោយ​ជំងឺ COVID-19​។ ក្នុងចំណោម​ប្រាក់​ទាំងនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ក៏​នឹង​ទទួលបាន​មួយចំណែក​ផងដែរ​ពី FIFA​។​


 
​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់ (FIFA) កាលពី​សប្តាហ៍​មុន​បាន​អះអាងថា FIFA មាន​កាតព្វកិច្ច​ក្នុងការ​ចែករំលែក និង​គាំទ្រ​ដល់​សមាជិក​ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ អំឡុងពេល​ជំងឺឆ្លង​កំពុង​រាតត្បាត​។ ដូច្នេះ​ដើម្បី​ស្រោចស្រង់​វិស័យ​កីឡាបាល់ទាត់​នៅលើ​ពិភពលោក FIFA នឹង​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ដល់​សហព័ន្ធ​ជា​សមាជិក​ទាំងអស់​។​
 
«FIFA នឹង​បញ្ចេញ​មូលនិធិ​ប្រតិបត្តិការ​ដំណាក់កាល​ដំបូង​ទៅកាន់​សហព័ន្ធ​ជា​សមាជិក​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៩ និង ២០២០ ដែល​ជាការ​ផ្តល់ជំនួយ​សង្គ្រោះ​ដល់​ពួកគេ ដើម្បី​ដោះស្រាយ​វិបត្តិ COVID-19»​។ នេះ​ជា​សំណេរ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់ FIFA ដែលមាន​បង្ហោះ​លើ​វេ​ប​សាយ​ផ្លូវការ​កាលពី​ថ្ងៃទី​២២ ខែមេសា​។ 
 
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ​បង្ហាញថា​មូលនិធិ​ប្រតិបត្តិការ​សម្រាប់​ឆ្នាំ ២០១៩ និង ២០២០ នឹងត្រូវ​បង់​ទៅ​ឲ្យ​ស្ថាប័ន​កីឡាបាល់ទាត់​ជាតិ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​ចំនួន​២១១ នៅ​ទូទាំង​ពិភពលោក​។ សមាជិក​នីមួយៗ​នឹង​ទទួលបាន ៥០០០០០ ដុល្លារ​អាមេរិក​ឆាប់ៗ​នេះ​សម្រាប់​ដំណាក់កាល​ដំបូង ហើយ​ដំណាក់កាល​ទី​ពីរ​នឹង​ផ្តល់​ឲ្យ​បន្ថែម​ទៀង​នៅ​ខែកក្កដា​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ដែលជា​សមាជិក​របស់ FIFA ដែរនោះ ក៏​នឹង​ទទួលបាន​ជំនួយ​៥​សែន​ដុល្លារ​នេះ​ផងដែរ ដើម្បី​យកមក​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ក្នុង​សហព័ន្ធ​អំឡុងពេល​វិបត្តិ COVID-19 នេះ​៕

Tag:
 FIFA
  FFC
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com