ជាតិ
សុវត្តិភាព ចរាចរណ៍
ពលរដ្ឋ សម្រុក​ធ្វើ​និង​ពន្យារ​បណ្ណ​បើកបរ ខណៈ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ចាប់ផ្តើម​ពី​១​ឧសភា​ទៅ​
30, Apr 2020 , 3:43 pm        
រូបភាព
ពលរដ្ឋសម្រុកទៅពន្យារបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន (រូបភាពីក្រសួងសាធារណការ និងដឹកជញ្ជូន)
ពលរដ្ឋសម្រុកទៅពន្យារបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន (រូបភាពីក្រសួងសាធារណការ និងដឹកជញ្ជូន)
​ភ្នំពេញ​៖ ពលរដ្ឋ​បាន​សម្រុក​ធ្វើ​និង​ពន្យារ​បណ្ណ​បើកបរ​និង​ឆៀក​យ៉ាងគំហុក ពោល​ក្នុង​មួយថ្ងៃៗ មានការ​កើន​ឡើយ​ជាង​៣​ដង បើ​ធៀប​នឹង​កាលពីមុន ដែលមាន​ប្រមាណ​តែ​២០០​នាក់​ប៉ុណ្ណោះ​។ ការ​សម្រុក​ទៅធ្វើ​បណ្ណ​បើកបរ​និង​ឆៀក​នេះ គឺ​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកាស​ចាប់ផ្តើម​រឹតបន្តឹង​អនុក្រឹត្យ​ថ្មី​ស្តីពី​ការផាកពិន័យ​លើ​បទ​លើ្ម​ស​ចរាចរណ៍ ពីថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០​តទៅ ដោយ​ដំឡើង​ទឹកប្រាក់​ពិន័យ​គុណ​ពី​៣​ទៅ​៥​ដង​ឯណោះ​។


 
​លោក ស៊ាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​៣០ ខែមេសា​នេះ ថា ទីតាំង​ឆៀករថយន្ត​ទាំង​៥​កន្លែង​នៅ​រាជធានី​ភ្នំពេញ គឺមាន​ការកកស្ទះ ដោយសារ​ប្រជាពលរដ្ឋ​សម្រុក​ទៅធ្វើ​ឆៀក​។ ជាមួយគ្នានេះ លោក បញ្ជាក់ថា ក្រុមការងារ នឹង​បន្តធ្វើ​ការងារ​នៅ​ថ្ងៃអាទិត្យ​បន្ថែមទៀត ដើម្បី​បំពេញការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​។ 
 
​លោក ថ្លែងថា​៖«​ចាប់តាំងពី​ចេញ​អនុក្រឹត្យ​ថ្មី រឹតបន្តឹង​មក ពលរដ្ឋ​មានការ​សម្រុក​មក​ធ្វើ​ឆៀក និង​បណ្ណ​បើកបរ​ច្រើន ពិសេស​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បើ​គិត​ទៅ​គុណ​នឹង​៣ នៃ​ចំនួន​ធម្មតា ដែល​ទូទៅ​មាន​ប្រហែល​២០០​នាក់​»​។ 
 
​ចំពោះ​អ្នកបើកបរ​ម៉ូតូ ដែល​គ្មាន​បណ្ណ​បើកបរ ឬ​ហួស​សុពលភាព នឹងត្រូវ​ពិន័យ​១២​ម៉ឺន​រៀល​។ ចំណែក​រថយន្ត​ធុន​ស្រាល​ដែល​គ្មាន​ឆៀក ឬ​ប្រើ​ឆៀក​ហួស​សុពលភាព​ត្រូវ​ផាកពិន័យ ១៨​ម៉ឺន​រៀល​។ រីឯ​រថយន្ត​ធុន​ធ្ងន់​ដែល​គ្មាន​ឆៀក ឬ​ប្រើ​ឆៀក​ហួស​សុពលភាព​ត្រូវ​ផាកពិន័យ និង​ប្រាស់​បណ្ណ​បើកបរ ហួស​សុពលភាព នឹង​ពិន័យ​ជាង​៣,៧​សែន​រៀល​៕ 

Tag:
 ចរាចរណ៍​
  រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com