ជាតិ
សុវត្តិភាព ចរាចរណ៍
ពលរដ្ឋ សម្រុកធ្វើនិងពន្យារបណ្ណបើកបរ ខណៈរឹតបន្តឹងច្បាប់ចរាចរណ៍ ចាប់ផ្តើមពី១ឧសភាទៅ ពលរដ្ឋសម្រុកទៅពន្យារបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន (រូបភាពីក្រសួងសាធារណការ និងដឹកជញ្ជូន)
× ភ្នំពេញ៖ ពលរដ្ឋបានសម្រុកធ្វើនិងពន្យារបណ្ណបើកបរនិងឆៀកយ៉ាងគំហុក ពោលក្នុងមួយថ្ងៃៗ មានការកើនឡើយជាង៣ដង បើធៀបនឹងកាលពីមុន ដែលមានប្រមាណតែ២០០នាក់ប៉ុណ្ណោះ។ ការសម្រុកទៅធ្វើបណ្ណបើកបរនិងឆៀកនេះ គឺបន្ទាប់ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកាសចាប់ផ្តើមរឹតបន្តឹងអនុក្រឹត្យថ្មីស្តីពីការផាកពិន័យលើបទលើ្មសចរាចរណ៍ ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០តទៅ ដោយដំឡើងទឹកប្រាក់ពិន័យគុណពី៣ទៅ៥ដងឯណោះ។
លោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី៣០ ខែមេសានេះ ថា ទីតាំងឆៀករថយន្តទាំង៥កន្លែងនៅរាជធានីភ្នំពេញ គឺមានការកកស្ទះ ដោយសារប្រជាពលរដ្ឋសម្រុកទៅធ្វើឆៀក។ ជាមួយគ្នានេះ លោក បញ្ជាក់ថា ក្រុមការងារ នឹងបន្តធ្វើការងារនៅថ្ងៃអាទិត្យបន្ថែមទៀត ដើម្បីបំពេញការងារជូនដល់ប្រជាពលរដ្ឋ។
លោក ថ្លែងថា៖«ចាប់តាំងពីចេញអនុក្រឹត្យថ្មី រឹតបន្តឹងមក ពលរដ្ឋមានការសម្រុកមកធ្វើឆៀក និងបណ្ណបើកបរច្រើន ពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ បើគិតទៅគុណនឹង៣ នៃចំនួនធម្មតា ដែលទូទៅមានប្រហែល២០០នាក់»។
ចំពោះអ្នកបើកបរម៉ូតូ ដែលគ្មានបណ្ណបើកបរ ឬហួសសុពលភាព នឹងត្រូវពិន័យ១២ម៉ឺនរៀល។ ចំណែករថយន្តធុនស្រាលដែលគ្មានឆៀក ឬប្រើឆៀកហួសសុពលភាពត្រូវផាកពិន័យ ១៨ម៉ឺនរៀល។ រីឯរថយន្តធុនធ្ងន់ដែលគ្មានឆៀក ឬប្រើឆៀកហួសសុពលភាពត្រូវផាកពិន័យ និងប្រាស់បណ្ណបើកបរ ហួសសុពលភាព នឹងពិន័យជាង៣,៧សែនរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com