COVID-19
ជាតិ
អ្នកនាំពាក្យ​៖ បុណ្យ​វិសាខបូជា​ឆ្នាំនេះ នៅតែ​ប្រារព្ធ តែ​មិន​ឲ្យ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​ឡើយ​
30, Apr 2020 , 7:29 pm        
រូបភាព
ព្រះសង្ឃនិងពុទ្ធបរិស័ទ ក្នុងស្រុកស្អាង ខេត្តកណ្តាល ចូលរួមដង្ហែពិធីបុណ្យវិសាខបូជា កាលពីឆ្នាំ២០១៩
ព្រះសង្ឃនិងពុទ្ធបរិស័ទ ក្នុងស្រុកស្អាង ខេត្តកណ្តាល ចូលរួមដង្ហែពិធីបុណ្យវិសាខបូជា កាលពីឆ្នាំ២០១៩
ដោយ: ថ្មីៗ
​កម្ពុជា នៅតែ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​ដដែល​ក្នុងឆ្នាំនេះ តែ​ព្រះសង្ឃ​និង​ប្រជា​ពុទ្ធបរិស័ទ នឹងមិន​ប្រមូល​ផ្តុំគ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដូច​រាល់​ឆ្នាំ​នោះទេ​។ នេះ​បើតាម​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​។


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ លោក សេង សុ​មុនី ថ្លែងថា រាល់​ឆ្នាំ កម្ពុជា តែង​ជ្រើសរើស​កន្លែង​ណាមួយ ដូចជា​នៅ​ភ្នំ​ឧ​ត្តុ​ង្គ (​ព្រះរាជ​ទ្រព្យ​) ជាដើម ដើម្បី​ធ្វើជា​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​ថ្នាក់ជាតិ តែ​សម្រាប់​ឆ្នាំនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ មិន​អនុញ្ញាត​ឲ្យ​ប្រា​ព្ធ​ពិធីបុណ្យ​វិសាខបូជា​ថ្នាក់ជាតិ​ឡើយ​។  
 
​អ្នកនាំពាក្យ បញ្ជាក់ថា​៖«​ព្រះសង្ឃ អាច​តុបតែង​និង​រៀបចំ​ប្រារព្ធ​តាម​វត្ត​អារាម  ហើយ​ពុទ្ធបរិស័ទ ចូលរួម​គោរពបូជា នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន ដូច​យើង​ធ្វើការ​ចូលឆ្នាំ​ខ្មែរ​អ៊ីចឹង មិន​ឲ្យ​ជួបជុំ​ធំ​ទេ​»​។ 
 
​ការមិន​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធីបុណ្យ​វិសាខបូជា​ជា​ទ្រង់ទ្រាយ​ធំ នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ គឺ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​លោក ឈិន កេ​ត​នា អនុប្រធាន​អចិ​ន្រៃ្ត​យ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ដែល​លើកឡើង​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង  កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ហើយ​ត្រូវបាន​ដកស្រង់​សម្តី​យកទៅ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា (AKP)​។ 
 
​លោក អះអាងថា គ្រប់​ក្រសួង​-​ស្ថាប័ន​ទាំងអស់ ត្រូវបាន​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធីបុណ្យ​វិសាខបូជា តាម​អង្គភាព​របស់ខ្លួន​។ AKP សរសេរ​ពី​ប្រសាសន៍​របស់លោក​ថា​៖«​ក្នុង​ឆ្នាំ​២០២០​នេះ បុណ្យ​វិសាខបូជា អនុ​ញ្ញ​ត​ឲ្យ​ធ្វើ​នៅ​គ្រប់​ក្រសួង​-​ស្ថាប័ន និង​នៅតាម​ទី​វត្ត​អារាម ដោយ​គ្រាន់តែ​តុបតែង​លម្អ​ដោយ​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ និង​បដា​ពាក្យស្លោក​នៅតាម​ក្រសួង ស្ថាប័ន​ទាំងនោះ ឲ្យ​បាន​សមរម្យ​ដូច​រាល់​ឆ្នាំ​»​។​
 
​បុណ្យ​វិសាខបូជា​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​៦ ខែឧសភា​។ ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ ការ​ប្រសូត ការ​ត្រាស់ដឹង និង ការចូល​និព្វាន​៕

Tag:
 ​វិសាខបូជា​
  COVID-19
 សាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com