COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
លោកអាបេ៖ លុះត្រា COVID-19 រលាយពីផែនដីទៅ ទើបអូឡាំពិកតូក្យូធ្វើទៅបាន
× នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ិនហ្សូ អាបេ (Shinzo Abe) នៅថ្ងៃទី២៩ ខែមេសា បាននិយាយថា ការដឹកនាំធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកក្រុងតូក្យូនឹងមិនអាចទៅរួចទេនៅឆ្នាំក្រោយ លុះត្រាតែជំងឺឆ្លង COVID-19 រលាយពីពិភពលោកទៅ។
ដោយសារតែផលប៉ះពាល់នៃវិបត្តិ COVID-19 គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងរដ្ឋាភិបាលជប៉ុនបានសម្រេចគ្នាពន្យារពេលការប្រកួតកីឡាអូឡាំពិកនេះកាលពីខែមុនរហូតដល់រយៈពេល១ឆ្នាំ ពោលគឺដល់ខែកក្កដា ឆ្នាំ២០២១។
ជាមួយនឹងការកើនឡើងអត្រានៃការឆ្លងកាន់តែច្រើននៅទូទាំងពិភពលោក ហើយអ្នកជំនាញបានអះអាងថាវ៉ាក់សាំងបង្កាជំងឺ COVID-19 នឹងត្រូវប្រើពេលយូរទៀតនោះ ក៏មានការលើកឡើងជាសួរថាតើព្រឹត្តិការណ៍កីឡាដ៏ធំធេងនេះអាចនឹងត្រូវការពន្យារពេលបន្ថែមទៀតឬអត់។
«យើងបាននិយាយហើយថា ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកត្រូវតែធ្វើឡើងដោយពេញលេញ ក្នុងនោះអត្តពលិក មន្ត្រី និងអ្នកទស្សនាទាំងអស់អាចចូលរួមបានដោយសុវត្ថិភាព»។ នេះជាការអះអាងរបស់លោកអាបេដែលបានឆ្លើយតបនឹងសំណួររបស់សមាជិកសភាបក្សប្រឆាំង ដែលសួរថា តើទីក្រុងតូក្យូអាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំក្រោយដែរឬទេ បន្ទាប់ពីការពន្យារពេលឆ្នាំនេះដោយសារតែ COVID-19។
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះសង្កត់ធ្ងន់ថា កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ត្រូវតែធ្វើឡើងនៅពេលពិភពលោកបង្ហាញថា បានឈ្នះនឹងជំងឺរាតត្បាតមួយនេះ បើមិនដូច្នេះទេវានឹងពិបាកក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះណាស់។
បើតាមការផ្សាយរបស់វេបសាយ Worldometers ជប៉ុនបានរកឃើញករណីឆ្លងថ្មីជាង២០០នាក់ទៀតគិតត្រឹមថ្ងៃទី៣០ ខែមេសានេះ ដោយកើនដល់ជិត១៤០០០នាក់ ក្នុងនោះស្លាប់ជាង៤០០នាក់ និងសះស្បើយជាង២០០០នាក់។
ដោយឡែក លោក Yoshiro Mori ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន ក៏បាននិយាយដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នឹងត្រូវលុបចោលតែម្តង ប្រសិនបើមិនអាចដំណើរបាននៅឆ្នាំ២០២១ ទេនោះ។ លោក Mori ប្រកាសហើយថា នឹងគ្មានការពន្យារពេលជាលើកទីពីរឡើយ បើ COVID-19 នៅតែមិនអាចគ្រប់គ្រងបានដល់ឆ្នាំក្រោយ៕
Tag:
COVID-19
កីឡាអូឡាំពិក
Shinzo Abe
© រក្សាសិទ្ធិដោយ thmeythmey.com