ជាតិ
កូន​សណ្ដាន់​ជាង​១​ម៉ឺន​ដើម ត្រូវបាន​ដាំ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ស្រុក​ក្រូចឆ្មារ ដើម្បី​បង្កើត​ជម្រក​មច្ឆា​ជាតិ
30, Apr 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ កូនដើម​សណ្ដាន់​ជាង ១​ម៉ឺន​ដើម ត្រូវបាន​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ដាំ​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក លើ​ផ្ទៃដី​ប្រមាណ ១០០​ហិកតា ដើម្បី​បង្កើត​ជម្រក​មច្ឆា​ជាតិ និង​ជីវចម្រុះ​ឡើងវិញ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រូចឆ្មារ​។


 
​កាលពី​ថ្ងៃទី​២៧ មេសា​កន្លងទៅ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​អាជ្ញាធរ​ស្រុក​ក្រូចឆ្មារ ដាំ​កូនដើម​សណ្ដាន់​ជាង ១​ម៉ឺន​ដើម នៅលើ​ផ្ទៃដី​ប្រមាណ ១០០​ហិកតា​។ បើតាម​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ការដាំ​កូនដើម​សណ្ដាន់​ជាង ១​ម៉ឺន​ដើម​នេះ ដើម្បី​ស្តារ និង​អភិរក្ស​តំបន់ដីសើម ឲ្យ​បាន​ប្រសើរ​ឡើងវិញ ដែលជា​ប្រភព​សម្រាប់​បង្កើត​ជម្រក​មច្ឆា​ជាតិ និង​ជីវចម្រុះ​។​
 
​លោក ស៊ុំ រ៉ា ប្រធានការិយាល័យ​កសិក​ម្ម ធនធានធម្មជាតិ និង​បរិស្ថាន ស្រុក​ក្រូចឆ្មារ ប្រាប់​ពី​អត្ថប្រយោជន៍​នៃ​ការដាំ​កូនដើម​សណ្ដាន់​យ៉ាង​ដូច្នេះ​៖ «​សារសំខាន់​នៃ​ការដាំ​កូន​សណ្ដាន់​នេះ គឺ​ដើម្បី​ស្ដារ​ព្រៃ​លិច​ទឹក និង​ការពារ​ព្រៃ​លិច​ទឹក​ឡើងវិញ ដែល​ផ្ដល់​ជា​ជម្រក​ដល់​មច្ឆា​ជាតិ​។ ដើម​សណ្ដាន់​នេះ ក៏​អាច​ផ្ដល់​ទ​ន្និ​ផល​ដល់​ពលរដ្ឋ តាមរយៈ​ស្លឹក​, ត្រួយ និង​ផ្លែ​ផងដែរ​»​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ លោក ស៊ុំ រ៉ា ឲ្យ​ដឹងថា ដើម​សណ្ដាន់​ជាង ១​ម៉ឺន​ដើម ដែល​បាន​ដាំ​លើ​ផ្ទៃដី​ប្រមាណ  ១០០​ហិកតា​នេះ មាន​កម្ពស់​ពី ៣-៧​តឹក និង​មាន​អាយុ​ពី​៥​ខែ ទៅ​១​ឆ្នាំ​។ ទាក់ទង​នឹង​ការ​អាស្រ័យ​ផល​វិញ រយៈពេល ២​ឆ្នាំ ស្លឹក​សណ្ដាន់ នឹង​អាច​ប្រមូល​ផល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​។ ចំណែក​ផ្លែ​សណ្ដាន់​វិញ រយៈពេល​៤​ឆ្នាំ ទើប​អាច​ប្រមូល​ផល​បាន​។ ទោះ​សណ្ដាន់​មាន​អត្ថប្រយោជន៍​ច្រើន ប៉ុន្តែ​លោក ស៊ុំ រ៉ា អះអាងថា​ការបណ្ដុះ​កូន​សណ្ដាន់​មាន​ផល​លំបាក និង​លំបាក​ក្នុងការ​ស្វែងរក​គ្រាប់​ជាដើម​។​
 
​បើតាម​លោក ស៊ុំ រ៉ា កូន​សណ្ដាន់​ជាង ១​ម៉ឺន​ដើម​នេះ ជាការ​សាកល្បង​ដាំ ដែល​ផែន​ការដាំ​កូន​សណ្ដាន់​នេះ នឹង​បន្ត​ដាំ​រហូតដល់ ១០​ម៉ឺន​ដើម នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រូចឆ្មារ​។ ប្រធានការិយាល័យ​កសិក​ម្ម ធនធានធម្មជាតិ និង​បរិស្ថាន ស្រុក​ក្រូចឆ្មារ អំពាវនាវ​ដល់​ពលរ​ដ្ឋ​ដទៃ​នៅតាម​តំបន់​ផ្សេងៗ ចូលរួម​ដាំ និង​អភិរក្ស ដើម​សណ្ដាន់​ឲ្យ​បាន​ច្រើន ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​រក្សា​មច្ឆា​ជាតិ​៕

Tag:
 ដាំ​ដើមឈើ​
  សណ្ដាន់​
  មច្ឆា​
  ជីវចម្រុះ
© រក្សាសិទ្ធិដោយ thmeythmey.com