ជាតិ
រថយន្ត
សម្ដេច ស ខេង ៖ អ្នកបើកបរគោរពច្បាប់ត្រឹមត្រូវ សមត្ថកិច្ចនឹងមិនឃាត់សួររកឯកសារទេ
× ភ្នំពេញ៖ ពលរដ្ឋដែលបើកបរត្រឹមត្រូវ នឹងមិនត្រូវឃាត់សួររកឯកសារនោះទេ។ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៅថ្ងៃទី៣០ មេសា។
សម្ដេច ស ខេង បានបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ គឺជាការរឹតបន្តឹងវិធានការមួយ ដើម្បីបញ្ចៀសគ្រោះថ្នាក់លើដងផ្លូវ និងធានាសុខសុវត្ថិភាពពលរដ្ឋ ពោលគឺមិនមែនដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ។
ឆ្លើយតបទស្សនៈប្រតិកម្មរបស់ពលរដ្ឋជុំវិញវិធានការនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពន្យល់ថា៖«ការពិតគឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថាក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ ដែលដឹកនាំនិងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រជាពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញនេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ»។
សម្រាប់ពលរដ្ឋដែលអនុវត្ត និងបើកបរគោរពច្បាប់ត្រឹមត្រូវនោះ ខាងសមត្ថកិច្ចក៏មិនឃាត់សួររកឯកសារ ដើម្បីផាកពិន័យឡើយ។ សម្ដេច ស ខេង បានបញ្ជាក់លើហ្វេសប៊ុកដូច្នេះថា៖«សមត្ថកិច្ច នឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នក(បើកបរ)ត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ »។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាចរាចរណ៍នេះ នៅលើហ្វេសប៊ុកខ្លួនដែរ។ សម្ដេច ហ៊ុន សែន បានស្នើឱ្យពលរដ្ឋអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ក្នុងពេលដែលសមត្ថកិច្ច កំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ។ «បើដល់(ពេលឆៀករថយន្ត)ហើយ ត្រូវយកទៅឆៀកឱ្យបានទាន់ពេល ចៀសវាងការផាកពិន័យ ក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូន ក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។
ប្រមុខរដ្ឋាភិបាល ក៏ស្នើឱ្យពលរដ្ឋធ្វើបណ្ណបើកបរ និងយកតាមខ្លួនជានិច្ច ដើម្បីបញ្ចៀសការផាកពិន័យ។«ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេល ក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាត បញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តឱ្យបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់»។ នេះជាការអំពាវនាវរបស់សម្ដេច ហ៊ុន សែន។
ឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសរក្សាសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដល់ប្រជាពលរដ្ឋ។ នេះជាយន្តការរបស់រដ្ឋាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com