COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
៣០​ឆ្នាំក្រោយ តើ​Liverpool អាច​លើក​ពាន​Premier League ជា​លើកដំបូង​ខ្លួន​បានទេ​?
01, May 2020 , 7:59 am        
រូបភាព
៣០​ឆ្នាំក្រោយ តើ​Liverpool អាច​លើក​ពាន​Premier League ជា​លើកដំបូង​របស់ខ្លួន​បានទេ​? នេះ​ជា​អ្វីដែល​អ្នកគាំទ្រ​ក្លិប​ហង្ស​ក្រហម Liverpool កំពុង​រង់ចាំ​មើល ខណៈ​ជំងឺ​កូ​វីដ​១៩ កំពុង​រាតត្បាត​នៅ​ជុំវិញ​ពិភពលោក ក៏ដូចជា​អង់គ្លេស​ផងដែរ​។


 
Liverpool បាន​លើក​ពានរង្វាន់​លើកចុងក្រោយ​របស់ខ្លួន នៅក្នុង​ឆ្នាំ​១៩៨៩-១៩៩០ នៃ​ពានរង្វាន់ Football League First Division ដែល​បច្ចុប្បន្ន​បាន​ប្តូរ​ឈ្មោះ​មកជា​ពានរង្វាន់ England Premier League នៅ​ឆ្នាំ​១៩៩២​។ ចាប់តាំងពី​ការប្ដូរឈ្មោះ​ពាន​នេះ​មក Liverpool គ្មាន​សំណាង​បាន​លើក​ពាន​នេះឡើយ​។ 
 
​សំណាង​Liverpool បាន​ចូលមក​ដល់​ហើយ ប៉ុន្តែ​ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល​! នោះ​ក៏​ព្រោះតែ​បញ្ហា​ជំងឺ​កូ​វីដ​១៩ កំពុង​រាតត្បាត​នៅ​ជុំវិញ​ពិភពលោក ក៏ដូចជា​នៅ​អង់គ្លេស​ផងដែរ​។ បច្ចុប្បន្ន​ចក្រភព​អង់គ្លេស កំពុងមាន​អ្នកជំងឺ​កូ​វីដ​១៩ ជាង​១៦​ម៉ឺន​នាក់​ហើយ ស្លាប់​ជាង​២​ម៉ឺន​នាក់ និង​មិនទាន់មាន​អ្នកជា​សះស្បើយ​នៅឡើយ​ទេ​។​
 
​ដោយសារតែ​បញ្ហា​ជំងឺ​នេះហើយ ទើប​ធ្វើឱ្យ​គណៈកម្មាធិការ Premier League សម្រេច​ផ្អាក​ការប្រកួត​បាល់ទាត់​សិន ស្រប​ពេលដែល​Liverpool កំពុង​ឈរ​នៅ​កំពូល​តារាង​។ មុន​ផ្អាក​ការប្រកួត Liverpool មាន​៨២​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ឆ្លងកាត់​ការប្រកួត​២៩​លើក ដោយ​ក្នុងនោះ​ឈ្នះ​២៧ ស្មើ​១ និង​ចាញ់​១​ប្រកួត ខណៈដែល​ម្ចាស់​ជើងឯក​ចាស់ Manchester City ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ពីរ មាន​៥៧​ពិន្ទុ ក្រោយ​ប្រកួត​២៨​លើក​។ បើ​រាប់​ត្រឹម​ក្រុម​លេខ​៥​មក Liverpool មាន​ពិន្ទុ​ដាច់​ឆ្ងាយ ចន្លោះ​ពី​២៥ ទៅ​៤០​ពិន្ទុ ។​
 
​ការប្រកួត​បាល់ទាត់​នៅ Premier League នេះ នៅសល់តែ​១០​ប្រកួត​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​មិនទាន់មាន​សញ្ញា​វិជ្ជមាន​ថា នឹង​អាច​បន្ត​ការប្រកួត​វិញ​បាន ឬ​យ៉ាងណា​នោះទេ ដោយសារតែ​ជំងឺ​កូ​វីដ​១៩ នៅ​គំរាមកំហែង​។​
 
​គណៈ​គ្រប់គ្រង Premier League បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​៥ មេសា​ថា ការប្រកួត​បាល់ទាត់​នៅ​អង់គ្លេស មិនទាន់​អាច​ដំណើរការ​វិញ​នោះទេ ដោយ​រង់ចាំ​ស្ថានភាព​វិល​ត្រឡប់មក​ភាពប្រក្រតី​សិន​។​
 
«​វា​ជា​រឿង​មួយ ដែល​ត្រូវបានគេទទួលស្គាល់​ថា​ក្របខ័ណ្ឌ Premier League នឹងមិន​បន្ត​ឡើងវិញ​ទេ​នៅ​ដើមខែ​ឧសភា​ទេ​។  ហើយ​រដូវ​កាល ២០១៩/២០២០ នឹង​វិលត្រឡប់​វិញ នៅពេល​ដែលមាន​សុវត្ថិភាព​និង​សមស្រប​»​។ នេះ​ជាការ​បញ្ជាក់​របស់​គណៈ​គ្រប់គ្រង Premier League​។​
 
​បើតាម​គណៈ​គ្រប់គ្រង Premier League កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​ឡើងវិញ គឺ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ជា​ទៀងទាត់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​រីក​រាលដាល ១៩ ។ «​យើង​ធ្វើការ​ជាមួយគ្នា​តាមរយៈ​ពេលវេលា​ដ៏​លំបាក​នេះ​។ ក្របខ័ណ្ឌ Premier League កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បាល់ទាត់​អាជីព​ទាំងមូល​នៅក្នុង​ប្រទេស​នេះ​ក៏ដូចជា​ជាមួយ​រដ្ឋាភិបាល​ទីភ្នាក់ងារ​សាធារណៈ​និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ធានាថា​ការប្រកួត​នេះ​នឹង​ទទួលបាន​ដំណោះស្រាយ​រួមគ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់ Premier League​។​
 
​ក្លិប​បាល់ទាត់​Liverpool ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៨៩២ ដោយ​លោក John Houlding អ្នកជំនួញ​ម្នា​ក់នៅ​អង់គ្លេស​។ គិត​ចាប់ពី​ឆ្នាំ​១៩០០​ដល់​ឆ្នាំ​១៩៩០ Liverpool បាន​លើក​ពានរង្វាន់ Football League First Division ចំនួន​១៨​លើក មុននឹង​គេ​ប្តូរ​ឈ្មោះ​មកជា​ពានរង្វាន់ England Premier League នៅ​ឆ្នាំ​១៩៩២​។ 
 
​រីឯ​ក្លិប​ដែល​លើក​ពានរង្វាន់ England Premier League ច្រើនជាងគេ គឺ​បិសាច​ក្រហម Manchester United ចំនួន​១៣​លើក និង​ពានរង្វាន់ League First Division ៧​លើក សរុប​ទាំងអស់​២០​លើក​៕

Tag:
 COVID-19
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com