ជាតិ
សង្គមជាតិ
​ជប៉ុន​នឹង​ផ្តល់​គ្រឿង​ឥស្សរិយយស​ជូន​លោក ឯក សុន ចាន់ និង​លោក លូ គឹមឈុន លើ​ស្នាដៃ​បម្រើ​ប្រយោជន៍​សាធារណៈ​
01, May 2020 , 8:19 am        
រូបភាព
(​រូប​ខាង​សាំ្ត​) លោក លូ គឹមឈុន ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (​ឆ្វេង​)​លោក ឯក សុន​ចាន់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​។
(​រូប​ខាង​សាំ្ត​) លោក លូ គឹមឈុន ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (​ឆ្វេង​)​លោក ឯក សុន​ចាន់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​។
​ភ្នំពេញ​៖ លោក ឯក សុន​ចាន់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​លោក លូ គឹមឈុន ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​ទទួល​គ្រឿង​ឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon សម្រាប់​និ​ទាឃ​រដូវ​ឆ្នាំ​២០២០ ពី​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​។ បើតាម​ការផ្សាយ​ចុះ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៩​មេសា ការផ្តល់ជូន​គ្រឿង​ឥស្សរិយយស ដល់​មន្ត្រី​ពីររូប​នេះ គឺជា​ការទទួលស្គាល់​គុណសម្បត្តិ​របស់​ពួកគាត់​ក្នុង​ការបម្រើ​ផលប្រយោជន៍​សាធារណៈ និង​សមិទ្ធផល​ដ៏​លេចធ្លោ​នៅក្នុង​វិស័យ​ផ្សេងៗ​ក្នុងសង្គម​។​

 
​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជប៉ុន​បានប្រកាសថា លោក ឯក សុន​ចាន់ នឹង​ទទួល​គ្រឿង​ឥស្សរិយយស នៃ​ការទទួលស្គាល់​ការចូលរួមចំណែក​រប​ស់លោក​លើក​ការ​កម្ពស់​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​។ រីឯ លោក  លូ គឹមឈុន នឹង​ទទួល​គ្រឿង​ឥស្សរិយយស​នៃ​ការទទួលស្គាល់​ការចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​ក្នុង​វិស័យ​អភិវឌ្ឍន៍​កំពង់ផែ​។​
 
​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ទាំង​២​រូបនេះ នឹងត្រូវ​រៀបចំឡើង​ក្នុង​ពេលវេលា​សមស្រប​ខាងមុខ​។ នេះ​បើតាម​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​៕ 

Tag:
 ឥស្សរិយយស​
  ឯក សុន​ចាន់​
  លូ គឹមឈុន​
© រក្សាសិទ្ធិដោយ thmeythmey.com