COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​គ្រូពេទ្យ FIFA មិន​ចង់​ឲ្យ​ចាប់ផ្តើម​លី​គ​បាល់ទាត់​វិញ​ទេ ព្រោះ​បារម្ភ​រលក COVID-19 ទី​ពីរ​
01, May 2020 , 8:39 am        
រូបភាព
លោក Michel D_Hooghe ប្រធានវិជ្ជសាស្ត្ររបស់ FIFA
លោក Michel D_Hooghe ប្រធានវិជ្ជសាស្ត្ររបស់ FIFA
​លោក Michel D'Hooghe ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) យល់ឃើញថា មិនគួរ​ឲ្យ​មានការ​ចាប់ផ្តើម​ការប្រកួត​កីឡាបាល់ទាត់​ឡើងវិញ​នោះទេ ពោល​រហូតដល់​រដូវ​កាល​ក្រោយ​តែម្តង​។ ការយល់ឃើញ​បែបនេះ ដ្បិត​លោក D'Hooghe មានការ​ព្រួយបារម្ភ​អំពី «​រលក​ទី​ពីរ​» នៃ​ជំងឺ COVID-19​។​


 
​លី​គ​កីឡាបាល់ទាត់​បារាំង Ligue 1 និង Ligue 2 បានសម្រេច​លុបចោល​ហើយ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe ហាម​រាល់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​ក្នុងប្រទេស​រហូតដល់​ខែកញ្ញា​។ 
 
Eredivisie លី​គ​កំពូល​ហូ​ឡង់ និង​លី​គ​កំពូល​អា​ហ្ស​ង់​ទីន Copa Superliga ក៏ត្រូវ​បាន​លុបចោល​ផងដែរ ប៉ុន្តែ​លី​គ​ក្នុងប្រទេស​អឺរ៉ុប​មួយចំនួន​ដូចជា​អង់គ្លេស អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​អ៊ីតាលី​កំពុងស្ថិត​ក្នុងការ​ពិចារណា​នៅឡើយ​។​
 
​ដោយសារ​ជំងឺ COVID-19 ជា​ជំងឺ​ដែល​ងាយ​ឆ្លង​លឿន​បំផុត​មិន​ធ្លាប់មាន លោក D'Hooghe ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់ FIFA បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​សុខភាព​កីឡាករ​និង​អ្នកពាក់ព័ន្ធ​ប្រសិនបើ​កីឡាបាល់ទាត់​អាច​ចាប់ផ្តើម​ឡើងវិញ​អំឡុង​ពេលនេះ​។​
 
​លោក​វេជ្ជបណ្ឌិត​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​បាន​ប្រាប់​កាសែត Daily Telegraph ថា​៖«​យើងទាំងអស់គ្នា​ត្រូវ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​។ វា​សាមញ្ញ​ណាស់ កីឡាបាល់ទាត់​នៅពេលនេះ មិនមែនជា​រឿង​សំខាន់បំផុត​ក្នុង​ជីវិត​នោះទេ​។ ខ្ញុំ​សប្បាយចិត្ត ប្រសិនបើ​យើង​អាច​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ហើយ​រំសាយ​ការប្រកួត​រដូវ​កាល​នេះ​តែម្តង​»​។​
 
​លោក D'Hooghe ពិតជា​ព្រួយ​បារ​ម្មណ៍​ខ្លាំង​អំពី រលក​ទី​ពីរ (​ការឆ្លង​លើក​ទី​ពីរ​) នៃ​ជំងឺ COVID-19 ដែល​វា​អាច​កើតឡើង​ជាថ្មី​បាន​ប្រសិនបើ​មានការ​ធ្វេសប្រហែស ខណៈពេល​ជំងឺឆ្លង​សកល​មួយ​នេះ​កំពុង​ថមថយ​ឥទ្ធិពល​។​
 
«​អ្នក​រាល់គ្នា​មានការ​ប្រុងប្រយ័ត្ន​ណាស់​នៅពេលនេះ​។ ខ្ញុំ​បានដឹងថា​មាន​ប្រទេស​ជាច្រើន​កំពុង​គិត​អំពី​ការចាប់ផ្តើម​លេង​បាល់ទាត់​ឡើងវិញ​ទោះ​មានការ​រឹតត្បិត​មិន​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ក្តី​។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ​គួរ​មានការ​ប្រុងប្រយ័ត្ន​បន្ថែម​»​។ នេះ​ជាការ​បន្ថែម​របស់លោក D'Hooghe ៕

Tag:
 FIFA Michel D\'Hooghe
  ជំងឺ COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com