COVID-19
កីឡាជាតិ
ជាតិ
បើក ឬបន្តផ្អាកលីគកំពូលកម្ពុជា នឹងដឹងលទ្ធផលនៅដើមសប្តាហ៍ក្រោយ
× ក្រោយផ្អាកការប្រកួតអស់រយៈពេលជាង១ខែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ នឹងដឹងលទ្ធផលបើកឡើងវិញ ឬបន្តផ្អាកនៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងរៀបចំកិច្ចប្រជុំនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដើម្បីពិភាក្សាពាក់ព័ន្ធការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន ដែលបានផ្អាកការប្រកួតអស់រយៈពេលជាង១ខែ។ កិច្ចប្រជុំនេះ នឹងជជែកគ្នាលើបញ្ហាបើក ឬបន្តផ្អាកការប្រកួតពានរង្វាន់ទាំងពីរ និងគម្រោងរៀបចំការប្រកួតពានរង្វាន់បន្ថែមផ្សេងៗទៀត។
អគ្គលេខាធិការរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងមិនទាន់បានពិភាក្សាគ្នាពីបញ្ហាបើកការប្រកួតពានរង្វាន់លីគឡើងវិញនៅឡើយទេ តែយើងនឹងយកបញ្ហានេះទៅពិភាក្សាក្នុងកិច្ចប្រជុំសមាជិកប្រតិបត្តិសហព័ន្ធនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ បន្ទាប់ពីមានការស្នើសុំពីខាងអគ្គលេខាធិការដ្ឋាន និងសំណូមពរពីខាងក្លិប ដែលបានស្នើមកសហព័ន្ធ»។
អាចមានភាគរយខ្ពស់ក្នុងការបើកការប្រកួតលីគកំពូលឡើងវិញ ដ្បិតស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាមានភាពធូរស្បើយ ហើយក្នុងរយៈពេល១៨ថ្ងៃចុងក្រោយនេះកម្ពុជាគ្មានអ្នកជំងឺកូវីដ-១៩ថ្មីនោះទេ។ បច្ចុប្បន្នកម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩ តែ៣នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល ខណៈអ្នកជំងឺ១១៩នាក់បានព្យាបាលជាសះស្បើយក្នុងចំណោមអ្នកជំងឺសរុប១២២នាក់។
ជាង៤០ថ្ងៃហើយ ដែលលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន បានផ្អាកការប្រកួតដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ពោលគឺកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចផ្អាកការប្រកួតទាំងពីរជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់និងបង្ការការរីករាលដាលនៃមេរោគបង្កជាជំងឺរលាកសួតធ្ងន់ធ្ងរនេះ៕
Tag:
បាល់ទាត់
កែវ សារ៉េត
Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com