អន្តរជាតិ
ទំនប់​វា​រី​អគ្គិសនី​ចិន​ស្តុក​ទឹក​ទុក ពេល​ប្រទេស​ខាងក្រោម​ខ្សែទឹក​ទន្លេមេគង្គ​រាំងរឹះ​
01, May 2020 , 7:59 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ទិន្នន័យ​ផ្កាយ​វិទ្យាសាស្ត្រ​តាម​បច្ចេកវិទ្យា​ទំនើប​ដែល​ថត​ទឹកភ្លៀង និង​ទឹកកក​រលាយ​នៅ​ទន្លេមេគង្គ​ផ្នែក​ប្រទេស​ចិន បង្ហាញថា ទំនប់​វា​រី​អគ្គិសនី​ចិន​បាន​ស្តុក​ទឹក​ទុក​យ៉ាងច្រើន ខណៈពេលដែល​ប្រទេស​ខាងក្រោម​ខ្សែទឹក​ទន្លេមេគង្គ​រាំងរឹះ​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​អំពី​រឿងនេះ​។​

 
​ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​របស់​អាមេរិក​បាន​និយាយ​ក្នុងការ​សិក្សា​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៣ មេសា​ថា ទំនប់​វា​រី​អគ្គិសនី​ទន្លេមេគង្គ​នៅ​ប្រទេស​ចិន​បាន​ទប់ទឹក​ទុក​យ៉ាងច្រើន នៅពេលដែល​ប្រទេស​នៅ​ខ្សែទឹក​ខាងក្រោម​មាន​គ្រោះរាំងស្ងួត​កាលពី​ឆ្នាំមុន  ទោះបីជា​ប្រទេស​ចិន​មាន​កម្រិត​ទឹក​ខ្ពស់ជាង​កម្រិត​មធ្យម​ក៏ដោយ​។ 

 
 
​រដ្ឋាភិបាល​ចិន​បាន​ជំទាស់​នឹង​ការរកឃើញ​នេះ ដោយ​និយាយថា  មាន​ភ្លៀង​តិច​កាលពី​ឆ្នាំមុន​នៅ​ផ្នែក​ទន្លេមេគង្គ​ខាងលើ ដែលមាន​ប្រវែង​៤.៣៥០​គីឡូម៉ែត្រ​ក្នុងប្រទេស​ចិន​។​
 
​ការរកឃើញ​របស់​ក្រុមហ៊ុន Eyes on Earth Inc ដែល​ផ្តល់​ការប្រឹក្សា ស្រាវជ្រាវ​ខាង​ធនធានទឹក​បានចេញ​ផ្សាយ​ការស្រាវជ្រាវ​នេះ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ ការរកឃើញ​នេះ​អាច​នាំ​ឲ្យ​មានការ​ពិភាក្សា​ស្មុគស្មាញ​រវាង​ចិន​និង​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ ស្តីពី​វិធី​គ្រប់គ្រង​ទឹកទន្លេ​។ ទន្លេមេគង្គ​ទ្រទ្រង់​ជីវភាព​ប្រជាជន​៦០​លាន​នាក់ ដោយ​ហូរ​កាត់​ប្រទេស​ឡាវ ភូមា ថៃ កម្ពុជា និង​វៀតណាម​។ ភាពរាំងស្ងួត​កាលពី​ឆ្នាំមុន​បាន​នាំ​ឲ្យ​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម​មាន​កម្ពស់​ទឹក​ទាប​បំផុត​ក្នុងពេល​ជាង​៥០​ឆ្នាំ​មកនេះ គឺ​ទឹក​ស្រក​ដល់​បាតទន្លេ  ហើយ​វា​បាន​ប៉ះពាល់​ដល់​ជីវភាព​កសិករ និង​អ្នកនេសាទ​។ ផ្ទុយទៅវិញ រូបភាព​ពី​ផ្កាយ​វិទ្យាសាស្ត្រ​បង្ហាញថា ក្នុង​ឆ្នាំ​២០១៩ តំបន់​សំណើម​នៅ​ខេត្ត​យូ​ណាន ប្រទេស​ចិន ដែល​ទន្លេមេគង្គ​ហូរ​កាត់ មាន​ទឹកភ្លៀង និង​ទឹកកក​រលាយ​ច្រើន​លើស​កម្រិត​មធ្យម​រវាង​ខែឧសភា និង​ខែតុលា​។​
 
​ប៉ុន្តែ​ការសិក្សា​បង្ហាញថា កម្រិត​ទឹកទន្លេ​មេគង្គ​នៅ​ផ្នែក​ខាងក្រោម​ប្រទេស​ចិន​តាម​បណ្តោយ​ព្រំដែន​ថៃ​ឡាវ​គឺ​ស្រក​រហូតដល់​ទៅ​៣​ម៉ែត្រ​ទាប​ជាង​ធម្មតា​។ 
 
​លោក Brian Eyler នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថ្លែងថា​៖
 
«​ប្រទេស​ចិន​បាន​ទប់ទឹក​ដ៏​ច្រើន​នៅ​ផ្នែក​ទន្លេមេគង្គ​របស់​ចិន ខណៈ​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​នេះ​រីងស្ងួត​»​។​
 
​ការសិក្សា​នេះ​បាន​ប្រើ​ទិន្នន័យ​ផ្កាយ​វិទ្យាសាស្ត្រ​តាម​បច្ចេកវិទ្យា​ទំនើប Special Sensor Microwave Imager/Sounder ដែល​ថត​ទឹកភ្លៀង និង​ទឹកកក​រលាយ​នៅ​ទន្លេមេគង្គ​ផ្នែក​ប្រទេស​ចិន ចាប់ពី​ឆ្នាំ​១៩៩២​ដល់​ចុងឆ្នាំ​២០១៩​។ បន្ទាប់មក​គេ​ប្រៀបធៀប​ទិន្នន័យ​នេះ​ជាមួយនឹង​តួលេខ​កម្រិត​ទឹកទន្លេ​របស់​គណៈកម្មាធិកា​រ​ទន្លេមេគង្គ នៅ​ស្ថានីយ៍​ជល​សាស្ត្រ​ឈាង សឿន ក្នុង​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ ដែលជា​ស្ថានីយ៍​នៅ​ជិត​ប្រទេស​ចិន ដើម្បី​បង្កើត​គំរូ​ព្យាករណ៍​កម្រិត​ទឹក​«​ធម្មជាតិ​»​របស់​ទន្លេមេគង្គ ដោយ​ផ្អែកលើ​កម្រិត​ទឹកភ្លៀង និង​ទឹកកក​រលាយ​។ 
 
​ទិន្ន័យ​ដំបូងៗ​ចាប់ពី​ឆ្នាំ​១៩៩២​បង្ហាញថា កម្ពស់​ទឹកទន្លេ​មេគង្គ​ជាទូទៅ​មិនសូវ​ខុសគ្នា​ទេ​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១២​មក  នៅពេលដែល​ប្រទេស​ចិន​មាន​ទំនប់​វា​រី​អគ្គិសនី​លើ​ទន្លេមេគង្គ កម្ពស់​ទឹកបាន​ចាប់ផ្តើម​មាន​ភាព​ខុសគ្នា​ជាច្រើន​ឆ្នាំ  ស្របពេល​ដែល​អាង​ស្តុក​ទឹក​របស់​ចិន​មានទឹក​ពេញ​នៅ​រដូវវស្សា និង​បញ្ចេញ​ទឹក​នៅ​រដូវប្រាំង​។ 
 
​លោក Eyler ថ្លែងថា​៖
 
«​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​មិនដឹងថា មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ខ្សែទឹក​ខាងលើ ឬក៏​មាន​អ្នក​មិន​និយាយ​ការណ៍​ពិត​អំពី​រឿងនេះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com