COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីរុស្ស៊ី ឆ្លង COVID-19 ហើយចុះចេញពីតំណែងបណ្ដោះអាសន្នដើម្បីព្យាបាល នាយករដ្ឋមន្រ្តីរុស្ស៊ី មីខាអ៊ីល មីហ៊ូស្ទូន ។ រូបភាព AFP
× នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីហ៊ូស្ទីន (Mikhail Mishustin) បានប្រកាសនៅថ្ងៃទី៣០ ខែមេសាថា លោកបានឆ្លងជំងឺ COVID-19 ហើយនឹងលាលែងពីតំណែងបណ្ដោះអាសន្នសិនដើម្បីព្យាបាលជំងឺនេះ។ លោក មីហ៊ូស្ទីន ជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីដំបូងគេដែលប្រកាសពីការឆ្លងជំងឺនេះ និងស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដែលឆ្លងកូរ៉ូណាវីរុសផងដែរ។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏ព្រមានថា មន្ត្រីឯទៀតក៏ប្រឈមមុខនឹងការឆ្លងដូចលោក មីហ៊ូស្ទីន ។
«ខ្ញុំរកឃើញថា ការធ្វើតេស្តរកកូរ៉ូណាវីរុសមានលទ្ធផលវិជ្ជមាន។» នាយករដ្ឋមន្ត្រីរុស្ស៊ី មីខាអ៊ីល មីហ៊ូស្ទីន ប្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បែបនេះក្នុងជំនួបតាមប្រព័ន្ធ Videoconference នៅថ្ងៃទី៣០ ខែមេសា។ លោក មីហ៊ូស្ទីន ក៏ប្រកាសលាលែងពីតំណែងបណ្ដោះអាសន្នសិន ដើម្បីព្យាបាលជំងឺតាមការណែនាំរបស់គ្រូពេទ្យ និងដើម្បីសុវត្ថិភាពសហការីរបស់លោក។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក មីហ៊ូស្ទីន បានស្នើយកឧបនាយករដ្ឋមន្ត្រីទីមួយ លោក អាន់ដ្រេ បេលូសូវ (Andrei Belousov) ឲ្យកាន់ការងារជំនួសលោកសិន។ លោក ពូទីន បានយល់ព្រមតាមសំណើនេះ និងបានចេញក្រឹត្យបន្ទាន់មួយតែងតាំងលោក បេលូសូវ ឲ្យដឹកនាំការងាររដ្ឋាភិបាលបណ្ដោះអាសន្ន។ ទោះសម្រាកព្យាបាលជំងឺក្ដី លោក មីហ៊ូស្ទីន បញ្ជាក់ថា លោកបន្តតាមដានការងាររដ្ឋាភិបាល និងទាក់ទងមន្ត្រីនានាដដែល។
លោក មីហ៊ូស្ទីន ដែលត្រូវបានលោក ពូទីន តែងតាំងនាយករដ្ឋមន្ត្រីកាលពីខែមករា ជាមន្ត្រីជាន់ខ្ពស់ផ្នែកការឆ្លើយតបនឹងជំងឺ COVID-19 ហើយក៏ជាមន្ត្រីថ្នាក់កំពូលដំបូងគេដែលប្រកាសព័ត៌មានគួរឲ្យភ្ញាក់ផ្អើលដែលកើតលើរូបលោកដែរ។ នៅពេលប្រកាសពីស្ថានភាពសុខភាពខ្លួនឯងនោះ ចំនួនអ្នកឆ្លង COVID-19 នៅរុស្ស៊ីកើនលើសមួយសែននាក់ទៅហើយដែរ។
លោកប្រធានាធិបតី ពូទីន វិញ បានអះអាងថា ការសម្រេចចិត្តសំខាន់ៗ នឹងត្រូវការយោបល់លោក មីហ៊ូស្ទីន ដដែលអំឡុងពេលនេះ។ លោកបានជូនពរមន្ត្រីកំពូលរបស់ខ្លួនឲ្យឆាប់សះស្បើយ និងប្រាប់ឲ្យលោក មីហ៊ូស្ទីន ហៅទូរសព្ទទៅលោកពេលទៅដល់មន្ទីរពេទ្យទៀតផង។ ប៉ុន្តែមេដឹកនាំរុស្ស៊ីរូបនេះ ក៏ឆ្លៀតព្រមានក្រុមមន្ត្រីឯទៀតថា ជំងឺ COVID-19 អាចឆ្លងលើមនុស្សគ្នាទាំងអស់៕
Tag:
រុស្ស៊ី
COVID-19
Mikhail Mishustin
© រក្សាសិទ្ធិដោយ thmeythmey.com