ជាតិ
ទិវា​ពលកម្ម​ឆ្នាំនេះ ប្រព្រឹត្តទៅ​ក្រោមរូបភាព សម្រាក​នៅផ្ទះ ខណៈ​កម្មករ​ជាង​១៤​ម៉ឺន​នាក់​កំពុង​គ្មាន​ការងារ​
01, May 2020 , 9:29 pm        
រូបភាព
កម្មករធ្វើដំណើរចេញពីរោងចក្រតាមរថយន្តដឹកកម្មកររួម (ThmeyThmey )
កម្មករធ្វើដំណើរចេញពីរោងចក្រតាមរថយន្តដឹកកម្មកររួម (ThmeyThmey )
​ភ្នំពេញ​៖ ទិវា​ពលកម្ម​ឆ្នាំនេះ គឺ​ប្រព្រឹត្ត​ក្រោមរូបភាព សម្រាក​នៅផ្ទះ គឺ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នា​ដែរ ក៏​លេច​រូបភាព​និង​បញ្ហា​ប្រឈម​ជាច្រើន​ចំពោះ​កម្មករ ពោលគឺ​ការបាត់បង់​ការងារ​ជាង​១៤​ម៉ឺន​នាក់ រួមទាំង​ពលរដ្ឋ​អ្នកធ្វើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កំពុង​រង​ផលប៉ះពាល់​ចំពោះ​ការរកចំណូល​ប្រចាំថ្ងៃ​ប្រមាណ​២​លាន​នាក់​។ 


 
​នៅ​ឆ្នាំនេះ សម្ដេច ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ ឱ្យ​ក្រសួង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រឹះស្ថាន​អង្គការ និង​កម្មករនិយោជិត​ត្រូវ​រៀបចំ ទិវា​ពលកម្ម​នេះ ក្រោមរូបភាព​សម្រាក​នៅ​ផ្ទះ​។ ចំណែក​មេ​សហជីព​ប្រមាណ​១០​នាក់​នៅ​ព្រឹក​ថ្ងៃទី​១០ មេសា​នេះ បានធ្វើការ​ជួបជុំគ្នា ដើម្បី​ផ្សាយ​លើ​បណ្ដាញ​សង្គម ដើម្បីឱ្យ​កម្មករ​បាន​ទស្សនា​និង​លើកកម្ពស់​សិទ្ធិ​ការងារ​។ ជាមួយគ្នា​ដែរ ក្រុម​សហជីព ក៏​នឹង​យក​ញត្តិ​ទៅ​ដាក់ ដាក់ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​រាល់​ឆ្នាំ​ដដែល ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​-​កម្មការិនី​។ 
 
​កម្មករនិយោជិត​វិស័យ​កាត់ដេរ​នៅ​កម្ពុជា មាន​ជាង​១០​ម៉ឺន​នាក់ ដែល​រង​ផលប៉ះពាល់​ការងារ ដោយសារ​រោងចក្រ​ជាង​១៣០ បាន​ព្យួរការងារ ព្រោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ភាគច្រើន​នៃ​រោងចក្រ​ដែល​ព្យួរការងារ គឺមាន​បំណង​ចង់​បិទទ្វារ​រោងចក្រ​តែម្ដង ប៉ុន្តែ​ដោយសារ​មានការ​ពិភាក្សា​ពី​រដ្ឋាភិបាល ទើប​ម្ចាស់​រោងចក្រ​សម្រេច ព្យួរការងារ​និង​ផ្ដល់​អ​ន្ថ​ប្រយោជន៍​ខ្លះ​ដល់ក​ម្មករ​។  
 
​ចំពោះ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​ផ្អាក​ដំណើរការ​និង​បញ្ចាក់​អាជីវកម្ម ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​ជាង​២៨០០​ទីតាំង ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​បុគ្គលិក​ជាង​៤,៦​ម៉ឺន​នាក់​។ ការបិទទ្វារ​អាជីវក​ម្ម​នេះ ស្មើ​ជិត​៣០​ភាគរយ បើ​ធៀប​នឹង​អាជីវកម្ម​ទេសចរ​ណ៍ស​រុ​ប​ជាង​៩៦០០​ទីតាំង ក្នុងនោះ​មាន​សណ្ឋាគារ ផ្ទះសំណាក់ ភោ​ជនី​ដ្ឋា​ន ខារ៉ាអូខេ ម៉ាស្សា ស្ប៉ា​...​ជាដើម​។ នេះ​បើតាម​បើតាម​របាយការណ៍​ក្រសួងទេសចរណ៍​។ 
 
​រីឯ អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ​ប្រមាណ​២​លាន​នាក់ ពោលគឺ​អ្នកធ្វើ​ការដែល​គ្មាន​ថៅកែ​គ្រប់គ្រង ដូចជា​អាជីវករ​លក់ដូរ​តាម​ដងផ្លូវ អ្នករត់​ម៉ូតូ រ៉ឺម៉ក ឡាន កំពុង​រង​ផលប៉ះពាល់​ពី​ការរកចំណូល​ប្រចាំថ្ងៃ​។ មេ​សហជីព​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១ ឧសភា នេះ​ថា​៖ «​កម្មករ​ធ្វើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រហែល​២​លាន​នាក់ កំពុង​រង​ផលប៉ះពាល់​ពី​ការរកចំណូល​ប្រចាំថ្ងៃ ដោយ​ធ្លាក់ចុះ​ជាង​៦០​ទៅ​៧០​ភាព​រយ​»​។ លោក វន់ ពៅ បន្ថែមថា បញ្ហា​ប្រឈម​របស់​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ គឺ​សេដ្ឋកិច្ច​គ្រួសារ​ខ្វះ​ស្បៀងអាហារ បំណុល​ធនាគារ និង​ប្រឈម​នឹង​ការឆ្លង​ជំងឺ​ខ្ពស់​ដោយសារ​គ្មាន​ម៉ាស់ ទឹក​អាល់កុល​ជាដើម​។ 
 
​ដោយឡែក ពលករ​ត្រឡប់​ពី​ក្រៅប្រទេស​នៅមុន​ចូលឆ្នាំ​ខ្មែរ មាន​ជាង​៨​ម៉ឺន​នាក់ ត្រូវបាន​ហាមឃាត់​មិនឱ្យ​ត្រឡប់​ទៅ​ក្រៅប្រទេស ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩៕ 

អត្ថបទទាក់ទង
 

Tag:
 កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com