COVID-19
អន្តរជាតិ
ទោះ​ផ្ដើម​បន្ធូរ​ការបិទ​ប្រទេស ថៃ​បន្ត​ហាម​លក់​គ្រឿង​ស្រវឹង​ដល់​ចុងខែ​
01, May 2020 , 9:59 pm        
រូបភាព
ប្រភពរូប៖ thethaiger
ប្រភពរូប៖ thethaiger
ដោយ:
​ការបន្ធូរបន្ថយ​ការ​រឹតបន្ដឹង​ដើម្បី​ទប់ស្កាត់​COVID-19 ដំណាក់កាល​ទី​១ នឹង​ចូល​ជាធរ​មាននៅ​ទូទាំងប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​៣ ខែឧសភា ហើយនឹង​ប្រើពេល​២​សប្តាហ៍​ក្នុងការ​វាយតម្លៃថា​អាច​បន្តទៅ​ដំណាក់កាល​បន្ទាប់​ទៀត​ឬ​យ៉ាងណា​នោះ​។ ទោះបីជា​ផ្ដើម​សម្រាល​ការ​រឹតត្បិត​មួយផ្នែក បម្រាម​លក់​គ្រឿង​ស្រវឹង​នៅ​ទូទាំងប្រទេស ដែល​បាន​អស់​សុពលភាព​កាលពី​ថ្ងៃទី​៣០ ខែមេសា ត្រូវបាន​ពន្យារ​បន្តរ​ហូត​ដល់​ថ្ងៃទី​៣១ ខែឧសភា​ខាងមុខ​។

 
​ការដកហូត​ចំណាត់​ការបិទ​ប្រទេស​ដោយ​ផ្នែក​ក្នុងប្រទេស​ថៃ គឺ​រួមបញ្ចូល​សកម្មភាព និង​អាជីវកម្ម​ចំនួន​៦​យ៉ាង ដូចជា​ផ្សារ​, កន្លែង​ញាំ​អាហារ​, កន្លែង​លក់រាយ​, សកម្មភាព​កីឡា និង​កម្សាន្ត​, ហាង​អ៊ុតសក់ កាត់សក់ កន្លែង​កាត់​រោមសត្វ និង សកម្មភាព​អាជីវកម្ម​មួយចំនួន​។ អាជីវកម្ម​និង​សកម្មភាព​ទាំងអស់នេះ នឹង​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ធម្មតា​វិញ ចាប់ពី​ថ្ងៃទី​៣ ខែឧសភា​តទៅ​។ 
 
​បើតាម​អ្នកនាំពាក្យ​មជ្ឍមណ្ឌល​គ្រប់គ្រង​ស្ថានភាព COVID-19 ថៃ លោក Taweesilp Visanuyothin ខណៈ​សកម្មភាព​ទាំងនេះ ត្រូវបាន​អនុញ្ញាត ពលរដ្ឋ​និង​ម្ចាស់​អាជីវកម្មរ ត្រូវតែ​អនុវត្ត​វិធានការ​គ្រប់គ្រង​ជំងឺ ដូចជា ការសម្អាត ប្រើប្រាស់​ម៉ាស់​ការពារ និង​រក្សា​គម្លាត​សុវត្ថិភាព​ជាដើម​។ យ៉ាងណាមិញ បើ​ករណី​COVID-19​ថ្មី ផ្ដើម​ស្ទុះ​ឡើងវិញ ការបន្ធូរបន្ថយ​នឹងត្រូវ​ទុកជាមោឃ​។ នេះ​បើតាម​កាសែត បាងកក​ប៉ុស្តិ៍​។​
 
​លោក Taweesilp បញ្ជាក់ទៀតថា ការវាយតម្លៃ​លើ​ការបន្ធូរបន្ថយ​ការ​រឹតបន្ដឹង​ដំណាក់​កាលពី​១ នឹងត្រូវ​ការ​ពេល​១៤​ថ្ងៃ​។ ហើយ​ប្រសិនបើ​ករណី​ឆ្លង​COVID-19 ប្រចាំថ្ងៃ បន្ត​ធ្លាក់ចុះ​ក្នុង​ពេលនេះ ការបន្ធូរបន្ថយ​កាន់តែច្រើន​ទៀត នឹងត្រូវ​ធ្វើឡើង​។ បើតាម​លោកអ្នក​នាំពាក្យ​រូបនេះ រដ្ឋាភិបាល​បានដាក់​ថេរវេលា​២​ខែ​ដែល​ចែកជា​៤​ដំណាក់កាល​ដើម្បី​សម្រួលការ​រឹតត្បិត​គ្រប់​គ្រង់​COVID-19 មុននឹង​សម្រេចចិត្ត​បើក​ប្រទេស​ទាំងស្រុង​ឡើងវិញ​។ 
 
​ដោយឡែក បទបញ្ជា​ហាម​លក់​គ្រឿង​ស្រវឹង​នៅ​ទូទាំងប្រទេស​ថៃ ត្រូវបាន​រដ្ឋាភិបាល​ព​ន្យា​រ​ពេល​រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ដែល​ថ្ងៃ​សុពលភាព​ចាស់​គឺ​នៅ​ថ្ងៃទី​៣០ ខែមេសា​កន្លងទៅ​។ ទាក់ទិន​ការពន្យារ​នេះ លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួងមហាផ្ទៃ​ថៃ លោក Chatchai Promlert បាន​លើកឡើងថា បម្រាម​លក់​គ្រឿង​ស្រវឹង គឺជា​ចំណាត់ការ​រាំងខ្ទប់ COVID-19 មួយ ដែល​បាន​ពន្យារ​តាម​បញ្ជា​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង់​ស្ថានភាព COVID-19 ថៃ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១ ខែឧសភា ប្រទេស​ថៃ​មាន​ករណី​ឆ្លង​COVID-19​សរុប ២៩៦០​ករណី ខណៈ​អ្នក​ស្លាប់មាន​៥៤​នាក់​។ អ្នកជា​សះស្បើយ​មាន​២៧១៩​នាក់ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន​៦១​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន COVID-19 នៅ​ទូទាំង​ពិភពលោក​៕

Tag:
 ថៃ​
  គ្រឿង​ស្រវឹង​
  COVID-19
  បិទ​ប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com