ក្លិប Liverpool បានបង្ហាញការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីអភិបាលក្រុងលីវើភូលនិយាយថា Premier League រដូវកាលនេះមិនគួរចាប់ផ្តើមឡើងវិញទេ បើទោះបីជាមានការប្រកួតបិទទ្វារក៏ដោយ។ លោកអភិបាលក្រុងបានសង្កត់ធ្ងន់ថា ហានិភ័យនៃការឆ្លង COVID-19 នឹងកាន់តែមានខ្ពស់ ដ្បិតអ្នកគាំទ្រនឹងប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន Anfield អំឡុងពេលប្រកួត។
ក្រុមរហស្សនាមហង្សក្រហមមានពិន្ទុនាំមុខគេដាច់ក្នុងតារាងលីគកំពូលអង់គ្លេស ដោយលើសក្រុមលេខពីរ Manchester City ដល់ទៅ២៥ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត២៩លើករួចមក។ ក្នុងចំណោម៩ប្រកួតដែលនៅសល់ដើម្បីបញ្ចប់រដូវកាល ២០១៩-២០នេះ Liverpool ត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពានលីគកំពូលនេះតែម្តង ក្រោយអាក់ខានឈ្នះ៣០ឆ្នាំមកហើយនោះ។
បន្ទាប់ពីការប្រកាសផ្អាកការប្រកួតបណ្តោះអាសន្នតាំងពីថ្ងៃទី១៣ ខែមីនាដោយសារវិបត្តិ COVID-19 មក នៅពេលនេះក្លិបនៅ Premier League ទាំងអស់គ្រោងនឹងជួបគ្នានៅថ្ងៃទី១ ខែឧសភានេះដើម្បីពិភាក្សាគ្នាពីវិធីសាស្ត្រក្នុងការបញ្ចប់រដូវកាល ហើយក៏មានក្រុមខ្លះបានបើកការហ្វឹកហាត់រួចហើយដែរ។
លោក Joe Anderson អភិបាលក្រុង Liverpool នៅថ្ងៃទី៣០ ខែមេសាបានប្រាប់ BBC ថាសុខភាព និងសុវត្ថិភាពគឺជាចំនុចសំខាន់ ហើយអ្វីដែលល្អបំផុតនោះគឺត្រូវប្រកាសបញ្ចប់រដូវកាលនេះ ដោយប្រគល់ពានទៅឲ្យ Liverpool ក្នុងនាមក្រុមដែលសមជាជើងឯកលីគកំពូលអង់គ្លេស។
លោក Anderson ដែលជាអ្នកគាំទ្រក្រុម Everton នោះលើកឡើងថា៖ «ទោះបីជាការប្រកួតត្រូវបិទទ្វារក៏ដោយ ក៏នឹងមានមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅក្រៅកីឡដ្ឋាន Anfield ដែរ។ មិនមានមនុស្សច្រើនទេដែលនឹងគោរពអ្វីដែលយើងបានហាមដោយឲ្យនៅឆ្ងាយកីឡដ្ឋាន ឬគម្លាតសុវត្តិភាពនោះ។ ពួកគេនឹងមកអបអរមិនខាន ដូច្នេះខ្ញុំគិតថាវាមិនគួរឲ្យមានការចាប់ផ្តើមទេ»។
ជុំវិញការលើកឡើងរបស់លោក Anderson បែបនេះ ខាងភាគីក្លិប Liverpool បានឆ្លើយតបតាមរយៈសេចក្តីថ្លែងការណ៍មួយថាសម្តីរបស់អភិបាលក្រុង Liverpoo រូបនេះគឺ «ខ្វះភស្តុតាងដើម្បីគាំទ្រការអះអាងបែបនេះ»។
ក្លិបបន្ថែមទៀតថា៖«ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ យើងបានភ្ជាប់ទំនាក់ទំនងជាមួយក្រុមអ្នកគាំទ្រដែលពួកគេបានជូនដំណឹងដល់ពួកយើងអំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពវិធានការគម្លាតសុវត្តិភាព។ បើសិនលីគកីឡាបាល់ទាត់ក្នុងស្រុកប្រកាសបន្តដំណើរការឡើងវិញនោះ យើងនឹងធ្វើការជាមួយពួកគេ និងអ្នកពាក់ព័ន្ធសំខាន់ៗដទៃទៀតក្នុងការរក្សាសណ្តាប់ធ្នាប់ ឬគម្លាតសុវត្តិភាពដើម្បីសម្រេចគោលបំណង [លើកពាន] សំខាន់នេះ»។
លោក Mark Roberts ដែលជាអ្នកដឹកនាំក្រុមប៉ូលីសកីឡាបាល់ទាត់បានអះអាងដែរថា ក្រុមប៉ូលីសចង់ឲ្យមានការលុបចោលរដូវកាលដែលនៅសេសសល់តែម្តងប្រសិនបើអ្នកគាំទ្រមិនគោរពគោលការណ៍ណែនាំពីការឃ្លាតសុវត្តិភាពនៅពេលការប្រកួតត្រឡប់មកវិញ៕