COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Aguero៖ កីឡាករ​នៅ Premier League ភាគច្រើន​ខ្លាច COVID-19 ពេល​លី​គ​ត្រឡប់មកវិញ​
01, May 2020 , 11:59 pm        
រូបភាព
Sergio Aguero ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Manchester City ជឿជាក់ថា​កីឡាករ​ភាគច្រើន​មានការ​ភ័យ​បារម្ភ​នៅពេល​ក្របខណ្ឌ Premier League វិលត្រឡប់​មកវិញ​អំឡុងពេល​ជំងឺ COVID-19 កំពុង​រាតត្បាត​។​


 
​លី​គ​កីឡាបាល់ទាត់​កំពូល​អង់គ្លេស​ទំនងជា​អាច​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ដើមខែ​មិថុនា បន្ទាប់ពី​ប្រកាស​ផ្អាក​កាលពី​ថ្ងៃទី​១៣ ខែមីនា​។ លទ្ធភាព​ដែល​អង់គ្លេស ចាប់ផ្ដើម​នៅមាន ស្រប​ពេលដែល​ស្ថានការណ៍ COVID-19 ហាក់​ធូរស្រាល​បន្តិច​។  កិច្ចប្រជុំ​ដើម្បី​រក​វិធីសាស្ត្រ​ឲ្យ​មានការ​ប្រកួត​ឡើងវិញ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១ ខែឧសភា​នេះ​។​
 
​យ៉ាងណាក៏ដោយ Aguero ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​មើលឃើញថា កីឡាករ​ដែល​ប្រកប​អាជីព​នៅ Premier League ភាគច្រើន​មានការ​ភ័យខ្លាច​ចំពេល​មាន​វិបត្តិ COVID-19 ដែល​នាំ​ឲ្យ​មាន​អ្នកស្លាប់​ជាង ២៣​ម៉ឺន​នាក់​នៅ​ជុំវិញ​ពិភពលោក និង​ឆ្លង​លើសពី​៣​លាន​ករណី​មកទល់ពេលនេះ​។​
 
Aguero បាន​ប្រាប់​ទូរទស្សន៍ El Chiringuito ថា កីឡាករ​ភាគច្រើន​ភ័យខ្លាច COVID-19 ដោយសារតែ​ពួកគេ​មានគ្រួសារ និង​មានកូន​ដ៏​គួរ​ឲ្យ​ស្រឡាញ់​។​
 
«​នៅពេល​យើង​ត្រឡប់​ទៅ​ការប្រកួត​វិញ ខ្ញុំ​ស្រមៃ​ថា យើង​នឹង​តឹងតែង​ណាស់ យើង​នឹង​ប្រុងប្រយ័ត្ន​ហើយ​នៅពេល​មាន​នរណាម្នាក់​ឈឺ​អ្នកនឹង​គិតថា តើ​មាន​អ្វី​កើតឡើង​នៅ​ទីនោះ​? វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យខ្លាច​ណាស់​»​។ នេះ​ជាការ​រៀបរាប់​របស់​ខ្សែប្រយុទ្ធ Man City ប៉ុន្តែ​រូបគេ​ក៏​អះអាង​ដែរ​ថា មាន​កីឡាករ​ខ្លះទៀត​ក៏​ពួកគេ​មិន​ព្រួយបារម្ភ​អំពី​ជ​ងឺ​នេះ​ទេ ហើយ​ចង់​ឲ្យ​មានការ​ប្រកួត​វិល​មកវិញ​ឆាប់ៗ​ទៀតផង​។​
 
​ចក្រភព​អង់គ្លេស ក៏​ជា​តំបន់​រងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺឆ្លង​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ​ផងដែរ ដោយ​គិត​ត្រឹម​ថ្ងៃទី​១ ខែឧសភា​នេះ​មាន​ករណី​ឆ្លង​ជាង​១៧​ម៉ឺន​នាក់ ក្នុងនោះ​អ្នកស្លាប់​លើសពី ២៦០០០ នាក់​។​
 
​ក្រុម​ម្ចាស់​ជើងឯក​រដូវ​កាល​មុន Man City បាន​ដេញតាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំនួន ២៥​ពិន្ទុ មុនពេល​ក្របខណ្ឌ Premier League ត្រូវ​សម្រេច​ឲ្យ​ផ្អាក​ដោយសារតែ​ជំងឺ​រាតត្បាត​សកល COVID-19 នេះ​៕

Tag:
 COVID-19
  Sergio Aguero
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com