COVID-19
អន្តរជាតិ
ស្ថាប័ន​ជំនាញ​អាមេរិក​ព្រួយបារម្ភ​ករណី​ក្មេងៗ​យក​ទឹក​លាងដៃ​ទៅ​ផឹក​
02, May 2020 , 8:29 am        
រូបភាព
ដោយ:
​រដ្ឋបាល​ចំណីអាហារ និង​ថ្នាំ​សហរដ្ឋអាមេរិក (FDA) កាលពីពេល​ថ្មីៗ​កន្លងទៅនេះ  បានស្នើ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទឹក​លាងដៃ (hand sanitizer) ដាក់​បន្ថែម​អាល់កុល​ក្នុង​ផលិតផល​ពួកគេ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ទឹក​លាងដៃ​ទាំងនេះ​ពិបាក​នឹង​ទទួលទាន​។ ការស្នើ​បែបនេះ គឺ​ដើម្បី​បញ្ឈប់​ពលរដ្ឋ​អាមេរិក ជាពិសេស កុមារ​តូចៗ ផឹកទឹក​លាងដៃ​នេះ ដែល​គេ​ជឿថា «​ព្យាបាល COVID-19»​។

 
«​ទឹក​លាងដៃ ពុំមាន​ការបញ្ជា​ក់ថា អាច​ព្យាបាល COVID-19 នោះឡើយ ហើយ​ដូច​ទៅនឹង​ផលិតផល​ផ្សេងទៀត​ដែរ វា​ពុំមែន​សម្រាប់​ទទួលទាន ស្រូប​ចូល ឬ​ចាក់​ចូល​សរសៃឈាម​ឡើយ​»​។ ស្នងការ FDA លោក Stephen Hahn បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Hahn សង្កត់ធ្ងន់ថា ការបន្ថែម​អាល់កុល​មួយបែប​ក្នុង​ទឹក​លាងដៃ នឹង​ផ្ដល់នូវ​រសជាតិ​ល្វីង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ទឹក​នេះ​ពិបាក​នឹង​បរិភោគ​។ 
 
​ទីភ្នាក់ងារ​អាមេរិក​នេះ ក៏បានផ្ដល់​អនុសាសន៍​ថា ផលិតផល​ទឹក​លាងដៃ​ទាំងនេះ គួរ​ជូនដំណឹង​បែប​ព្រមាន​ចំពោះ​សុវត្ថិភាព​កុមារ​តូចៗ និង​ព័ត៌មាន​ផ្នែក​វេជ្ជសាស្ត្រ​នៅពេល​មនុស្ស​ទទួល​វា​ដោយ​ចៃដន្យ​។ 
 
​សំណើ​របស់​រដ្ឋបាល​ចំណីអាហារ និង​ថ្នាំ​សហរដ្ឋអាមេរិក​នេះ ធ្វើឡើង​ក្រោយពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ថ្មីៗ​នេះ បាន​លើកឡើងថា តើ​ការចាក់​ថ្នាំ​សម្លាប់​មេរោគ អាច​ព្យាបាល​ជំងឺ COVID-19 បាន ឬ​យ៉ាងណា​នោះ​។ ការណ៍​នេះ បាន​បង្ក​ជា​ក្តីកង្វល់ ថា​មនុស្ស​អាច​បំពុល​ខ្លួនឯង ជាមួយ​ការព្យាបាល​ដែល​គ្មាន​ការសាកល្បង​ច្បាស់លាស់​បែបនេះ​។ 
 
​តម្រូវការ​សម្រាប់​ទឹក​លាងដៃ​គ្រប់​ប្រភេទ បាន​ហក់​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​និង​ភ្នាក់ងារ​សុខាភិបាល​បាន​ទទូច​ឲ្យ​ពលរដ្ឋ​សម្អាត​ដៃ​ពួកគេ​ឲ្យ​ញឹកញាប់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល COVID-19 ដែល​សម្លាប់​មនុស្ស​៥១០០០​នាក់​ហើយ​ក្នុង​សហរដ្ឋអាមេរិក​៕

Tag:
 ​សហរដ្ឋអាមេរិក​
  COVID-19
  ទឹក​លាងដៃ
© រក្សាសិទ្ធិដោយ thmeythmey.com