ភ្នំពេញ៖ ជាគ្រឹះស្ថានរដ្ឋដ៏ធំតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះផ្នែកសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ បណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងផ្នែកសិល្បៈអត្តសញ្ញាណជាតិ ក៏ដូចជាសីលធម៌ក្នុងការរស់នៅ ទៅដល់ពន្លកទំពាំង។ មានបង្រៀនសិល្បៈច្រើនជំនាញ គ្រឹះស្ថានមធ្យមសិក្សាវិចិត្រសិល្បៈ មាន៥សាលាធំៗនៅក្នុងនោះ រួមមាន សាលារបាំ សាលាតូរ្យតន្ត្រី សាលាសៀក សាលាសូនរូប និងសាលាល្ខោន។ នៅក្នុងសាលានីមួយៗ មានបែងចែកជាជំនាញច្រើនទៀត។
សំណង់អគារពណ៌ក្រហមចាស់ ដែលសង់ទទឹងថ្ងៃខ្លះនិងបណ្ដោយថ្ងៃខ្លះ រំលេចរចនាប័ទ្មខ្មែរបុរាណ បានឈរបង្អួតសម្រស់នៅចន្លោះដើមផ្កាត្របែកព្រៃ ដែលមានផ្កាពណ៌ស្វាយលាយស លម្អដោយដើមឈើដទៃជាច្រើនទៀត លើផ្ទៃដី ៣៩,៦២៨ ម៉ែត្រក្រឡា ដ៏ធំល្វឹងល្វើយ។ សំណង់ដែលសរុបមានចំនួន២៤អគារ រួមបញ្ចូលទាំងបណ្ណាល័យ និងរោងមហោស្រពផងនោះ គឺជាគ្រឹះស្ថានរបស់សាលាមធ្យមវិចិត្រសិល្បៈ។
ស្ថិតក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សាលាមធ្យមវិចិត្រសិល្បៈ បានបណ្ដុះបណ្ដាលសិស្ស១៦ជំនាន់រួចមកហើយ ដែលបានបញ្ចប់ស្នាតកបត្រសិល្បៈសរុប១,៤០៤នាក់ ស្រី ៥៤១នាក់ ក្នុងឆ្នាំសិក្សា២០០៤ដល់២០១៩។
អង្គុយក្នុងបន្ទប់ទីចាត់ការ លោក សាន ផល្លា នាយកស្ដីទីសាលាមធ្យមវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា ដោយសារតែសាលាមធ្យមវិចិត្រសិល្បៈ មានបង្រៀនជំនាញសិល្បៈច្រើន ដូច្នេះចាំបាច់ត្រូវបែងចែកជាសាលា៥ផ្សេងគ្នា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងបង្រៀនទៅតាមជំនាញទាំងនោះ។ សាលាទាំង៥នោះរួមមាន សាលារបាំ សាលាតូរ្យតន្ត្រី សាលាសៀក សាលាសូនរូប និងសាលាល្ខោន។
ក្នុងសាលានីមួយៗ មានបែងចែកជាជំនាញច្រើនទៀតដូចជា សាលារបាំ មាន៣ជំនាញគឺ របាំបុរាណ របាំប្រពៃណី និងល្ខោនខោល ។ ចំណែកសាលាសូនរូប មានឯកទេសធំៗ២ គឺគំនូរ និងចម្លាក់។ ចំពោះឯកទេសគំនូរ មានបែងចែកជាគំនូរវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ ផ្នែកលម្អរលើកំណាត់(សំពត់) ហើយនឹងដេរប៉ាក់។ ចំណែកចម្លាក់វិញ ចែកចេញជា ចម្លាក់ពុម្ព កុលាលភាជន៍ ចម្លាក់ឈើ ចម្លាក់ប្រាក់ ឬចម្លាក់ស្ពាន់ ចម្លាក់ស្មិត នឹងចម្លាក់ខ្មុក។
សាលាតូរ្យតន្ត្រី មានឯកទេស២ធំៗគឺ ភ្លេង និងចម្រៀង។ ភ្លេង ចែកចេញជាភ្លេងបុរាណ ឬភ្លេងប្រពៃណី និងភ្លេងសម័យ។ ភ្លេងបុរាណ ឬភ្លេងប្រពៃណី មានភ្លេងពិណពាទ្យ ភ្លេងមហោរី ភ្លេងអាយ៉ៃ។ ចំណែកចម្រៀងមាន៤ឯកទេស មានចម្រៀងបុរាណ ចម្រៀងអាយ៉ៃ ចម្រៀងមហោរី និងចម្រៀងសម័យ។ ចម្រៀងសម័យ មានចម្រៀងជាពួក ចម្រៀងទោល និងចម្រៀងឆ្លងឆ្លើយ។
សាលាល្ខោន មាន៣ជំនាញធំៗគឺ ល្ខោនយីកេ ល្ខោនបាសាក់ និងល្ខោននិយាយ។ សាលាសៀក មានច្រើនជំនាញ មានជំនាញអាក្រូបាត ជំនាញលំនឹង ជំនាញត្រេស ជំនាញកាយសម្ព័ន ជំនាញអត្តពលកម្ម និងជំនាញរហ័សសកម្ម។
បើតាមការសង្កេតរបស់លោកនាយកស្ដីទី សាន ផល្លា ក្នុងចំណោមសាលាទាំង៥ មានតែសាលារបាំតែប៉ុណ្ណោះដែលមានសិស្សរៀនច្រើនជាងគេ បន្ទាប់មកសាលាភ្លេង ព្រោះជំនាញទាំងនេះមានទីផ្សារការងារច្រើន។ ចំណែកសាលាដែលមានសិស្សរៀនតិចជាងគេ គឺសាលាសៀក បន្ទាប់មកសាលាល្ខោន។
លោក សាន ផល្លា ពន្យល់បន្ថែមដូច្នេះ៖«ខាងរបាំគាត់មានការសម្ដែងច្រើន ទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ។ ក្រៅពីនោះនៅតាមអង្គការឬស្ថានប័ននានាក៏គេអញ្ជើញទៅសម្ដែងច្រើន។ ចំណែកភ្លេងក៏មានទីផ្សារច្រើនគួរសមដែរ។ តែបើខាងសៀកវិញ រៀនចប់ហើយគ្នាពិបាកនឹងរកការងារធ្វើណាស់។ បើនៅប្រទេសដែលរដ្ឋគេមានលទ្ធភាព គេជួយជ្រោមជ្រែងក្រុមសិស្សដែលងាយប្រឈមបែបនេះ»។
ការបណ្ដុះបណ្ដាលនៅក្នុងសាលាមធ្យមវិចិត្រសិល្បៈ ដែលបង្រៀនដោយមិនគិតថ្លៃ និងមានកន្លែងសម្រាប់ឱ្យសិស្សមកពីតាមបណ្ដាខេត្តស្នាក់នៅនេះ ដូចគ្នាទៅនឹងសាលារដ្ឋដទៃទៀតដែរ គ្រាន់តែសាលានេះមានបន្ថែមការបង្រៀនឯកទេសសិល្បៈប៉ុណ្ណោះ។ សិស្សដែលរៀននៅក្នុងសាលាមធ្យមវិចិត្រសិល្បៈ ទំនងជាត្រូវនឿយហត់ជាងសិស្សដែលរៀននៅតាមសាលារដ្ឋធម្មតា ព្រោះពួកគេត្រូវរៀនសិល្បៈនៅពេលព្រឹក និងរៀនចំណេះដឹងទូទៅនៅពេលថ្ងៃ។ ការប្រឡងក៏ដូចគ្នាដែរ ពួកគេត្រូវប្រឡងស្នាដៃសិល្បៈ បន្ថែមលើចំណេះដឹងទូទៅ។
បើតាមលោក សាន ផល្លា សិស្សដែលរៀននៅក្នុងសាលាមធ្យមវិចិត្រសិល្បៈ ភាគច្រើនមកពីតាមបណ្ដាខេត្ត និងមានជីវភាពខ្វះខាត។ ទោះជាយ៉ាងណា លោកនាយកស្ដីទី ដែលពាក់អាវសនិងមានបង់កក្រមារូបនេះ ថាសិស្សទាំងនោះ បានចូលរួមលើកមុខមាត់ប្រទេស តាមរយៈការសម្តែងសិល្បៈ លើឆាកជាតិ និងអន្តរជាតិ។ ជាងនោះទៅទៀតពួកគេបានជួយអភិរក្ស និងថែរក្សា សិល្បៈវប្បធម៌ជាតិយ៉ាងសកម្ម។
ភ្ជាប់ជាមួយគ្នានេះលោក សាន ផល្លា ក៏បានលើកពីគុណសម្បត្តិរបស់សិល្បៈយ៉ាងដូច្នេះ៖«សិល្បៈជាអត្តសញ្ញាណជាតិ សិល្បៈជាឱសថ ព្យាបាលជំងឺផ្លូវចិត្តរបស់មនុស្ស ធ្វើឱ្យមនុស្សសប្បាយចិត្ត។ សិល្បៈនាំមកនូវសន្តិភាព សិល្បៈធ្វើឱ្យមានទំនាក់ទំនងល្អ រវាងប្រទេសមួយទៅប្រទេសមួយទៀត និងពីសហគមន៍មួយទៅសហគមន៍មួយទៀត។ សិល្បៈជួយអប់រំកិរិយាមាយាទមនុស្ស ឱ្យមានភាពថ្លៃថ្នូរ»។
សាលាមធ្យមវិចិត្រសិល្បៈ ដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាលសិល្បៈថ្នាក់ជាតិ មានប្រវត្តិវែងឆ្ងាយ ជាប់ប្រទាក់ក្រឡាគ្នាជាមួយនឹងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពោលគឺតាំងពីការកកើតសាលាសិល្បៈដំបូងនៅឆ្នាំ១៩១២មកម្លេះ។ តាំងពីឆ្នាំ១៩១២ សាលាសិល្បៈដែលដំបូងឡើយបង្កើតឡើងនៅក្នុងព្រះបរមរាជវាំងដោយ ព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ បានប្ដូរឈ្មោះនិងទីតាំងច្រើនកន្លែង និងមិនទាន់បានបែងចែកច្បាស់លាស់ពីកម្រិតមធ្យមសិក្សា និងឧត្តមសិក្សានៅឡើយ។ រហូតមកដល់ឆ្នាំ២០០៤ ទើបមានការបែងចែកច្បាស់លាស់ ទាំងកម្រិតសិក្សានិងទីតាំងសាលា ដោយសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានទីតាំងនៅខាងជើងជិតព្រះបរមរាជវាំង ហើយសាលាមធ្យមវិចិត្រសិល្បៈ ប្ដូរទៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញវិញ៕