អត្ថបទ៖ ស៊ីធី
Ritu Phogat រហស្សនាម «The Indian Tigress» បានចាប់ផ្ដើមយ៉ាងល្អក្នុងអាជីពគុនចម្រុះមួយនេះ។ សព្វថ្ងៃ កីឡាការិនីគុនចម្រុះវ័យ ២៥ ឆ្នាំចង់តេស្តសមត្ថភាពរបស់ខ្លួនដោយជួបគូប្រកួតខ្លាំងៗក្នុងទម្ងន់ atomweight។
ម្ចាស់មេដាយមាសក្នុងកម្មវិធី Commonwealth Wrestling Championships ទទួលបានលទ្ធផលល្អៗជាច្រើនក្រោយចូលប្រឡូកក្នុងគុនចម្រុះនាឆ្នាំ ២០១៩។ Phogat បានប្ដូរទីលំនៅពីឥណ្ឌាមករស់នៅប្រទេសសិង្ហបុរី ដើម្បីហ្វឹកហាត់ពេញម៉ោងនៅក្លិបល្បី Evolve ដែលផ្ដល់បច្ចេកទេសថ្មីៗដល់រូបគេ និង ឈ្នះការប្រកួតជាប់គ្នាពីរដងនៅសង្វៀន ONE Championship។
ជ័យជម្នះពីរលើកជាប់គ្នានេះត្រូវគេទទួលស្គាល់អំពីកម្រិតបច្ចេកទេស ប៉ុន្តែរូបគេរក្សាបង្កើនសមត្ថភាពឥតឈប់ឈរ។ នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខ Phogat បានជជែកអំពីការអភិវឌ្ឍន៍ខ្លួនទោះជាជារំខានដោយសារ COVID-19 ហើយ អ្វីដែលរូបគេចង់ប្រឈមនោះគឺកីឡាការិនីលំដាប់ពិភពលោក Stamp Fairtex នៅថ្ងៃមុខ។
ONE Championship: តើ Ritu រក្សាខ្លួន និងការហ្វឹកហាត់បែបណាក្នុងអំឡុងពេលមេរោគឆ្លងនេះ?
Ritu Phogat: ខ្ញុំមានកាលវិភាគសម្រាប់ខ្លួនឯង ហើយខ្ញុំកំហិតខ្លួនដោយយកចិត្តទុកដាក់បំផុត។ ក្នុងនោះកម្មវិធីហ្វឹកហាត់រួមមាន យូហ្គា ហាត់ភាពអំណត់ និង កម្លាំងជាដើម។
ONE: តើ Ritu អភិវឌ្ឍជំនាញក្បាច់គុនចម្រុះដោយវិធីណាទៅ?
RP: គ្រូបង្វឹករបស់ខ្ញុំផ្ដល់លំហាត់ហ្វឹកហាត់នៅផ្ទះ ដើម្បីផ្ដោតលើការស្យង់អារម្មណ៍និងបម្លាស់ទីឲ្យរហ័ស។ វាអាចជួយពន្លឿនគុនភាពជំនាញរបស់ខ្ញុំបាន។ ក្នុងនោះដែរ ខ្ញុំក៏ហាត់វ៉ៃស្រមោល និង អនុវត្តន៍ក្បាច់ទាត់ពីរបីដងក្នុង១សប្ដាហ៍ផងដែរដើម្បីរក្សាការធ្វើចលនា។
ONE: យើងដឹងថា Ritu ច្បាស់ជាចង់ត្រលប់មកវិញ។ តើចង់ជួបអ្នកណាជាងគេបើត្រលប់មកវិញ?
RP: ខ្ញុំចង់ជួបកីឡាការិនីនៅសង្វៀន ONE Championship ដែលអត់ទាន់បានជួបគ្នាពីមុនក្នុងប្រភេទទម្ងន់នេះ។ ខ្ញុំចង់ជួបពួកគេ។ អ្នកណាក៏ដោយ ខ្ញុំបើកទូលាយដើម្បីស្វាគមន៍ជានិច្ច។
ONE: Stamp Fairtex មានជំនាញខ្លាំងខាងមួយថៃ និង kickboxing ហើយឥឡូវនេះគេល្អខាងគុនចម្រុះទៀតផង។ បើសិនជួប Stamp តើយល់យ៉ាងណាដែរ?
RP: Stamp ជាកីឡាការិនីមានទេពកោសល្យ។ ខ្ញុំពិតជាចូលចិត្តគេ។ គេធ្លាប់ឈ្នះខ្សែក្រវាត់ World Champion ដល់ពីរក្នុងពីរប្រភេទកីឡាផ្សេងគ្នា ហើយខ្ញុំបានរៀនច្រើនពីរូបគេ។ បើសិនជាជួបគេពិតមែន នោះច្បាស់ជាល្អមើលមិនខានសម្រាប់អ្នករាល់គ្នា ហើយពួកយើងក៏រំភើបដែរ។ យើងទាំងពីសុទ្ធតែមានកម្លាំងល្អដូចគ្នា។ ប៉ុន្តែ Stamp មានបទពិសោធន៍ច្រើនជាងខ្ញុំនៅលើសង្វៀន។ បែបណាក្ដី ខ្ញុំគិតថាយើងមានស្ទិលប្រកួតខុសគ្នា ទោះរូបគេពូកែខាងមួយថៃ និង kickboxing។ ច្បាស់ណាស់ បើសិនជួបគ្នាមែន ខ្ញុំត្រូវតែងើបឈរវ៉ៃច្រើនមិនខានព្រោះគេជំនាញឈរវ៉ៃ។
ONE: Stamp បានយកឈ្នះកីឡាការិនីឥណ្ឌាដូចជា Asha Roka និង Puja Tomar។ តើ Ritu គិតថាអាចយកឈ្នះបានទេ?
RP: ដូចខ្ញុំនិយាយអីចឹង គេជាកីឡាការិនីល្អណាស់ ហើយបើពេលវេលាមកដល់ ខ្ញុំស្រលាញ់ការប្រកួតទល់នឹងរូបគេ។ សុបិនរបស់ខ្ញុំក្លាយជាម្ចាស់ខ្សែក្រវាត់ World Champion នៅថ្ងៃណាមួយ។ ខ្ញុំត្រៀមខ្លួនយកឈ្នះដៃគូខ្លាំងៗ។ នៅពេល ONE ផ្គូផ្គងឲ្យខ្ញុំប៉ះ Stamp ខ្ញុំសន្យាថា ខ្ញុំនឹងរៀបចំខ្លួនឲ្យរួចរាល់ដើម្បីជំនួបដ៏ធំនេះ។
ONE: តើមានអ្វីទៀតដែល Ritu ចង់ប្រាប់ទៅអ្នកគាំទ្រ?
RP: ការពិតណាស់! ខ្ញុំចង់បង្ហាញខ្លួនឲ្យកាន់តែល្អ ប៉ុន្តែ ពេលនេះពិភពលោកកំពុងតែស្ថិតក្នុងភាពលំបាកនៅឡើយ។ យើងត្រូវការតតាំងនឹងមេរោគជាមុនសិន។ នៅពេលយើងយកឈ្នះមេរោគទាំងអស់គ្នារួចហើយ ពិភពលោកនឹងស្រស់ស្អាតឡើងវិញនិងឃើញការប្រកួតជាថ្មី។ យើងរួមគ្នា យើងនឹងឈ្នះមេរោគដ៏កាចសាហាវនេះ៕