ជាតិ
សង្គមជាតិ
រថយន្តនិងម៉ូតូជាង១,៣ពាន់គ្រឿងហើយ ត្រូវឃាត់ទុក ក្នុងដំណើរការរឹតបន្តឹងច្បាប់ចរាចរណ៍
01, May 2020 , 9:14 pm        
រូបភាព
ភ្នំពេញ៖ នគរបាលចរាចរណ៍ បានឈរជើង នៅតាមគោលដៅមួយចំនួន ក្នុងរាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមអនុវត្តអនុក្រឹត្យថ្មីស្តីពីការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ក្នុងថ្ងៃទី១ គឺនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ របាយការណ៍ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញថា ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៤កន្លះល្លាច នគរបាលចរាចរណ៍ ឃាត់បានរថយន្តល្មើសច្បាប់ ១៤៨គ្រឿង និងម៉ូតូ ១១៧៤គ្រឿង។



ម៉ូតូ ១១៧៤គ្រឿង ដែលល្មើសច្បាប់នោះ  រួមមាន មិនមានមួកការពារសុវត្ថិភាព ១០៨១ គ្រឿង មិនមានកញ្ចក់១៦គ្រឿង មិនមានស្លាកលេខ១៣គ្រឿង ល្មើសចរាចរណ៍៦៣គ្រឿង និងនិយាយទូរសព្ទ១គ្រឿង។

ចំណែករថយន្ត ១៤៨ គ្រឿង ដែលបានល្មើសច្បាប់ រួមមាន មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ៩៥គ្រឿង បញ្ច្រាស់ទិស១៤គ្រឿង មិនមានស្លាកលេខ៤គ្រឿង និយាយទូរសព្ទ១២គ្រឿង មិនមានប័ណ្ណសម្គាល់យាន៧គ្រឿង ល្មើសសញ្ញាចរាចរណ៍១១គ្រឿង សំពីងសំពោង៣គ្រឿង និងហួសឈៀក២គ្រឿង។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថា នៅពេលយប់ ក៏មាននគរបាលចរាចរណ៍ ឈរជើងតាមគោលដៅមួយចំនួនដែរ ដើម្បីចាប់លើអ្នកបើកបរល្មើសច្បាប់៕

Tag:
 ចរាចរណ៍
  ច្បាប់
  ម៉ូតូ
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com