ជាតិ
សុវត្តិភាព ចរាចរណ៍
ករណី​រថយន្ត​មិនទាន់​ឆៀក ពុំទាន់​ពិន័យ​ឡើយ​!
02, May 2020 , 11:59 am        
រូបភាព
មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាបឹងស្នោ រាជធានីភ្នំពេញ
មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាបឹងស្នោ រាជធានីភ្នំពេញ
​ភ្នំពេញ​៖ រថយន្ត​ដែល​ផុត​សុពលភាព ឆៀក មិនត្រូវ​ពិន័យ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ប្រាប់​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​ទាំងអស់ កាលពី​យប់​ថ្ងៃទី​១ ខែឧសភា​នេះ​ថា រថយន្ត​ដែល​ផុត​សុពលភាព ឆៀក មិនត្រូវ​ពិន័យ​ឡើយ​។ ការ​មិនទាន់​ផាកពិន័យ​នេះ ដោយសារ​រថយន្ត​ច្រើន​កំពុង​ទៅ​ឆៀក បណ្ដាល​ឲ្យ​កន្លែង​ឆៀក​ណែន​គ្រប់កន្លែង​រាជធានី​ខេត្ត​។ នេះ​បើតាម​ការផ្សាយ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។


 
​បើតាម​លោក ហ៊ឹម យ៉ាន អះអាងថា បទល្មើស​រថយន្ត​៩​ចំណុច​ក្នុងចំណោម​៤១ ដែល​នឹង​ត្រួតពិនិត្យ​ក្នុងការ​រឹតបន្តឹង មិនមាន​ករណី​ឆៀក​ឡើយ គឺ​រង់ចាំ​ការអនុវត្ត​នៅ​ជំហាន​ខាងមុខ​ទៀត​។ លោក ហ៊ឹម យ៉ាង សង្កត់ធ្ងន់ថា​៖«​រង់ចាំ​បញ្ជា​ជាថ្មី ចំណុច​នេះ​កុំ​ទាន់​ពិន័យ​ឲ្យ​សោះ​»​។ 
 
​គួរ​កត់សម្គាល់ថា នៅមុន​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ប្រជាពលរដ្ឋ​ជាច្រើន​សម្រុក​យក​រថយន្ត​របស់ខ្លួន​ទៅ​ឆៀក​។ ហើយ​គ្រាន់​តែមួយ​ថ្ងៃទី​១ ឧសភា មាន​រថយន្ត​ចំនួន ៤,១៤៥​គ្រឿង ត្រូវ​ចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​។ 
 
​សូមបញ្ជាក់ថា បទល្មើស​ម៉ូតូ​ចំនួន​៧ ក្នុងចំណោម​៣៣ ដែល​នឹង​ត្រួតពិនិត្យ​មុនគេ​នេះ​មាន មិន​ពាក់មួក​សុវត្ថិភាព​, ស្រវឹង​, មិន​គោរព​ភ្លើង​និង​ស្លាក​សញ្ញា​, ល្មើស​ការបត់ និង​វ៉ា​ជែង​, ដឹក​លើ​ចំណុះ​, គ្មាន​ស្លាក​លេខ និង​ប្រើប្រាស់​ទូរស័ព្ទ​ដោយ​គ្មាន​កាស​។ 
 
​រីឯ បទល្មើស​រថយន្ត​ទាំង​៩ ក្នុងចំណោម​៤១ ដែល​ត្រួតពិនិត្យ​មុនគេ​មាន ល្បឿន​, ស្រវឹង​, គ្មាន​បណ្ណ​បើកបរ​, មិន​គោរព​ភ្លើង​សញ្ញា​, ល្មើស​ក្នុងការ​បទ​និង​វ៉ា​ជែង​, មិន​ពាក់​ខ្សែក្រវាត់​, ដឹក​លើស​ចំណុះ​, គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​៕ 

Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com