COVID-19
អន្តរជាតិ
រដ្ឋាភិបាល​អាមេរិក អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ remdesivir ក្នុងការ​ព្យាបាល COVID-19
02, May 2020 , 12:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានផ្ដល់​ភ្លើង​បៃតង​សម្រាប់​ការប្រើប្រាស់​ថ្នាំ​រេ​ម​ឌី​ស៊ី​វៀ (remdisivir) ដែលជា​ប្រភេទ​ថ្នាំ​ពិសោធន៍ ក្នុងការ​ព្យាបាល​ជំងឺ COVID-19 ។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១ ខែឧសភា​។ ថ្នាំ​រេ​ម​ឌី​ស៊ី​វៀ​នេះ ត្រូវបាន​អភិវឌ្ឍ​ដើម្បី​ព្យាបាល​ជំងឺ​អេ​បូ​ឡា ប៉ុន្តែ​មិនដែល​ត្រូវបាន​ប្រើប្រាស់​ឡើយ ហើយ​ស្ថិតក្នុង​ដំណាក់កាល​ពិសោធន៍​រហូតមក​។ យ៉ាងណា ថ្នាំ​បែរ​ផ្ដល់​ក្ដីសង្ឃឹម​សម្រាប់​ការព្យាបាល​ជំងឺ COVID-19 ទៅវិញ​។​

 
​ថ្នាំ​រេ​ម​ឌី​ស៊ី​វៀ ជា​ផលិតផល​របស់​ក្រុមហ៊ុន Gilead Sciences ។ ថ្នាំ​ប្រភេទ​នេះ បានបង្ហាញ​លទ្ធផល​គាប់ប្រសើរ​ក្នុងការ​សាកល្បង​ដើម្បី​ព្យាបាល​ជំងឺ COVID-19 ដោយបាន​កាត់បន្ថយរ​យៈ​ពេល​ព្យាបាល​ឲ្យ​កាន់តែ​ខ្លី​ជាង​មុន បើ​ប្រៀបធៀប​នឹង​ថ្នាំ​ផ្សេង​នៅពេល​ប្រើប្រាស់​លើ​អ្នកជំងឺ​មួយចំនួន​។ នេះ​ក៏​ជា​លើកដំបូង​ដែល​ថ្នាំ​មួយ​ប្រភេទ​ផ្ដល់​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​ជំងឺ​នេះដែរ​។​
 
​ជាមួយនឹង​លទ្ធផល​ពិសោធន៍ រដ្ឋាភិបាល​អាមេរិក ក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំ​រេ​ម​ឌី​ស៊ី​វៀ​នេះ​ជាបន្ទាន់​។ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ជាក់​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​នៅ​ថ្ងៃទី​១ ខែឧសភា​។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Gilead Sciences លោក Daniel O'Day ក៏មាន​វត្តមាន​ក្នុង​ពិធី​នោះដែរ​។ លោក ត្រាំ ចាត់ទុក​លទ្ធផល​ពិសោធន៍​ថ្នាំ​នេះ ជា​ស្ថានភាព​មួយ​ដែល​ផ្ដល់​សង្ឃឹម​សម្រាប់​ការពារ​ព្យាបាល​។​
 
​តាមពិតទៅ ថ្នាំ​រេ​ម​ឌី​ស៊ី​វៀ ត្រូវបាន​ប្រើប្រាស់​លើ​អ្នកជំងឺ COVID-19 ដែល​ចុះឈ្មោះ​ចូលរួម​ក្នុងការ​សាកល្បង​កន្លង​មក​។ ប៉ុន្តែ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ពេលនេះ នឹងធ្វើ​ឲ្យ​ការ​ចែកចាយ​ថ្នាំ​ប្រភេទ​នេះ​កាន់តែ​ទូលាយ​ថែមទៀត និង​អាច​ប្រើ​លើ​អ្នកជំងឺ​ក្មេង​ចាស់​ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ទីភ្នាក់ងារ​ចំណីអាហារ និង​ឱសថ (FDA) កំណត់​ស្ថានភាព​ធ្ងន់ធ្ងរ​ថា ជា​ស្ថានភាព​ដែល​អ្នកជំងឺ​មាន​សម្ពាធ​អុកស៊ីសែន​ក្នុង​ឈាម​ទាប ដែល​តម្រូវ​ឲ្យ​មាន​ជំនួយ ឬ​ត្រូវ​បំពាក់​ឧបករណ៍​ផ្ដល់​អុកស៊ីសែន​។​
 
​វិទ្យាស្ថាន​ជំងឺ​អា​លាក់​ស៊ី និង​ជំងឺឆ្លង​អាមេរិក បានប្រកាស​ពី​លទ្ធផល​នៃ​ការសាកល្បង​ថ្នាំ​រេ​ម​ឌី​ស៊ី​វៀ​ដែលជា​ប្រភេទ​ថ្នាំ​ចាក់​កាលពី​ថ្ងៃទី​២៩ ខែមេសា ដែលមាន​អ្នកចូលរួម​១​ពាន់​នាក់​។ បើតាម​លទ្ធផល អ្នកជំងឺ​ដែល​ព្យាបាល​ដោយ​ថ្នាំ​នេះ មាន​អាការ​ធូរស្រាល​លឿន​ជាង​អ្នកជំងឺ​ប្រើ​ថ្នាំ​ប្រភេទ​ផ្លា​សេ​បូ (Placebo) ជាមួយនឹង​ល្បឿន​សះស្បើយ​៣១​ភាគរយ​ឯណោះ​។​
 
​សូមបញ្ជាក់ថា រេ​ម​ឌី​ស៊ី​វៀ ត្រូវបាន​អភិវឌ្ឍ​ដើម្បី​ព្យាបាល​ជំងឺ​អេ​បូ​ឡា​ឯណោះ​ទេ ប៉ុន្តែ​មិនត្រូវ​បាន​យកទៅ​ប្រើ​ឡើយ ព្រោះ​ការសាកល្បង​មិនមាន​លទ្ធផល​ល្អ​។ ក្រុមហ៊ុន Gilead Sciences ធ្លាប់បាន​ថា ខ្លួន​នឹង​ចែក​ថ្នាំ​នេះ​ចំនួន​១,៥​លាន​ដូ​ស​ឲ្យ​មិន​គិតថ្លៃ​៕ 

Tag:
 COVID-19
  អាមេរិក​
  remdesivir
© រក្សាសិទ្ធិដោយ thmeythmey.com