កីឡាជាតិ
ជាតិ
លោក ស៊ុន ចាន់ថុល ចង់ឃើញ​កម្ពុ​ជាមាន​ធនធាន​កីឡាករ​ហែល​ទឹក​កាន់តែច្រើន​
02, May 2020 , 8:29 pm        
រូបភាព
លោក ស៊ុន ចាន់ថុល (លើកដៃសំពះ) ពេលចុះត្រួតពិនិត្យអាងហែលទឹកពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ, រូបភាពពី Cambodia SEA Games 2023
លោក ស៊ុន ចាន់ថុល (លើកដៃសំពះ) ពេលចុះត្រួតពិនិត្យអាងហែលទឹកពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ, រូបភាពពី Cambodia SEA Games 2023
ដោយ:
​លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​អំពាវនាវ​ឲ្យ​យុវជន សិស្ស​និស្សិត​ដែល​ចង់​ក្លាយជា​កីឡាករ​ហែល​ទឹក​អាជីព ចូលរួម​ហ្វឹកហាត់​កីឡា​នេះ ឲ្យ​បាន​ច្រើន​។ ការអំពាវនាវ​នេះ គឺ​ដោយសារ​លោក ចង់​ឲ្យ​កម្ពុ​ជាមាន​ធនធាន​កាន់តែច្រើន ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ដទៃទៀត​។ លោក​អះអាងថា ការបង្ហាត់បង្រៀន​គ្មាន​ការបង់ប្រាក់​នោះទេ​។

 
​យុវជន​យុវនារី សិស្ស​និស្សិត​ទាំង​អ្នកចេះ និង​មិនចេះ​ហែល​ទឹក ដែល​ចង់​ក្លាយជា​កីឡាករ ហែល​ទឹក​អាជីព អាច​ចូល​ហ្វឹកហាត់​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដ្បិត​ការបង្ហាត់បង្រៀន មិន​ទាមទារ​ឲ្យ​មានការ​បង់ប្រាក់​នោះឡើយ​។ នេះ​បើតាម​ការអះអាង​របស់​លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។​
 
«​ខ្ញុំ​សូម​អំពាវនាវ​ទៅ​យុវជន​យើង សិស្ស​និស្សិត​យើង សូមមេត្តា​ចូលរួម​ហ្វឹកហាត់​កីឡាហែលទឹក យើង​បង្ហាត់​មិន​គិតថ្លៃ​នោះទេ​។ ជាពិសេស​អ្នក​ដែល​ចង់​ក្លាយជា​កីឡាករ​ជម្រើសជាតិ តំណាង​ឲ្យ​ប្រទេសជាតិ ក្នុងការ​ប្រកួតប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ នៅលើ​ឆាក​អន្តរជាតិ​»​។ លោក ស៊ុន ចាន់ថុល អំពាវនាវ​បែបនេះ ពេល​លោក​ចុះ​ត្រួតពិនិត្យ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ ដែល​បានបញ្ចប់​ការស្តារ និង​ជួសជុល​ជា​ស្ថាពរ​កាលពីពេល​ថ្មីៗ​។ 
 
​ការចេញមុខ​អំពាវនាវ​បែបនេះ ដ្បិត​ប្រធាន​សហព័ន្ធ​រូបនេះ ចង់​ឲ្យ​ធនធាន​កីឡាករ​ហែល​ទឹក​នៅ​កម្ពុជា មាន​ចំនួន​កាន់តែច្រើន​ហើយនឹង​ផ្តល់​ភាពងាយស្រួល សម្រាប់​សហព័ន្ធ​ជ្រើសរើស ពេល​មានការ​ប្រកួត​នៅក្រៅ​ប្រទេស​ម្តងៗ ជាពិសេស គឺ​ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ជា​លើកដំបូង​។ 
 
​កីឡាហែលទឹក​កម្ពុជា មាន​សក្តានុពល​ណាស់ នៅមុន​របប​ប្រល័យពូជសាសន៍​ប៉ុលពត បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​កម្ពុជា​ធ្លាប់​ដណ្តើមបាន​មេដាយមាស ប្រាក់ និង​សំរិទ្ធ​ផង​។ តែ នៅក្រោយ​របប​ប៉ុលពត កីឡាហែលទឹក​កម្ពុជា ពុំ​ធ្លាប់​ដណ្តើមបាន​មេដាយ ពី​ការប្រកួត​លក្ខណៈ​អន្តរជាតិ ដូចជា​ការប្រកួត​កីឡា​ស៊ី​ហ្គេម កីឡា​អាស៊ី និង​អូឡាំពិក​នោះទេ​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល ដែល​បាន​បន្ត​ដោយ​រំពឹងថា កម្ពុជា​នឹង​អាច​ស្តារ​កិត្តិយស​ឡើងវិញ ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​
 
​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវបាន​ស្តារ និង​ជួសជុល​ឡើងវិញ ឲ្យ​ស្របតាម​ស្តង់ដា​អន្តរជាតិ ដោយមាន​ការបំពាក់​នូវ​ឧបករណ៍​ទំនើបៗ ដែល​អាច​រៀបចំ​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ធំៗ​បាន​។ ការស្តារ​និង​ជួសជុល​នេះ ចំណាយពេល​១៨​ខែ និង​ថវិកា​ជិត​៣​លាន​ដុល្លារ ដែលជា​ជំនួយ​របស់​ក្រុមហ៊ុន​ចិន​៕  

Tag:
 ហែល​ទឹក​
  ស៊ុន ចាន់ថុល​
  អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com