សៀមរាប៖ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ក្នុងមូលដ្ឋានរបស់ខ្លួន អភិបាលស្រុកបន្ទាយស្រី បានបង្កើតគម្រោង «ស្រែសង្គម» ក្នុងន័យជួយសម្រាលបន្ទុកដល់ជនខ្វះខាត ពិសេសពលរដ្ឋដែលប៉ះពាល់ខ្លាំងខណៈដែលកំពុងជួបវិបត្តិជំងឺកូវីដ-១៩។ ស្រែសង្គម គឺរដ្ឋបានជួលដីស្រែពីប្រជាពលរដ្ឋ ដើម្បីធ្វើស្រែយកទិន្នផល ចែកជូនពលរដ្ឋដែលខ្វះខាត។
តើស្រែសង្គម មានអត្ថន័យបែបណា ហើយថាតើគម្រោងនេះអាចជួយដល់ជនក្រីក្រក្នុងស្រុកបន្ទាយស្រីដោយវិធីណាខ្លះ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
គម្រោងស្រែសង្គម ជាការផ្តួចផ្តើមឡើង ដោយរដ្ឋបាលស្រុកបន្ទាយស្រី។ ប្រជាពលរដ្ឋជិត៤០គ្រួសារ បានសម្រេចជួលដីស្រែពួកគេ ទៅរដ្ឋបាលស្រុក ក្នុងការធ្វើស្រែសង្គមនេះ ហើយពួកគេនឹងទទួលបានទិន្នផលមួយផ្នែក ដោយមិនបាច់ចំណាយអ្វីទាំងអស់។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ឱ្យដឹងថា គម្រោងនេះធ្វើឡើង ដើម្បីយកទិន្នផលស្រូវដែលបានទៅចែកដល់ពលរដ្ឋដែលខ្វះខាត ឬទីទ័លក្រក្នុងស្រុកទាំងមូល។ លោកពន្យល់ថា គម្រោងនេះ គឺផ្តោតសំខាន់លើប្រជាពលរដ្ឋដែលងាយរងគ្រោះ ដូចជាជនចាស់ជរា ជនពិការ ឬជនរងគ្រោះ ក្នុងកាលៈទេសៈជំងឺកូវីដ-១៩នេះ។ លោកបន្ថែមថា៖«...ពលរដ្ឋក្នុងស្រុក ពិបាករកការងារធ្វើ មានខ្លះទៀត បន្ថែមសមាជិកទើបមកពីថៃ ក្រៅស្រុក។ ខ្លះធ្លាប់មានកូនចៅមានការងារធ្វើ ឥឡូវត្រឡប់ចូលមូលដ្ឋានវិញ។ ដូច្នេះពួកគាត់ទាំងនោះ ប្រឈមការខ្វះខាតស្បៀង។ ការងារនេះ ជាការកៀងគរធនធានមួយចំនួន ដើម្បីផលិតជាអង្ករ ហើយយកទៅចែកក្នុងវិធីណាមួយ ជូនជាជាងការធ្វើអំណោយ»។
បច្ចុប្បន្ន មានកសិករចំនួន៣៩គ្រួសារ ដែលព្រមផ្តល់ដីស្រែឱ្យរដ្ឋបាលស្រុកបន្ទាយស្រី យកអនុវត្តន៍គម្រោងស្រែសង្គម។ លោកអភិបាលស្រុកពន្យល់ថា ពលរដ្ឋដែលផ្តល់ស្រែឱ្យក្នុងគម្រោងនេះ នឹងទទួលបានស្រូវចំនួន៤០០គីឡូក្រាម ក្នុងមួយហិកតា ដោយពុំមានការចំណាយអ្វីទាំងអស់។ បរិមាណនេះ គឺវាមានភាពសមាមាត្រគ្នា ទៅនឹងផលស្រូវដែលពួកគាត់ធ្លាប់ធ្វើកន្លងមកដែរ។ ណាមួយក្នុងរដូវនេះ ស្រែទាំងនោះត្រូវបានទុកចោល គឺកសិករធ្វើតែក្នុងរដូវភ្លៀងតែប៉ុណ្ណោះ។ រដ្ឋបាលស្រុកបន្ទាយស្រី នឹងពិចារណាពង្រីកផ្ទៃដីបន្ថែមទៀត ដែលបច្ចុប្បន្នមានត្រឹមប្រមាណ៤០ហិកតា។
ការជ្រើសរើសភូមិសាស្ដ្រឃុំព្រះដាក់ សម្រាប់អនុវត្តន៍គម្រោង ស្រែសង្គម ត្រូវបានលោក ឃឹម ហ្វីណង់ ពន្យល់ថា ដោយសារភូមិសាស្ដ្រនេះ មានប្រព័ន្ធទឹកស្រាប់ ដែលមានប្រភពពីទំនប់តានាវ ជើងភ្នំបូក។ ជាងនេះទៅទៀត ទីតាំងស្ថិតនៅបាតបារាយណ៍ចាស់ ដែលដីមានជីជាតិល្អ ស័ក្ដិសមធ្វើក្នុងរដូវខ្សត់ភ្លៀង។
បច្ចុប្បន្ន គម្រោងស្រែសង្គម កំពុងចាប់ផ្តើមអនុវត្តន៍ក្នុងដំណាក់កាលទី១ ដោយរំពឹងថា អាចព្រោះគ្រាប់ស្រូវនៅដើមខែឧសភា ហើយនឹងទទួលបានផលនៅក្នុងខែសីហា។ រដ្ឋបាលស្រុកបន្ទាយស្រី បានជ្រើសរើសប្រភេទស្រូវស្រាល គឺមានរយៈពេលប្រមាណ១០០ថ្ងៃ និងអនុវត្តន៍បាន២ជុំ ក្នុងឆ្នាំ ២០២០នេះ។
នៅពេលសួរថាតើ គម្រោងអាចមាននិរន្តរភាព ដល់ពេលណា? លោក ឃឹម ហ្វីណង់ ឆ្លើយថា លោកបង្កើតគម្រោងនេះឡើ ងចំពោះដំណោះស្រាយភ្លាមៗតែប៉ុណ្ណោះ ដូចពេលមានជំងឺកូវីដ-១៩នេះជាដើម។ តែយ៉ាងណា លោកអភិបាលវ័យក្មេងរូបនេះ បង្ហើបពីបំណងយកគម្រោងស្រែសង្គម អនុវត្តន៍បន្តក្នុងមូលដ្ឋានលោក ដែលលោកមើលឃើញថា មានផលចំណេញច្រើនដល់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីជួយពលរដ្ឋដែលខ្វះខាតបានច្រើន។ លោកពន្យល់ថា៖ ខ្ញុំមានជម្រើសមួយទៀតក្នុងការពិចារណា គឺធ្វើដូច្នេះដែរ តែមិនមែនផ្តល់ជាអំណោយទេ។ បើឱ្យជាអំណោយ ទាល់តែមានអ្នកឧបត្ថម្ភ។ អីចឹងជម្រើសមួយអាចធ្វើបាន ធ្វើជាស្រែធ្វើមិនចែកជាប្រាក់ចំណេញ ហើយបានជាស្រូវ ហើយយកមកលក់ក្នុងតម្លៃសង្គមមួយ ធូរថ្លៃពាក់កណ្ដាលលើទីផ្សារ តែយកលុយដែលបានតិចតួចដើម្បីបន្តធ្វើទៀត។ ខ្ញុំជឿថា បើយើងធ្វើទម្រង់នេះ ប្រហែលជាមាននិរន្តរភាព ហើយអាចពង្រីកបានធំ តែទុកពេលវេលាក្រោយសម្រាប់គិតបន្ថែម...»។
លោក ឃឹម ហ្វីណង់ បន្តទៀតថា៖« ចិត្តខ្ញុំ ចង់ជំរុញឱ្យការងារនេះធ្វើ ទោះបីមិនមែនធ្វើក្នុងន័យស្រែសង្គមនេះក៏ដោយ សូម្បីតែពលរដ្ឋធ្វើខ្លួនគាត់ រដ្ឋគួរសហការគ្នាបែបនេះ ច្របាច់គ្នាទៅដាក់កម្លាំងរួម អ្នកគ្រប់គ្រងរួម គ្រឿងចក្ររួម ប្រព័ន្ធធារាសាស្ដ្ររួម រកទីផ្សារឱ្យរួមទៀត នៅប្រទេសគេទំនើបគេតែងធ្វើដូច្នេះ»៕