អត្ថបទ៖ ស៊ីធី
ក្បាច់គុនខ្មែរ មានដំណើរដើមទងតាំងពីបុរាណនៃអរិយធម៌ដ៏រុងរឿង និងឈានចូលប្រឡូកលើសង្វៀនលំដាប់ពិភពលោក នាពេលបច្ចុប្បន្ន និងទៅអនាគត។ សព្វអ្នកគាំទ្រជុំវិញពិភពលោក បានចងចាំមិនភ្លេច នៅពេលអ្នកលេងគុនខ្មែរមួយចំនួន ចូលប្រឡូកនៅសង្វៀនកម្រិតអន្តរជាតិ ONE Championship។ តើគុនខ្មែរ មានបែបផែនយ៉ាងណា ខុសពីក្បាច់គុននៅតំបន់អាស៊ាន?
គុនខ្មែរមានប្រវត្តិយូរលង់
នៅប្រាង្គប្រាសាទអង្គរវត្ត ដែលមានអាយុកាលរហូត ៩០០ ឆ្នាំ ស្ថិតនៅភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជា មានចម្លាក់ក្បាច់គុនយុទ្ធគុនខម នៅលើជញ្ជាំងប្រាសាទ។ នោះហើយគឺជាការកកើតនៃក្បាច់គុនបុរាណ។ ដោយប្រើក្បាច់ទាត់ជាច្រើនប្រភេទ, កណ្ដាប់ដៃ, ជង្គង់,និងកែងដ៏កាចសាហាវ យុទ្ធគុនខម អាចដើរតួយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវ នៅសម័យអាណាចក្រអង្គរ។ ក្នុងនាមជាអាណាចក្រដ៏រុងរឿងនៅតំបន់អាស៊ីអាគ្នេយ៍ អាណាចក្រអង្គរបានក្លាយជាក្រុងដ៏ធំបំផុតនាពេលនោះ និងបន្សល់ទុកនូវក្បាច់គុនជាច្រើន តាមជញ្ជាំងប្រាសាទ។
ចាន់ រតនា ដែលប្រកួតក្នុងទម្ងន់ Flyweight គឺបានរៀនសូត្រក្បាច់យុទ្ធគុនខម ពីឪពុករបស់ខ្លួន និងរក្សាកេរដំណែលក្បាច់គុនឲ្យរស់រានមានជីវិត រហូតដល់បច្ចុប្បន្ន ហើយក្លាយជាក្បាច់ប្រយុទ្ធ បែបប្រពៃណីដ៏មានប្រជាប្រិយភាព។ តើក្បាច់គុនបុរាណ បានផ្លាស់ប្ដូរទៅគុនខ្មែរសព្វថ្ងៃ ដោយរបៀបណា?
មោទនភាពជាតិ និងអតីតកាល
នៅកម្ពុជា គុនខ្មែរបានពុះពារគ្រប់បែបយ៉ាង ដើម្បីក្លាយជាកីឡាប្រយុទ្ធដ៏អស្ចារ្យ។ គុនខ្មែរល្អសម្រាប់អ្នកប្រកួត និងក្ដីស្រលាញ់ដល់អ្នកគាំទ្រ ហើយវាធ្វើឲ្យគេមិនអាចបំភ្លេចបាន ក្នុងជីវភាពរស់នៅ។ ព្រឹត្តិការណ៍ប្រកួតលើសង្វៀនទូរទស្សន៍នានា បានធ្វើឲ្យគុនខ្មែរមានប្រជាប្រិយភាពខ្លាំងណាស់ ក្នុងមួយរយៈចុងក្រោយនេះ។
ក្នុងនោះអ្នកលេងគុនខ្មែរដ៏លេចធ្លោ ដែលគេស្គាល់គ្រប់គ្នាគឺ សុខ ធី។ សុខ ធី ដែលជាកីឡាករជើងឯក ប្រចាំនៅសង្វៀនបាយ័ន និងភីអិនអិន បានតំណាងឲ្យកម្ពុជា ក្នុងការប្រកួត ONE Super Series របស់សង្វៀន ONE Championship។ គុនខ្មែរទទួលបានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់មហាជន ទាំងប្រុសស្រី និងក្មេងចាស់។
បែបណាក្ដី គុនខ្មែរកាន់តែរីកចម្រើនទូទាំងប្រទេស និងបង្កើតបានធនធានកីឡាការិនីជាច្រើនក្នុងនោះក៏មាន នៅ ស្រីពៅ។ ស្រីពៅ បានធ្វើឲ្យកីឡាការិនីថៃ មានពិសោធន៍ច្រើន Rika “Tiny Doll” Ishige ចុះចាញ់ ក្នុងការបង្ហាញខ្លួនដំបូងនៅកម្មវិធី ONE: CLASH OF LEGENDS កាលដើមឆ្នាំ ២០១៩ និងបន្តខំប្រឹងថែមទៀត ដើម្បីទទួលបានការគាំទ្រ។
«ខ្ញុំចង់បង្ហាញថាកីឡាការិនីកម្ពុជា គឺខ្លាំង។ ហើយខ្ញុំចង់ប្រាប់ឲ្យនារីៗគ្រប់រូប សូមបន្តក្ដីស្រមៃរបស់ខ្លួន»។ នៅ ស្រីពៅ ថ្លែងបែបនេះ។
កីឡាការិនីខ្មែរអាមេរិក អែម សុវណ្ណារី ឬគេស្គាល់ថា “The Sweet Savage” ក៏ទទួលបានការលើកទឹកចិត្ត ពីអ្នកគាំទ្រជាតិ និងអន្តរជាតិជាច្រើន។ ទោះបីរូបគេកើត និងធំដឹងក្ដី នៅអាមេរិក ប៉ុន្តែរូបគេទទួលបានអារម្មណ៍ពិសេស ពីទឹកដីដូនតារបស់ខ្លួន។ សុវណ្ណារី រំលឹកបែបនេះ៖«ខ្ញុំគិតថា ខ្ញុំអាចមកប្រកួតនៅកម្ពុជា។ ខ្ញុំមិនទាន់បានធ្វើឲ្យក្នុងការតបស្នង។ ខ្ញុំពិតជាអរគុណណាស់ សម្រាប់ក្ដីស្រលាញ់ និងការគាំទ្រ»។
ការប្រើកែងក្នុងគុន
រិន សារ័ត្ន បង្ហាញខ្លួនយ៉ាងល្អដោយប្រើកែងបញ្ចប់ Mario Satya Wirawan នៅក្នុងកម្មវិធី ONE: PINNACLE OF POWER កាលខែមិថុនា ឆ្នាំ២០១៨។ បែបណាក្ដី គេជឿថារូបគេមិនទាន់ដល់ចំណុចកំពូល នៅឡើយទេ។
ជាមួយគ្នានោះ ខុន ស៊ីចាន់ គឺជាកីឡាករដ៏មានសកម្មភាពច្រើនបំផុត នៅសង្វៀន ONE Championship បានអះអាងថា ការប្រើកែងក្នុងគុនខ្មែរ និងមានស្ទីលផ្សេងៗគ្នាជាច្រើន និង មានភាពរំភើប។ ស៊ីចាន់ បានឲ្យដឹងថា៖«ខ្ញុំគិតថាការប្រើកែង គឺផ្សេងគ្នាច្រើន។ យើងចូលចិត្តប្រើវា ហើយប្រើដើម្បីផុតពីការចូលចាប់អុកជង្គង់។ វាពិតជារីករាយ និងធ្វើឲ្យការប្រកួតល្អមើលណាស់ដែលឃើញគេប្រើកែងម្ដង»។
កម្លាំងចិត្ត ឬ ព្រលឹងអ្នកហាត់គុនខ្មែរ
អស់រយៈពេលជាច្រើនឆ្នាំ គុនខ្មែរបានត្រលប់មកវិញ បន្ទាប់ពីប្រទេសជាតិសុខសាន្តត្រាណ។ អតីតកីឡាករជើងចាស់ បានរក្សាទុកក្បាច់គុនមរតកដូនតានេះ ឲ្យរស់រានមានជីវិត និងបណ្ដុះដល់ក្មេងៗជំនាន់ក្រោយ។ តាំងពីមិនមានធនធាន រហូតដល់បច្ចុប្បន្ន មានកីឡាករជួរមុខជាច្រើន ក្នុងនោះចាន់ រតនា បានបង្កើតភាពភ្ញាក់ផ្អើលដោយឈ្នះ ៣ លើក ជាប់គ្នាទល់នឹងគូប្រជែងខ្លាំងៗ នៅសង្វៀនលំដាប់ពិភពលោក ONE Championship។ នៅក្នុងកម្មវិធី ONE: DREAMS OF GOLD កាលខែសីហា ២០១៩ ចាន់ រតនា បានបង្ហាញឆន្ទៈ និងកម្លាំងចិត្ត ដើម្បីឈ្នះកីឡាករគុយបា Gustavo “El Gladiador” Balart។ ជ័យជម្នះនេះ ធ្វើឲ្យការប្រកួតតំណាងឲ្យកម្ពុជា បញ្ចប់លទ្ធផលខ្ពស់បំផុត និងត្រៀមខ្លួនសម្រាប់ឆ្នាំ២០២០ បន្ថែមទៀត។ ចាន់ រតនា ថ្លែងបែបនេះ ៖«ខ្ញុំសុខចិត្តឈឺសាច់ ជាជាងឈឺចិត្ត នៅពេលឡើងប្រកួតគុនខ្មែរ លើសង្វៀន។ អ្នកគាំទ្រគឺជាកម្លាំងចិត្ត។ ពួកគេចង់ឲ្យខ្ញុំឈ្នះ គ្រប់ការប្រកួត។ នេះជារឿងធ្វើឲ្យខ្ញុំសប្បាយចិត្ត តស៊ូយកឈ្នះរាល់ការប្រកួត»៕