ជាតិ
សេដ្ឋកិច្ច
តើ​អ្វី​ទៅជា​ធុរកិច្ច​ទីផ្សារ​ជា​បណ្ដាញ​?
02, May 2020 , 9:59 pm        
រូបភាព
លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា
លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា
ដោយ:
​ភ្នំពេញ​៖​ស្រប​ពេលដែល​បណ្ដា​ប្រទេស​លើ​សកលលោក​កំពុង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ ការ​ចរាចរ​លក់ដូរ​លើ​អន​ឡាញ​ឬ​លក្ខណៈ​ជាទី​ផ្សារ​បណ្ដាញ រឹតតែ​ចាំបាច់ និង​រឹតតែ​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់​អ្នក​ដែល​មិន​យល់ដឹង​ស៊ីជម្រៅ ឬ​មិន​បានទទួល​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ មុន​ចេញ​ប្រឡូក​ការរកស៊ី​។​

 
​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម​អំពី​ការធ្វើ​ទីផ្សារ​ជា​បណ្ដាញ​នេះ សូម​លោក​អ្នកនាង​តាមដាន​ការអធិប្បាយ​របស់លោក ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​កម្ពុជា ដែល​សម្ភាស​ដោយ អ្នកនាង ស៊ែម ម៉ូ​នី​តា អ្នកសារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា ៖ តើ​អ្វី​ទៅជា​ធុរកិច្ច​ទីផ្សារ​ជា​បណ្ដាញ​?
 
​លោក ឡី សុភាព ៖ ធុរកិច្ច​ទីផ្សារ​ជា​បណ្ដាញ គឺជា​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ជំរុញ​ការលក់​ដោយផ្ទាល់​។​វា​មាន​ពី​យូរលង់​ណាស់​មកហើយ ដែល​គេ​ធ្វើ​លក្ខណៈ​ជា​ក្រុម​ឬ​បែង​ចែកជា​ប្រព័ន្ធ​ផ្សេងៗ​។​ទីផ្សារ​បណ្ដាញ​នេះ​មាន​ជា​លក្ខណៈ​ជា​(Online និង​Offline)​ហើយ​ចែកជា​បី​ប្រភេទ​ជារួម​មាន​ធ្វើ​ទីផ្សារ​លក្ខណៈ​ប្រពៃណី​(​ដោយផ្ទាល់​) ការលក់​ហ្វ្រេ​ន​ឆាយ​ឬ​កម្មសិទ្ធិបញ្ញា និង​កា​ធ្វើ​បណ្ដាញ​ទីផ្សារ (Network Marketing )​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា ៖ តើ​ការធ្វើ​ធុរកិច្ច​ទីផ្សារ​ជា​បណ្ដាញ​លក្ខណៈ Online និង Offline​ខុសគ្នា​ដូចម្ដេច​?
 
​លោក ឡី សុភាព ៖ តាមពិត​វា​មិនមាន​អ្វី​ខុសគ្នា​ទេ គ្រាន់តែ​ការធ្វើ​ទីផ្សារ​Offline​គឺ​យើង​ធ្វើ​វា​ដោយផ្ទាល់​ឬ​អាច​និយាយបានថា​ការលក់ដូរ ដែលមាន​ក្រុម​ដែល​គេ​សរសេរ​នឹង​ដៃ​។ ឯ​ការធ្វើ​ទីផ្សារ​Online​គឺ​យើង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ចង​ជា​ក្រុម​ឬ​ប្រព័ន្ធ​ក្នុង​កុំព្យូទ័រ វា​មាន​លក្ខណៈ​ទូលាយ​ជាង​និង​ជំរុញ​ដល់​ការលក់​ងាយស្រួល​ជាង​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា ៖ ចុះ​តើ​ការធ្វើ​ធុរកិច្ច​ទីផ្សារ​ជា​បណ្ដាញ​នេះ មានគុណ​សម្បត្តិ​និង​គុណវិបត្តិ​អ្វីខ្លះ​ដែរ​ទៅ​?
 
​លោក ឡី សុភាព ៖ គុណសម្បត្តិ​គឺ​ត្រង់​ថា វា​ងាយ​ជំរុញ​ដល់​ការលក់​ចំណាយ​ដើមទុន​តិច ហើយក៏​អាច​ចាប់ផ្ដើមបាន ឬ​មិនចាំបាច់​មាន​អ្នក​បោះ​ដុំ​ច្រើន ក៏​អាច​ចែកចាយ​បាន ពិសេស​ទោះ​បច្ចុប្បន្នកំពុង​ប្រឈម​និង​កូ​វីដ​ក្ដី ក៏​ទីផ្សារ​អន​ឡាញ​នៅតែ​ធំ និង​រក្សា​ចំនុច​ល្អជា​ច្រើន​ផ្សេងទៀត​។​រីឯ​គុណវិបត្តិ​វិញ​គឺ​នៅត្រង់ថា​កាលណា​យើង​មិនមាន​ការយល់ដឹង​ច្បាស់​នោះទេ ងាយ​និង​ចាញ់បោក​គេ​ណាស់ ព្រោះ​ការចង​ជា​ប្រព័ន្ធ​នេះ កាលណា​កាន់តែ​រីកចម្រើន​មនុស្ស​នៅក្នុង​ប្រព័ន្ធ គឺ​រឹតតែ​ច្រើន​ដូច្នេះ​លែង​អី​និង​ពិបាក​គ្រប់គ្រង​នោះទេ​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា ៖ កន្លងមក​មាន​ពាក្យ​ថា ការធ្វើ​ទីផ្សារ​ជា​បណ្ដាញ ឬ​Network​នេះ គឺជា​ការបោកប្រាស់​។ តើ​ការបោកប្រាស់​នោះ ក្រោមរូបភាព​យ៉ាងម៉េច​ដែរ​ទៅ​?
 
​លោក ឡី សុភាព ៖ តាមពិត​ទីផ្សារ​ជា​បណ្ដាញ​នេះ​ល្អ​ណាស់ ប៉ុន្តែ​មាន​ជនខិលខូច​មួយចំនួន​បាន​យក​វា​ទៅប្រើ​ប្រាស់​ខុស ដើម្បី​បានជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​រូបភាព​នៃ​ការបោកប្រាស់​នេះ វា​មិន​ខុស​អី​ពី​ការបោកប្រាស់​ទូទៅ​នោះទេ គ្រាន់តែ​វា​ងាយ​និង​រីកសាយ​ជាង ព្រោះ​បើកាលណា​តែ​ចាញ់បោក​ម្នាក់​នោះ និង​ចាញ់បោក​តរៗ​គ្នា​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា ៖ ដូច្នេះ​តើ​យើង​អាចធ្វើ​ទីផ្សារ​ជា​បណ្ដាញ​ទៅលើ​អ្វីខ្លះ​ដែរ​?
 
​លោក ឡី សុភាព ៖ គឺ​យើង​អាចអនុវត្ត​ទៅលើ​អ្វី​ក៏បាន មិន​ថា ផលិតផល សេវាកម្ម ឬ​ដីធ្លី នោះទេ ឱ្យតែ​យល់ដឹងបាន​ច្បាស់​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា ៖ តើ​ពលរដ្ឋ​ត្រូវធ្វើ​យ៉ាងណា ដើម្បី​កុំឱ្យ​ចាញ់បោក​ជនខិលខូច​ទាំងនោះ​?
 
​លោក ឡី សុភាព ៖ រឿង​ដែល​សំខាន់បំផុត​គឺ​ត្រូវ​ចូលរួម​ការបណ្ដុះបណ្ដាល ហើយ​នៅ​សមាគម​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​កម្ពុជា និង​បណ្ដុះបណ្ដាល​ផ្ទាល់ ដើម្បី​ទទួលបាន​ភាពច្បាស់លាស់ យើង​អាច​ដឹង​ច្បាស់​អំពី​ផលិតផល​ឬ​សេវាកម្ម ដែល​ចង់​ធ្វើ​នោះ​ថា មាន​ប្រភព​មកពីណា​? ស្របច្បាប់​ដែរឬទេ​?​កំណត់សម្គាល់​ត្រង់ណា​ខ្លះ​? ទើប​អាច​ទុកចិត្តបាន​មុននឹង​វិនិយោគ​ជៀសវៀង​ការ​ទៅធ្វើ​តាម​គ្នា​ដោយ​ខ្វះ​ព័ត៌មាន​ជាក់លាក់​៕

Tag:
 ធុរកិច្ច​
 ​ទីផ្សារ
 ​អន​ឡាញ​
 ​បណ្ដុះបណ្ដាល​
© រក្សាសិទ្ធិដោយ thmeythmey.com