នាទិវាពលកម្មអន្តរជាតិលើកទី១៣៤ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារលិខិតជូនទៅកម្មករនិយោជិត ដូចរាល់ឆ្នាំកន្លងមក។ តាមរយៈសារលិខិត ដែលចុះហត្ថលេខាតាំងពីថ្ងៃទី៧ ខែមេសា សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីគុណសម្បត្តិរបស់រដ្ឋាភិបាល ក្នុងការបង្កើតការងារបានកាន់តែច្រើន និងប្រសើរឡើងជូនប្រជាពលរដ្ឋ ជាពិសេសយុវជន។
សម្តេចនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាល អាចធានាបានអាត្រាមានការងារធ្វើ ៩៩,៧ភាគរយ នៃកម្លាំងពលកម្មសរុប១០លាននាក់ ដោយក្នុងនោះ នៅក្នុងប្រទេស ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានជាង១,៥លាននាក់ ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានជាង២,២លាននាក់ វិស័យកសិកម្ម មានប្រមាណ៤លាននាក់ មន្ត្រីសាធារណៈ មានប្រមាណ៥០ម៉ឺននាក់ បួករួមទាំង ពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ជាង១,២៨លាននាក់។
យ៉ាងណា បច្ចុប្បន្ន កម្មកររោងចក្រច្រើនគួរសមដែរ ត្រូវបាត់បង់និងព្យួរការងារ ដោយសារការជះឥទ្ធិពលនៃជំងឺកូវីដ-១៩។ បើតាមក្រសួងការងារ មកដល់ពេលនេះ មានរោងចក្រជាង១៣០ហើយ ដែលសុំព្យួរការងារ ហើយមានកម្មករជិត១០ម៉ឺននាក់ ដែលរងផលប៉ះពាល់។
ក្រៅពីនេះ អ្នកបម្រើការងារ ក្នុងវិស័យផ្សេងៗទៀត ក៏រងផលប៉ះពាល់ដែរ បន្ទាប់ពីរដ្ឋាភិបាលបិទអាជីវកម្មមួយចំនួនជាបណ្តោះអាសន្ន។ ប្រភេទអាជីវកម្មទាំងនោះ រួមមាន ខារ៉ាអូខេ ក្លិបកម្សាន្ត ប៊ីហ្កាឌិន រោងកុន កាស៊ីណូ កន្លែងម៉ាស្សា-ស្ប៉ា និង កន្លែងហាត់ប្រាណ ជាដើម។
ក្នុងសារលិខិតដដែល សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញពីការយកចិត្តទុកដាក់និងការលើកកម្ពស់របស់រដ្ឋាភិបាល ទៅលើសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិត នៅតាមគ្រប់រោងចក្រ-សហគ្រាស។ សម្តេចនាយករដ្ឋមន្ត្រី បន្តថា ការបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត ត្រូវបានអនុវត្តយ៉ាងសកម្ម។
ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល បានរំលេចពីព្រឹត្តិការណ៍ ដែលកំពុងកើតឡើងនៅកម្ពុជាថា ជាមួយនឹងការលេចឡើងនូវជំងឺកូវីដ-១៩ រដ្ឋាភិបាល បានចាត់វិធានការហ្មត់ចត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះសុខភាពរបស់ប្រជាជលរដ្ឋ រួមទាំងជំរុញកម្មករនិយោជិត ឲ្យប្រកាន់ភ្ជាប់នូវការរក្សាអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ប្រមុខរដ្ឋាភិបាល ប្រាប់កម្មករនិយោជិតថា ការបើកចំហសេរីភាពនៅកម្ពុជា បានធ្វើឲ្យការចុះបញ្ជីអង្គការវិជ្ជាជីវៈ កើនឡើងគួរឲ្យគត់សម្គាល់។ ប្រមុខរដ្ឋាភិបាល បង្ហាញតួលេខក្នុងសារលិខិតថា ដោយគិតត្រឹមឆ្នាំ២០១៩ មានអង្គការវិជ្ជាជីវៈជាង៥,២ពាន់ ដែលកំពុងប្រតិបត្តិការ ដោយក្នុងនោះ សហជីពមូលដ្ឋាន មានជិត៥ពាន់ សហព័ន្ធសហជីព មាន២១៦ សហភាពសហជីព មាន៣៣ និង សមាគមនិយោជក មាន១១៕