COVID-19
អន្តរជាតិ
COVID-19៖ បុរសម្នាក់បដិសេធពាក់អុកស៊ីសែន ដើម្បីស្លាប់ក្នុងថ្ងៃតែ១ជាមួយភរិយា
× ស្វាមី និងភរិយា បានស្លាប់ក្នុងថ្ងៃតែមួយដោយសារ COVID-19 ក្រោយចំណងអាពាហ៍ពិពាហ៍ជាង៦០ឆ្នាំ។ BBC បានដកស្រង់ប្រភពពីគ្រួសារអង់គ្លេសនេះថា ស្វាមីបានបដិសេធពាក់ឧបករណ៍ដកដង្ហើម (អុកស៊ីសែន) បន្ទាប់ពីគាត់ទទួលដំណឹងមរណភាពរបស់ភរិយាខ្លួន។
លោកតា Bill Dartnall អាយុ៩០ឆ្នាំ បានស្លាប់រយៈពេលប៉ុន្មានម៉ោងក្រោយពេលដែលលោកយាយ Mary អាយុ៨១ឆ្នាំ ដែលភរិយា បានស្លាប់នៅមន្ទីរពេទ្យ Southampton General ប្រទេសអង់គ្លេស ដោយសារ COVID-19។
អ្នកស្រី Rosemary បានអះអាងថា៖ «លោកប៉ា មិនចង់រស់នៅដោយគ្មានម៉ាក់នោះឡើយ ដោយគាត់បានបានបដិសេធពាក់បំពង់អុកស៊ីសែន ក្រោយដឹងពីមរណភាពរបស់ម៉ាក់»។
ពួកគាត់បានរៀបការជាមួយគ្នាអស់រយៈពេលប្រមាណ៦៣ឆ្នាំ ហើយរស់នៅបណ្តោះអាសន្ននៅទីតាំងថែទាំសុខភាពដែលរៀបចំនៅសណ្ឋាគារ Holiday Inn ក្រុង Southampton បន្ទាប់ពីលោកយាយ Mary បានធ្លាក់ខ្លួនឈឺ កាលពីចុងខែមីនា មក។ ក្រោយមក លោកតា Bill ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា បន្ទាប់ពីលទ្ធផលតេស្តវិជ្ជមាន COVID-19។
អ្នកស្រី Rosemary បានបញ្ជាក់ថា ឪពុករបស់ខ្លួនចង់ធ្វើដំណើរជាគូរ ដោយមិនចង់ឲ្យវិញ្ញាណក្ខន្ធភរិយាតែលតោលនោះឡើយ។ «ពិតជាពិបាកទប់ចិត្តបានណាស់ ចំពោះការបាត់បង់ឪពុកម្តាយ ប៉ុន្តែការរស់នៅបែកបាក់គ្នារបស់ពួកគាត់ ក៏កាន់តែមានការឈឺចាប់ខ្លាំងផងដែរ។
Rosemary Dartnall និង Ann ដែលជាប្អូនស្រី សុទ្ធតែមិនបានទាន់ដង្ហើមឪពុកម្តាយរបស់ខ្លួនឡើយ។ ពួកគាត់សុទ្ធតែមានការសោកស្តាយ ហើយសន្យារៀបចំពិធីដ៏សមគួរសម្រាប់ឪពុកម្តាយខ្លួន ក្រោយពេលដែលស្ថានភាព COVID-19 ស្ងប់ស្ងាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com