ជាតិ
តើ​កម្ពុជា​អាច​ជោគជ័យ ក្នុងការ​ប្រឆាំង​ផ​លិត​ផល​ប្លា​ស្ទិ​ក​ដែល​ប្រើ​ម្តង​បោះចោល​ឬទេ​?
02, May 2020 , 5:59 pm        
រូបភាព
​ដោយ ៖ ភួង វ៉ាន់​ថា និង Jazmyn Himel
 
​ភ្នំពេញ ៖ ការហាមឃាត់​លើ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នៅតាម​ហាង​កាហ្វេ អាហា​រដ្ឋា​ន ផ្សារ​ទំនើប ក៏ដូចជា​ជំរុញ​ការចូលរួម​ពី​ប្រជាជន អាច​នឹង​ជួយ​ឲ្យ​កម្ពុជា សម្រេច​ជោគជ័យ ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ ប៉ុន្តែ​សំនួរ​សួរថា តើ​ការធ្វើ​បែបនេះ​អាច​នឹង​ទៅរួច​ដែរឬទេ​?


 
​ប្រទេស​កម្ពុជា ត្រូវការ​ដំណោះស្រាយ​ជាច្រើន ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហា​សំរាម​ប្លា​ស្ទិ​ក ដែល​កំពុង​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។ កាលពី​ខែ វិច្ឆិកា ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន បានប្រកាសថា អនុ​ក្រឹ​ត​មួយ​ស្តីពី​ការហាមឃាត់​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បានតែ​ម្តង​នឹង ត្រូវ​ដាក់ចេញ​។ 
 
«​ខ្ញុំ​មិនអាច​បញ្ជាក់​ពី​កាលបរិច្ឆេទ​ពិតប្រាកដ​បាន​នៅឡើយ​ទេ ថា​វា​អាច​បញ្ចប់​នៅពេលណា ប៉ុន្តែ​យើង​កំពុង​រៀបចំ​អនុក្រឹត្យ​នេះ ដែល​អាច​នឹង​បញ្ចប់​នាពេល​ឆាប់ៗ​ខាងមុខ​»​។  នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេ​ត ភ​ត្ត្រា​។ លោក បាន​បន្តទៀតថា គម្រោង​ដាក់​បម្រាម​នេះ បានប្រកាស​កាលពី​ថ្ងៃទី​១៣ ខែ វិ​ច្ជិ​កា ឆ្នាំ​២០១៩ ដែល​ផ្តោតលើ​ការគ្រប់គ្រង ការ​នាំចូល​ផលិតផល​ប្លា​ស្ទិ​ក​ដែល​អាច​ប្រើប្រាស់​បានតែ​ម្តង ដូចជា​ទុយោ សម ស្លាបព្រា កែវ​ជ័រ ហើយ​ផ្តោត​សំខាន់​លើ ហាង​កាហ្វេ អាហា​រដ្ឋា​ន ផ្សារ​ទំនើប ក៏ដូចជា​ការ​ការប្រើប្រាស់​ជា​លក្ខណៈ​បុគ្គល​ផងដែរ​។ 
 
​ការបង្កើន​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រើប្រាស់​ប្លា​ស្ទិ​ក មិនមែន​មានតែ​នៅ​ប្រទេស​កម្ពុ​ជាមួយ​នោះទេ​។ អង្គការ GreenPeace ក៏បាន​ចេញ​គោលនយោបាយ​សង្ខេប​រប​ស់​ខ្លួន ដែល​បាន​គូ​បញ្ជាក់ ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ជា​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​ឬ​ហៅ​កាត់​ថា អាស៊ាន​) ប៉ុន្តែ​បានកត់សម្គាល់​ផងដែរ ពី​ដែន​កំណត់​នៃ​ដំណោះស្រាយ របស់​ប្រទេស​នីមួយៗ ចំពោះ​បញ្ហា​សកល​រួមគ្នា​ផងដែរ​។ ប្រទេស​ម៉ាឡេស៊ី និង​ថៃ​បានដាក់​ចេញ ផែនការ​លម្អិត ក្នុង​គោលបំណង​មិន​បន្ត ប្រើប្រាស់ ប្លា​ស្ទិ​ក​ទាំងស្រុង ស្រប​ពេលដែល សមាជិក​អ​ស៊ាន​ផ្សេងទៀត បានបង្ហាញ​ពី​ការប្តេជ្ញា​តិចជាង​នេះ​។ កម្ពុជា ក៏បាន​បង្ហាញ​ពី​គោលនយោបាយ​កំណត់​យក​តម្លៃ ៤០០​រៀល លើ​ថង់​ប្លា​ស្ទិ​កមួយ នៅតាម​ផ្សារ​ទំនើប​ផងដែរ​។​
 
​ការអភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ជិត ៧ ភាគរយ ប្រមាណ​មួយ​ទសវត្សរ៍​នេះ បានធ្វើ​ឲ្យ​កម្ពុជា​ប្រឈមមុខ​នឹង​បញ្ហា​បរិស្ថាន​ជាច្រើន​។  ក្នុង​មួយថ្ងៃ កម្ពុជា​ផលិត​កាកសំណល់​ជាង​មួយ​ម៉ឺន​តោន ស្មើនឹង​ជាង ៣,៦ លាន​តោន​ក្នុង​មួយឆ្នាំ​។ កំណើន​នៃ​ការប្រើប្រាស់ កើនឡើង​ប្រមាណ​ជាង​១០ ភាគរយ ក្នុង​មួយឆ្នាំ​។ ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ផលិត​សំរាម​ប្រមាណ ៣,០០០ តោន ក្នុង​មួយថ្ងៃ ក្នុងនោះ ២០ ភាគរយ ជា​កាកសំណល់​ប្លា​ស្ទិ​ក​។ 
 
​ចំណែក​ខេត្ត​ទេសចរណ៍​ដូចជា ព្រះសីហនុ មាន​សំរាម​ប្រមាណ​ថា ១,០០០ តោន និង ៣០០ តោន ក្នុង​ខេត្តសៀមរាប ដែល​ត្រូវបាន​បោះចោល​ជា​រៀងរាល់ថ្ងៃ​។ សំរាម​តិចជាង​៥០ ភាគរយ​តែប៉ុណ្ណោះ ដែល​ត្រូវបាន​ចាក់​នៅ​ទីលាន​ចាក់សំរាម ក្រៅពីនោះ​គឺ​ត្រូវបាន ដុតចោល ឬ​ហូរ​ចូល​ទឹក​។  

​ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេមេគង្គ ស្ថិតក្រោម​ការគំរាមកំហែង​ដោយ​សំរាម​ប្លា​ស្ទិ​ក​
 
​ការបំពុល​ថ្មី​លើ​ទន្លេមេគង្គ បង្កឡើង​ពី​សំណល់​ប្លា​ស្ទិ​ក ស្រប​ពេលដែល​ទន្លេមេគង្គ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ទន្លេ​ដែល​ពោរពេញ​ទៅដោយ​ធាន​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​។ ក្នុង​ឆ្នាំ​២០១៨ អ្នកស្រាវជ្រាវ​បី​រូប​មាន Christian Schmidt, Tobias Krauth និង Stephen Wagner បាន​សិក្សា​លើ​ទន្លេ​ចំនួន ៥៧ ដោយបាន​រកឃើញថា ៩៣ ភាគរយ នៃ​សំរាម​ទូទាំង​ពិភពលោក ស្ថិតនៅក្នុង​ទន្លេ​ទាំងនោះ​។  ទន្លេ​នីមួយៗ ត្រូវបាន​រកឃើញថា មាន​សំរាម​ប្លា​ស្ទិ​ក ចន្លោះ​ពី ០,៤៧ លាន ដល់ ២,៧៥ លាន​តោន ហើយ​សំណល់​ទាំងនោះ បាន​បន្ត​ហូរ​ចូលក្នុង​មហាសមុទ្រ ជា​រៀងរាល់ឆ្នាំ​។​
 
«​សំណល់​ប្លា​ស្ទិ​ក​ចំនួន ៨​លាន​តោន បាន​ហូរ​ចូល​មហាសមុទ្រ​ទូទាំង​ពិភពលោក​។ ភាគច្រើន​នៃ​លំហូរ​តាមរយៈ​ទន្លេ ក្នុងនោះ​មាន​ទន្លេមេគង្គ​ផងដែរ​»​។ នេះ​បើតាម​កា​លើកឡើង​របស់លោក Nick Beresford តំណាង  UNDP នៅ​កម្ពុជា​។ លោក​បន្ថែមថា ៖ «​សារធាតុ​គីមី​ពុល​ប្រមូលបាន​ផ្តុំ និង​ឆ្លងកាត់​តាម​សង្វាក់​នៃ​ចំណីអាហារ​ផង​»​។ 
 
​បើតាម​របាយការណ៍​មូលនិធិ​អ៊ីតាលី ACRA  ដែល​កំពុង​ព្យាយាម​ប្រយុទ្ធ​ប្រឆាំងនឹង​កាកសំណល់​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា  ប្លា​ស្ទិ​ក​ត្រូវបាន​បំបែក​ទៅជា​ភាគល្អិត ដែល​លាយ​ជាមួយ​ទឹក ហើយ​ក្លាយជា​ចំណី​ត្រី​។ ភាគល្អិត​អាច​រកឃើញ​នៅក្នុង​ខ្លួន​មនុស្ស នៅពេល​ពួកគេ​ផឹកទឹក ឬ​បរិភោគ​ត្រី​ទាំងនោះ​។ 
 
«​ត្រី​ជា​អាហារ​ដែល​ប្រជាជន​ជាង​៦០ ភាគរយ បរិភោគ​ជាប្រចាំ ដែល​នេះ​ជា​បញ្ហាសំខាន់​ជាពិសេស​ប្រជាជន នៅតាម​តំបន់​ជនបទ​»​។ លោក Beresford មានប្រសាសន៍​បែបនេះ​។​
​គណៈកម្មការ​ទន្លេមេគង្គ (MRC) មាន​ប្រទេស​ចំនួន​បួន​ជា​សមាជិក នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម​គឺ កម្ពុជា ឡាវ ថៃ និង​វៀតណាម ។ គណៈកម្មការ​ទន្លេមេគង្គ ដែលមាន​ស្នាក់ការ​នៅ​ទីក្រុង​វៀងចន្ទន៍ បាន​ប្រាប់​កាសែត​នាពេល​ថ្មីៗ​នេះ​ថា គ្រួសារ​កម្ពុជា ប្រើប្រាស់​ប្លា​ស្ទិ​ក​ច្រើនជាង ១០​ដង ក្នុង​មួយថ្ងៃ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស ដែលមាន​សេដ្ឋកិច្ច​អភិវឌ្ឍ ។ 
 
​កាលពី​ខែកុម្ភៈ ឆ្នាំ ២០២០ ប្រទេស​ឡាវ​បាន​ធ្វើជា​ម្ចាស់ផ្ទះ នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​អង្គការ​កម្មវិធី​បរិស្ថាន​នៃ​អង្គការសហប្រជាជាតិ (UNEP) ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​មាន​សមាសភាព​ចូលរួម​ពី តំណាង​រដ្ឋាភិបាល និង​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ប្រមាណ ៥០ នាក់ ដែលមាន​ពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម បានបង្ហាញ​វិធីសាស្ត្រ​វាយតម្លៃ​របស់ខ្លួន ក្នុង​រយៈពេល​១០ ខែ លើ​ការសិក្សា​ពី​កម្ទេច​ប្លា​ស្ទិ​ក និង​ប្រភព​របស់​វា​ក្នុង​ទន្លេមេគង្គ​។​
 
​លោក មាស សុភ័ក្ត្រ មន្ត្រី​ព័ត៌មាន​នៃ​គណៈកម្មការ​ទន្លេមេគង្គ បាន​លើកឡើងថា នៅក្នុង​ឆ្នាំនេះ​គណៈកម្មការ​ទន្លេមេគង្គ កំពុង​ចាប់ផ្តើម​ពិនិត្យឡើងវិញ​លើ​ស្ថានភាព និង​ទិដ្ឋភាព​ច្បាប់ នៃ​ការគ្រប់គ្រង​ប្លា​សិ្ទ​កនៅ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ ចំណែក​លទ្ធផល​ពី​ការត្រួតពិនិត្យ​រួម នៃ​គម្រោង​ដឹកនាំ​ដោយ​អង្គការ​កម្មវិធី​បរិស្ថាន​អង្គការ​សហ​ប្រជា ជាតិ  នេះ នឹង​បង្ហាញ​ពី​ផែន​ការដែល​គណៈកម្មកា​រ​ទន្លេមេគង្គ ត្រូវធ្វើ​សម្រាប់​រយៈពេល ៥ ឆ្នាំ​ខាងមុខ​។ 
​ការយល់ដឹង​នៃ​ផលប៉ះពាល់​នៃ​សំណល់​ប្លា​ស្ទិ​ក​នៅមានកម្រិត  
 
​គម្រោង​របស់​អង្គការ​កម្មវិធី​បរិ​ស្ដា​ន​អង្គការសហប្រជាជាតិ លើ​ផែនការ​ឆ្លើយតប នឹង​សំណល់​ប្លា​ស្ទិ​ក ដែល​ទទួលបាន​ថវិកា​គាំទ្រ​ចំនួន ១,១ លាន​ដុល្លារ ពី​រដ្ឋាភិបាល​ជប៉ុន បានបញ្ចប់​នៅ​ខែមីនា​ឆ្នាំ​២០២០​។ ផែនការ​នេះ មានបំណង​ផ្តល់​ឲ្យ​ទីភ្នាក់ងារ​អន្តររដ្ឋាភិបាល​ស្រាវជ្រាវ ស្វែងរក​ទិន្នន័យ​ជាក់លាក់ និង​អនុសាសន៍ ដើម្បី​កំណត់​នូវ​ដំណោះស្រាយ​លើ​ការបំពុល​ប្លា​ស្ទិ​ក នៅតាម​ដង​ទន្លេមេគង្គ និង​ទន្លេ​គង្គា​។​
 
​លោកស្រី Kakuko Nagatani-Yoshida ជា​អ្នកសម្របសម្រួល​ប្រចាំ​តំបន់ របស់​អង្គការសហប្រជាជាតិ ផ្នែក​គីមី​កាកសំណល់ និង​គុណភាព​ខ្យល់ បាន​ពន្យល់ថា​៖ « មិនមាន​ការសិក្សា​ទូលំទូលាយ​ណាមួយ ស្តីពី​ការបំពុល​ប្លា​ស្ទិ​ក​នៅក្នុង​ទន្លេមេគង្គ​ទេ ហើយ​មិនមាន​ប្រភព​ច្បាស់លាស់ ក៏ដូចជា​ផលប៉ះពាល់​ដែរ​»​។ លោក​បាន​បន្ថែមថា គោលបំណង​របស់​គម្រោង​ខាងលើ គឺ​ដើម្បី​ដាក់បញ្ចូល​ភាពខ្វះខាត​នៃ​ចំណេះដឹង​នេះ​។ 
 
​លោកស្រី Nagatani-Yoshida រំពឹងថា រាល់​ការរកឃើញ របស់​អង្គការ​កម្មវិធី​បរិស្ថាន អង្គការសហប្រជាជាតិ ដែល​ត្រូវ​ចេញផ្សាយ​នៅ​ខែឧសភា ឆ្នាំ​២០២០ នឹង​ផ្តល់នូវ​ខ្លឹមសារ អំពី​ការបំពុល ដែល​ប៉ះពាល់​ដល់​ទន្លេមេគង្គ​។​
 
«​ការរកឃើញ​នេះ នឹង​ផ្តល់នូវ​ការ​ចំណេះដឹង​ជាក់លាក់ លើ​ការបំពុល​បរិស្ថាន ដោយ​ប្លា​ស្ទិ​ក​នៅតាម​ដង​ទន្លេមេគង្គ​។  
 
«​យើង​សង្ឃឹមថា​នៅពេល​អនាគត យើង​នឹង​សហការ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ។ ការកើនឡើង​យ៉ាង​ឆាប់រហ័ស នៃ​កាកសំណល់​ប្លា​ស្ទិ​ក​នៅក្នុង​តំបន់ និង​ទូទាំង​ពិភពលោក ដូច​អ្វីដែល​យើង​ដឹង​រួចហើយ គឺ​ត្រូវការ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ឆ្លើយតប​» ។ លោកស្រី​បាន​បន្ថែម​ដូច្នេះ​។ 
 
​លោកស្រី​បាន​ពន្យល់​ពី​របៀប​ដែល​បច្ចេកវិទ្យា និង​បច្ចេកទេស​ថ្មី ត្រូវបាន​អនុញ្ញាត​ឲ្យ អង្គការ​កម្មវិធី​បរិ​ស្ថាន​របស់​អង្គការសហប្រជាជាតិ ប្រមូល​ទិន្នន័យ​ស្តីពី​ការបំពុល​ប្លា​ស្ទិ​ក រួមមាន​ការអនុម័ត​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ ដែលជា​ការច្នៃប្រឌិត​ថ្មី​របស់​ជប៉ុន ដែល​អាច​រកឃើញ​បំណែក​ភាគល្អិត​នៃ​ប្លា​ស្ទិ​ក​។  
 
 
«​បន្ថែម​ពីលើ​បច្ចេកវិទ្យា​ទាំងអស់នេះ គម្រោង​ខាងលើ ក៏​នឹង​ផ្តោតលើ​ការស្ទង់មតិ​ដើម្បី​ចុះបញ្ជី និង​ចាត់ថ្នាក់​ប្រភេទ​ប្លា​ស្ទិ​ក នៅតាម​ទីតាំង​នានា​ជុំវិញ​ទន្លេមេគង្គ ហើយ​គេ​អាច​កំណត់​ពី​ប្រភេទ​ប្លា​ស្ទិ​ក ដែល​ចូលក្នុង​ទន្លេមេគង្គ​។ វា​នឹង​អនុញ្ញាត​ឲ្យ​យើង​ចេញ ដំណោះស្រាយ​ដ៏​ល្អ​បំផុត សម្រាប់​បញ្ហា​ដែល​បានកំណត់ ក្នុង​គោលនយោបាយ​រួម​»​។ លោកស្រី Nagatini-Yoshida ពន្យល់​បន្ថែម​។​
 
​ចំណែក​នៅក្នុង​ដែនសមុទ្រ​កម្ពុជា ការស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី បាន​កត់សម្គាល់ថា សំណល់​ដប​ប្លា​ស្ទិ​ក​ភាគច្រើន នៅ​ប្រជុំ​កោះ​កោះរ៉ុង​ខេត្ត​ព្រះសីហនុ​។ វា​កើតចេញពី​សម្ភារ​វេច​ខ្ចប់​អាហារ ដែល​ត្រូវបាន​គេ​បោះចោល រួមជាមួយ​ទុយោ និង​ឧបករណ៍​នេសាទ​ផ្សេងៗ​ទៀត​ដែរ​។​
 
​ពេលបច្ចុប្បន្ន​នេះ កម្ពុជា កំពុង​ខិតខំ​ស្វែងរក​តុល្យភាព រវាង​ការរស់នៅ​បែប​ប្រពៃណី និង​ភាពទំនើប ក៏ដូចជា​ការអភិរក្ស និង​ការអភិវឌ្ឍ​។ ប៉ុន្តែ​សំណួរ​នៅតែមាន​ថា តើ​វា​នឹងធ្វើ​បែបណា ដើម្បី​អាច​ដោះស្រាយ​បញ្ហា​សំរាម ដែល​ខ្លួន​ប្រឈម​នាពេល​បច្ចុប្បន្ន​?
 
​កំណើន​នៃ​វប្បធម៌​បរិភោគ​កាហ្វេ​នៅ​កម្ពុជា​
 
​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​មាន​កំណើន​សំរាម​ប្លា​ស្ទិ​ក គឺ​ការកើនឡើង​នៃ​ការផឹក​កាហ្វេ ព្រោះ​កាកសំណល់​ប្លា​ស្ទិ​ក​ភាគច្រើន ចេញ​មកពី​អ្នកលក់​នៅតាម​ចិញ្ចើមថ្នល់ រហូតដល់​ហាង​កាហ្វេ​ធំៗ​។ ប្រោ​ន​កាហ្វេ (Brown Coffee) ជា​ហាង​ដ៏​ល្បី​មួយ​ក្នុងស្រុក ដែលមាន ១៨ សាខា​នៅ​ភ្នំពេញ និង​២​សាខា​នៅ​សៀមរាប​។ ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ដែលជា​ហាង​កាហ្វេ​ថៃ មាន​រហូតដល់ ១០០ ហាង​នៅ​ភ្នំពេញ ៦ ហាង​នៅ​សៀមរាប និង ៥​ហាង​នៅ​ក្រុងព្រះសីហនុ​។ ហាង​កាហ្វេ​ទាំងពីរ​នេះ បាន​ប្រើប្រាស់​កែវ​ប្លា​ស្ទិ​ក​យ៉ាងតិច ៥២,០០០​កែវ ក្នុង​មួយថ្ងៃ ដែល​ក្នុងនោះ កាហ្វេ​ប្រោ​ន​ប្រើប្រាស​កែវ​ជ័រ ប្រមាណ ៨,០០០ ខណៈ អា​ម៉ា​ហ្សូ​ន​ប្រើប្រាស់ ៤៤,០០០ កែវ​។​
 
​ចំណែក​ហាង​កាហ្វេ​ផ្សេងទៀត ក៏មាន​សាខា​ច្រើន និង​ប្រើប្រាស់​កែវ​ជ័រ​ច្រើន​ដូចគ្នា​។ ហាង​កាហ្វេ Café Today ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា ប្រើប្រាស់ កែវ​រហូតដល់ ៥០០០ ជា​រៀងរាល់ថ្ងៃ ដោយ​កាហ្វេ​នេះ​មាន​សាខា​ចំនួន ១៧ ក្នុង​រាជធានី​ភ្នំពេញ​។ រីឯ​ហាង​កាហ្វេ ម៉ូ​បាល​កាហ្វេ (Mobile Café) មាន​សាខា​ចំនួន​៧ ប៉ុន្តែ​មិនមាន​ការប៉ាន់ស្មាន​ជាក់​លាក់ ពី​កែវ​ប្លា​ស្ទិ​ក​ដែល​ហាង​នេះ​ប្រើប្រាស់​ឡើយ​។​
 
​អ្នក​និយម​ពិសា​កាហ្វេ និស្សិត ជា សុជាតិ អាយុ ២៣ ឆ្នាំ បាន​និយាយថា លោក​ពិសា​កាហ្វេ​ច្រើនជាង ១០ ដង ក្នុង​មួយខែ ប៉ុន្តែ​លោក​ផ្ទាល់ មិនមាន​គម្រោង​កាត់បន្ថយ​ការប្រើប្រាស់​កែវ​ប្លា​ស្ទិ​ក​នោះទេ​។ លោក​បាន​និយាយថា​៖«​ខ្ញុំ​មិនដែល​បោះ​ប្លា​ស្ទិ​ក​របស់ខ្ញុំ ក្រៅ​ធុងសំរាម​នោះទេ  ហើយ​ខ្ញុំ​ក៏​មិនមាន​គម្រោង​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែរ ព្រោះ​វា​ជា​មធ្យោបាយ​ងាយស្រួល ក្នុង​ការរស់នៅ​រាល់ថ្ងៃ​»​។ 
 
​ដោយឡែក អ្នក​និយម​ពិសា​កាហ្វេ​ម្នាក់ទៀត គឺ កញ្ញា អ៊ឹម ស្រី​ម៉ិច អាយុ ២៤​ឆ្នាំ បាន​និយាយថា កញ្ញា តែងតែ​មក​ប្រជុំ ជាមួយ​ក្រុមការងារ​រ​បស់​កញ្ញា  និង​ប្រើប្រាស់​កែវ កាហ្វេ​ប្លា​ស្ទិ​ក​ស្ទើ​រៀងរាល់​ចុង​សប្តាហ៍​។ នាង​បាន​និយាយថា​៖ «​ខ្ញុំ​ន​ចង់​ធ្វើ​ឲ្យ​ខ្លួន​រវល់​ពេក ដោយ​យក​របស់​ជាច្រើន​តាម​ខ្លួន  ដូចជា​ដប​នោះទេ ព្រោះ​មាន​របស់​ជាច្រើន​តាម​ខ្លួន​ហើយ​»​។​
 
​លោក Beresford បាន​និយាយថា អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ មិនទាន់បាន​សិក្សា​ពី​កាកសំណល់​ប្លា​ស្ទិ​ក ពី​ហាង​កាហ្វេ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​បាន​កត់សម្គាល់ថា ការទិញ​កាហ្វេ​មួយ​កែវ មាន​ប្លា​ស្ទិ​ក​ជាច្រើន​មកជា​មួយ ដូចជា កែវ គម្រប ទុយោ និង​ថង់យួរ​ជាដើម​។ វា​ត្រូវបាន​ប្រើប្រាស់​តែមួយ​ដង​គត់ ហើយ​ត្រូវ​បោះចោល​ភ្លាមៗ​ដែរ​។​
 
​ប្រធាន​គ្រប់គ្រង​ហាង​កាហ្វេ​ប្រោ​ន​កាហ្វេ កញ្ញា ចែម ស្រី​អឿន បាន​លើកឡើងថា អ្នកស្រី​គាំទ្រ លើ​អនុក្រឹត្យ​ហាមឃាត់​លើ​ប្លា​ស្ទិ​ក ដែល​ប្រើប្រាស់​បានតែ​ម្តង ដើម្បី​ចូលរួម​បញ្ឈប់​ការប្រើប្រាស់​សំរាម​ប្រភេទ​នេះ​។ 
 
​លោកស្រី​បន្តថា​៖ «​យើង​កំពុង​ស្ថិតក្នុង​ដំណើរការ​សិក្សា និង​សាកល្បង នូវ​ជម្រើស​ផ្សេង ដើម្បី​កាត់បន្ថយ​វត្ថុធាតុដើម ដែល​នៅ​សេសសល់ ក្នុង​ប្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ​ម្តង​» ។ 
 
​លោកស្រី​បន្ថែមថា ហាង​កាហ្វេ​ប្រោ​ន កំពុង​រកមើល​អ្នកផ្គត់ផ្គង់​ផលិតផល និង​ជម្រើស​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ផ្សេង​ពី​ប្លា​ស្ទិ​ក​។ លោកស្រី​បាន​និយាយថា ការប្រើប្រាស់​កែវ​ថ្ម ឬ​ពែង គឺជា​ផ្នែក​មួយ នៃ​ទំនិញ​របស់​កាហ្វេ​ប្រោ​ន  ហើយ​ប្រោ​ន ក៏បាន​ចាត់វិធានការ​មួយចំនួន ដើម្បី​កាត់បន្ថយ​កាកសំណល់​ប្លា​ស្ទិ​ក​រួចទៅហើយ​ដែរ​។​
 
​អ្នកលក់​នៅតាម​ផ្លូវ និង​ចំណូលចិត្ត​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​
 
​អ្នកលក់​នៅតាម​ចិញ្ចើមផ្លូវ ក៏បាន​ចូលរួម​បង្កើន​ការប្រើប្រាស់​សម្ភារ​ប្លា​ស្ទិ​ក​ដែរ ដ្បិតថា ថង់​ប្លា​ស្ទិ​ក បង្ក​ភាពងាយស្រួល និង​មាន​តម្លៃថោក​។ លោក លឹម អ​ណ្ណា អ្នកគ្រប់គ្រង​ហាង​កាហ្វេ Lot 369 បាន​លើក​ឡើយ​ដូច្នេះ​។​
 
​អាជីវករ​លក់ដូរ​ភេសជ្ជៈ​ឈ្មោះ ដា​លី​ស ដែល​ស្ថិតនៅ​ជិត​ផ្សា​របឹង​កេងកង ក្នុង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថ្មីៗ​ថា កញ្ញា​លក់​ភេសជ្ជៈ​ដែល​ច្រក​កែវ​ប្លា​ស្ទិ​ក ១០០ កែវ​ក្នុង​មួយថ្ងៃ​។ ចំណែក​អ្នកស្រី ណា​រី ដែលជា​ម្ចាស់​ហាង​កាហ្វេ​តាមផ្លូវ​តូច​មួយ នៅ​ជិត​ផ្សារ​ទួល​ទំពូង បាន​ពន្យល់ថា អតិថិជន​របស់ខ្លួន មិន​ចូលចិត្ត​កែវ​ថ្ម​ទេ​។ ជាធម្មតា​ពួកគេ​ស្នើសុំ​កែវ​ប្លា​ស្ទិ​ក ពីព្រោះ​វា​ងាយ​នឹង​យកចេញ​ក្រៅ​ហាង ហើយ​ពួកគេ​នៅ​គិតថា ការប្រើ​ប្លា​ស្ទិ​ក​មានតម្លៃ​ជាង​។  
 
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ក្រុមហ៊ុន វេច​ខ្ចប់​ផលិតផល Only One Planet អ្នកស្រី Sandy Kota បានផ្តល់​អនុសាសន៍​ថា ការ​វេច​ខ្ចប់​ដោយ​ប្រើប្រាស់​ស្លឹកចេក ធ្លាប់ជា​ទម្លាប់​ល្អ​មួយ ប៉ុន្តែ​បច្ចុប្បន្ន​ការប្រើប្រាស់​ប្លា​ស្ទិ​ក បានក្លាយ​ការ​វេច​ខ្ចប់​ដ៏​ពេញនិយម​នៅ​កម្ពុជា​ម្តង​។​
 
 «​នៅពេល​ខ្ញុំ​ចាប់ផ្តើម​គិតពី​រឿងនេះ​ដំបូង ខ្ញុំ​បាន​សួរ​អ្នក​ជុំវិញខ្លួន​ថា ហេតុអ្វី​បានជា​នាំគ្នា​ឈប់​ធ្វើ (​វេច​ខ្ចប់​ដោយ​ប្រើ​ស្លឹកចេក​)​។ ចម្លើយ​នោះ គឺ​វា​គ្រាន់តែ​ជា​ភាពងាយស្រួល សម្រាប់​ការប្រើប្រាស់​ប៉ុណ្ណោះ​»​។ 
 
​ស្លឹកចេក អាច​ប្រើ​បាន​រយៈពេល​ប្រមាណ​បី​ថ្ងៃ ប៉ុន្តែ​ត្រូវ​ចេះ​ច្នៃ​ដើម្បី​ប្រើប្រាស់ និង​មាន​ពេលវេលា​ផុតកំណត់​។ ទោះជា​យ៉ាងណា​ស្លឹកចេក និង​ស្លឹក​ឈូក​គឺជា​ជម្រើស​ដ៏​ល្អ​។  អ្នកស្រី Sandy Kota បាន​ពន្យល់​ដូច្នេះ​។​
 
​ដោយឡែក កញ្ញា សុធាវី ដែលជា​ស្ថាបនិក នៃ​យុទ្ធនាការ​បរិស្ថាន​គិតពី​ប្លា​ស្ទិ​ក (Think Plastic) យល់ឃើញថា វា​ជា​ពេលវេលា​ដ៏​សំខាន់បំផុត ដែល​ត្រូវ​ដោះស្រាយ ដ្បិត​គ្រប់គ្នា កំពុង​បង្កើត​សំរាម​ច្រើន ហើយ​វា​មិនមាន​ប្រព័ន្ធគ្រប់គ្រង​កាកសំណល់​ល្អ​ទេ នៅពេល​បច្ចុប្បន្ន​។ 
 
​បន្ទាប់ពី​អនុក្រឹត្យ​នេះ ត្រូវបាន​ប្រកាស​កាលពី​ឆ្នាំមុន កញ្ញា​បន្តថា យុទ្ធនាការ Think Plastic បាន​បង្ហោះ​វីដេអូ​ជាច្រើន ដើម្បី​បង្ហាញ​ការគាំទ្រ​ជា​សាធារណៈ ចំពោះ​ការហាមឃាត់​នេះ​។ 
 
​កញ្ញា​បាន​និយាយ​ដូច្នេះ​៖ «​យើង​ត្រូវ​រង់ចាំ​មើលថា តើ​វិធានការ​បន្ទាប់​ជា​អ្វី​។ ឧទាហរណ៍ អនុក្រឹត្យ​ឆ្នាំ ២០១៥ ស្តីពី​ការគ្រប់គ្រង​សំរាម​ក្នុង​ទីក្រុង និង​ការគ្រប់គ្រង​កាកសំណល់​រឹង ហាម​ប្រជាជន​មិន​ទទួលខុសត្រូវ​ចំពោះ​សំរាម​ផ្ទាល់ខ្លួន ហើយ​ការ​អនុវត្តបាន​តិចតួច​ណាស់ ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ​»​។​
 
​កញ្ញា​បាន​បន្ថែមថា ការយល់ដឹង​របស់​ប្រជាជន ពី​អនុក្រឹត្យ គឺ​ត្រូវការ​ពេលវេលា​។  នៅពេលដែល​ប្រជាជន​ដឹងថា មានការ​ហាមឃាត់ និង​ការផាកពិន័យ ពួកគាត់​នឹង​អនុវត្តតាម​វិធានការ​នោះ​។ 
 
​ដំណោះស្រាយ​ចាំបាច់​ដើម្បី​ជំរុញ​ការប្រឆាំង​ប្លា​ស្ទិ​ក 
 
​ការហាមឃាត់​ការប្រើប្រាស់​ប្លា​ស្ទិ​ក គឺ​មិន​គ្រប់គ្រាន់​ទេ ព្រោះ​វា​ត្រូវការ​វិធីសាស្ត្រ​រួម​បន្ថែមទៀត ដូចដែល​បានលើកឡើង​ក្នុង​កម្មវិធី​បរិស្ថាន របស់​អង្គការសហប្រជាជាតិ នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០១៩ ។​
 
​អ្នកសម្របសម្រួល​ប្រចាំ​តំបន់ របស់​អង្គការ​កម្មវិធី​បរិស្ថាន ទទួលបន្ទុក​ផ្នែក​គីមី និង​កាកសំណល់​បាន​និយាយថា​៖ « អាស៊ីអាគ្នេយ៍​គឺ ជា​ប្រភព​សំខាន់ និង​ជា​ជនរងគ្រោះ​នៃ​ប្លា​ស្ទិ​ក​ដែល​វា​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ក្នុង​សមុទ្រ និង​គំរាមកំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវភាព​រស់នៅ​»​។ ប្រសិនបើ​យើង ចង់​មាន​ដោះស្រាយ​បញ្ហា​សំរាម​នៅ​សមុទ្រ​ជាស​កល យើង​ត្រូវ​ដោះស្រាយ​វា នៅក្នុង​តំបន់​ជាមុន​»​។​
 
​នៅ​ក្រុងព្រះសីហនុ​តែម្តង  វា​មានការ​ប្រឈម​មុ ខ​នឹង​បញ្ហា​គ្រប់គ្រង​សំរាម​យ៉ាងធ្ងន់ធ្ងរ​ដែល​បណ្តាលមកពី​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ច្រើន​ហួសហេតុ​។ ក្រុមហ៊ុន​សំរាម​ក្នុង​ខេត្ត​នេះ មាន​ឡាន​ត្រឹមតែ ៨៥ គ្រឿង​ប៉ុណ្ណោះ ដើម្បី​ជួយ​ដឹក​សំរាម​ទៅ​កន្លែង​ចាក់សំរាម ដែល​វា​មានន័យថា​ខេត្ត​នេះ នៅ​ខ្វះ​សមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​សំរាម​។ ដូច្នេះ​សំរាម​ជាច្រើន បាន​ហូរ​ចូល​សមុទ្រ​ដោយ​សេរី តាមរយៈ​លូរ​ទឹកភ្លៀង​។  
 
​លោក គួច ចំរើន អភិបាលខេត្ត បាន​មានប្រសាសន៍ថា សំរាម​នៅក្នុង​ទីក្រុង​បាន​កើនឡើង​ក្នុង​អត្រា​ប្រចាំឆ្នាំ រហូតដល់ ១៥ ភាគរយ ខណៈ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយមាន​ការវិនិយោគ​ផ្ទាល់ ពី​ប្រទេស​ចិន​។ ក្នុង​ឆ្នាំ ២០១៥ ខេត្ត​ព្រះសីហនុ បាន​ផលិត​សំរាម​តិចជាង ១០០ តោន ក្នុង​មួយថ្ងៃ ដែល​បច្ចុប្បន្ននេះ វា​បាន​បង្កើត​ជាង ១,០០០ តោន​ឯណោះ​ជា​រៀងរាល់ថ្ងៃ​។​
 
​លោក​បាន​បន្ថែមថា ក្រុមហ៊ុន​សំរាម​គ្រោង នឹង​ទិញ​រថយន្ត​ចំនួន ៨០ បន្ថែមទៀត ក្នុងពេល​ឆាប់ៗ​នេះ ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​ពេលណា​ទេ​។ លោក​ក៏​បន្ថែមទៀតថា​៖ «​យើង​ក៏​ប្រឈម​នឹង​បញ្ហា​ក្នុងការ​ដឹកជញ្ជូន​សំរាម ដោយសារ​ផ្លូវ​ខូច និង​ការកកស្ទះ​ចរាចរណ៍​ផងដែរ​»​។  
 
​របាយការណ៍​របស់​ស​ហគ​មន៍​អឺរ៉ុប ស្តីពី​ការកាត់បន្ថយ​សំណល់​ថង់​ប្លា​ស្ទិ​ក បាន​រកឃើញថា​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប ឬ​មធ្យម តែងតែ​បែងចែក​សំរាម​ដែល​អាច​កែច្នៃ​ឡើងវិញ បាន​ដូចជា​កំប៉ុង​អាលុយមីញ៉ូម​។ ប៉ុន្តែ​ការយល់ដឹង​ពី​ការគ្រប់គ្រង មិនទាន់ មាននៅ​ឡើយ​។ បញ្ហា​ប្រឈម​រួមមាន កង្វះខាត​នូវ​ការប្រមូលផ្តុំ​សំណល់ ឲ្យ​បាន​ត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល បច្ចេកទេស និង​គោលនយោបាយ​គ្រប់គ្រង​សំរាម​ប្រកបដោយ​ប្រសិទ្ធភាព​។​
 
​ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ជា​រឿង​ចាំបាច់​
 
​លោកស្រី Sandy Kotan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Only One Planet​ន​ពន្យល់ថា ការយល់ឃើញ​របស់​សាធារណជន​ថា ការប្រើប្រាស់​កែវ​ឬ​សម្ភារ​ប្លា​ស្ទិ​ក ជា​ជម្រើស​ដ៏​ល្អ ស្អាត និង​អនាម័យ នៅតាម​ខាង​កាហ្វេ សុទ្ធតែជា​កត្តា​ជំរុញ​ខ្លាំង ដល់​ការបង្កើន​សំរាម​ប្លា​ស្ទិ​ក​។ 
 
«​រដ្ឋាភិបាល នឹង​មិនអាច​ទទួលបាន​ជោគជ័យ​ទេ ប្រសិនបើ​ប្រជាជន​មិន​គាំទ្រ​។ ប៉ុន្តែ​អាច​ជោគជ័យ​ប្រសិនបើ ក្រុម​ក្មេងៗ​ជាពិសេស​និស្សិត​នៅតាម​សាកលវិទ្យាល័យ ចូលរួម និង​គាំទ្រ​...​ប៉ុន្តែ​ត្រូវ​ទទួលស្គាល់ថា មនុស្ស​ជាច្រើន​មាន​ទម្លាប់​ប្រើ ហើយ​វា​ពិបាក​នឹង​លុបបំបាត់​ណាស់​»​។ 
 
​លោកស្រី Juliette Gilt តំណាង​អង្គការ Clean Green Cambodia យល់ឃើញថា ការហាមឃាត់​ប្លា​ស្ទិ​ក​ប្រើតែ​មួយ​មុខ នឹង​បង្ខំ​ឱ្យ​ប្រជាជន​ស្វែងរក​ជម្រើស​ផ្សេងទៀត​។ តាមរយៈ​ការហាមឃាត់​នេះ រដ្ឋាភិបាល​គួរតែ​ផ្តល់​ការលើកទឹកចិត្ត ដល់​ក្រុមហ៊ុន​ដែល​កាត់បន្ថយ​កាកសំណល់​ប្លា​ស្ទិ​ក និង​ដាក់ពិន័យ​កាន់តែ​ធ្ងន់ធ្ងរ លើ​អ្នក​ដែល​បំពុល​ទន្លេ​។ 
 
​លោកស្រី​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ធានាថា វា​មាន​កម្មវិធីសិក្សា​អំពី​បរិស្ថាន និង​ប្លា​ស្ទិ​ក​នៅតាម​សាលារៀន ក៏ដូចជា​កម្មវិធី​បណ្តុះ​បណ្តាល​គ្រូ ដូចជា​ការផ្តួចផ្តើម​សាលា​អេកូ និង​ជំរុញ​ការស្រាវជ្រាវ​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ នៅតាម​សាកលវិទ្យាល័យ​ជាដើម​។ 

​ការរីកចម្រើន​នៃ​ចលនា​ប្រឆាំង​ប្លា​ស្ទិ​កនៅ​កម្ពុជា​
 
​ក្នុង​ខែមីនា ឆ្នាំ​២០១៩ យុវជន​មួយក្រុម​ដែល​គេ​ស្គាល់​ថា​យុវជន​សំរាម បានចាប់ផ្តើម​ប្រមូល​សំរាម​នៅ​ភ្នំពេញ ដែល​វា​ជាស​ញ្ញា​វិជ្ជមាន​មួយ នៃ​ការចូលរួម​ប្រឆាំង ប្លា​ស្ទិ​ក​ក្នុងចំណោម​ប្រជាជន​កម្ពុជា​។​
 
​ក្រុមយុវជន​សំរាម ដែល​ដឹកនាំ​ដោយ លោក សាន ដា​រ៉ា​វីត បាន​និយាយថា ពលរដ្ឋ​មកពី​សង្កាត់​នានា​បាន «​ចូលរួម​ជាមួយគ្នា​»​។ លោក​បន្ថែមថា​៖ «​ខ្ញុំ​មិនបាន​អប់រំ​ពួកគេ​ច្រើន​ទេ ខ្ញុំ​គ្រាន់តែ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ពួកគេ​ប៉ុណ្ណោះ​។ យើង​កំពុង​ព្យាយាម​បង្កើត​ក្រុម​មួយ ដែល​ផលិត និង​លក់​ទុយោ​ផលិត​ពី​ឬ​ស្សី​»​។​
 
 លោក សាន​ដា​រ៉ា​វីត អះអាង​ដូច្នេះ​៖ «​វា​មាន​ការបញ្ជាទិញ​ទុយោ​ធម្មជាតិ​នេះ​ច្រើន ក្នុងពេល​ឥឡូវនេះ​។  អ្វីដែល​យើង​ចង់​ធ្វើ គឺ​កាត់បន្ថយ​ប្លា​ស្ទិ​ក ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ប្រជាជន​កាត់បន្ថយ​សំរាម​»​។ 
 
​លោក​បន្ថែមថា បច្ចុប្បន្ន​ក្រុម​នេះ កំពុង​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​ក្រសួងទេសចរណ៍​ដើម្បី​ដោះ​បញ្ហា​នេះ​។ 
 
«​យើង​កំពុង​ព្យាយាម​ជំរុញ​រដ្ឋាភិបាល និង​អាជីវកម្ម​នានា ឲ្យ​រក​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នេះ​»​។​
 
​កញ្ញា ចន្ថា រ​ដ្ឋី ដែលជា​សមាជិក​ក្រុមយុវជន​សំរាម បាន​ស្វាគមន៍​ចំពោះ​អនុក្រឹត្យ ដែល​រដ្ឋាភិបាល រៀបចំ​ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​នេះ​។ 
 
 «​អ្វីៗ​នឹង​ជួយ​ប្រជាជន ឲ្យ​រកប្រាក់​ចំណូល​បាន​ពី​ការផលិត​បំពង់​បឺត ឬ​កាបូប​បែប​អេកូ ដើម្បី​ប្រឆាំងនឹង​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ យើង​ត្រូវការ​អ្នកពាក់ព័ន្ធ​ទាំងអស់​ចូលរួម​»​។​
 
​ដោយឡែក ស្ថាបនិក Think Plastic កញ្ញា សុធា​រី យល់ឃើញថា ប្រជាជន​កម្ពុជា​មិន​ចង់​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ ជាពិសេស​កូនៗ​របស់ខ្លួន ធំ​ឡើង​ជាមួយ​សំរាម​នៅ​គ្រប់​ទីកន្លែង​ទេ​។ ប៉ុន្តែ ពួកគេ​មិនទាន់​ដឹង​ច្បាស់​ថា ត្រូវធ្វើ​អ្វី ឬ​ចូលរួម​បែបណា​។  
 
​កញ្ញា​បាន​ពន្យល់​ដូច្នេះ​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​មនុស្ស​ជាច្រើន ចាប់ផ្តើម​យកចិត្តទុកដាក់ ប៉ុន្តែ​ពេលខ្លះ ប្រជាជន​មិនដឹងថា​ត្រូវធ្វើ​អ្វី ឬ​ជំហាន​អ្វី ដែល​ពួកគេ​ត្រូវអនុវត្ត​ដើម្បី​រួមចំណែក​ដល់​ការផ្លាស់ប្តូរ​នេះ​»​។  
 
​ក​ញ្ញ សុធាវី ជឿជាក់​យ៉ាង​មុតមាំ​ថា ការផ្លាស់ប្តូរ​អាកប្បកិរិយា និង​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ នឹង​ជំរុញ​ឲ្យ​មនុស្ស​ប្តូរផ្លាស់​ឥរិយាបទ​។ ដូច្នេះហើយ កញ្ញា​បន្ត​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លួន ដោយ​ផ្តោតលើ​យុទ្ធនាការ «​និយាយថា​ទេ ចំពោះ​ប្លា​ស្ទិ​ក​» ដើម្បី​ជួយ​ជំរុញ​មិត្តភក្តិ​លើ​របស់​កញ្ញា កាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិ​ក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com