ជាតិ
ផ្សោត​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ហើយ​រស់នៅ​ជា​ក្រុម និង​ងើប​ដកដង្ហើម​លើទឹក​រាល់​១៥​នាទី​ម្តង​
03, May 2020 , 9:59 am        
រូបភាព
ផ្សោត ដកដង្ហើម
ផ្សោត ដកដង្ហើម
​ក្រចេះ​៖ សត្វ​ផ្សោត ជា​ប្រភេទ​ថនិកសត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ និង​រស់នៅ​តាម​ដង​ទន្លេមេគង្គ​កម្ពុជា​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង និង​ប្រទេស​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍​។ អ្នកស្រី ប៊ុត ចាន់​មេត្តា មន្ត្រីជាន់ខ្ពស់​ផ្នែក​អប់រំ​ផ្សព្វផ្សាយ​របស់​អង្គការ WWF កម្ពុជា បាន​អះអាងថា សត្វ​ផ្សោត​ទន្លេមេគង្គ ឬ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី ត្រូវការ​ដកដង្ហើម​មកលើ​បរិយាកាស​រាល់​ចន្លោះ​ពី​១២​ទៅ​១៥​នាទី​ម្ដង​។

 
​មន្ត្រីជាន់ខ្ពស់​របស់​អង្គការ WWF Cambodia រូបនេះ បាន​ប្រាប់​ថ្មីៗ​២៥​ដូច្នេះ​ថា​៖ «​ផ្សោត​គេ​ចាត់ទុកជា​ថនិកសត្វ​ថ្នាក់​ទឹក ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​។ កូន​ផ្សោត​អាយុ​ក្រោម​១​ឆ្នាំ គឺ​ពឹង​លើ​ការ​បៅដោះ​មេ​វា​ជាសំខាន់​។ ថ្វីដ្បិតតែ​ផ្សោត​នៅក្នុង​ទឹក ប៉ុន្តែ​ផ្សោត​ដកដង្ហើម​តាម​សួត​។ អ៊ីចឹង វា​ត្រូវការ​បរិយាកាស​ខាងលើ ដើម្បី​ដកដង្ហើម​។ នៅពេល​វា​ដកដង្ហើម វា​ត្រូវ​ងើប​ឲ្យ​ផុស​ពី​ទឹក​។ ផ្សោត​នៅ​យ៉ាងយូរបំផុត​ពី​១២ ទៅ​១៥​នាទី​នៅ​ក្នង​ទឹក​»​។ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម​នេះ ដូចតទៅ​៖

 
 
«​ប្រសិនបើ ១២​ទៅ​១៥​នាទី ផ្សោត​មិនអាច​ងើប​បាន នោះ​ផ្សោត​នៅ​ស្លាប់ ដោយសារ​វា​មិនអាច​ដកដង្ហើម​បាន​»​។ នេះ​ជាការ​អះអាង​របស់​អ្នកស្រី ចាន់​មេត្តា ដោយ​បន្ថែមថា នៅពេលដែល​ផ្សោត​ជាប់​មង ផ្សោត​ងាយ​នឹង​ស្លាប់​ណាស់ ដ្បិតថា ផ្សោត​មិនអាច​ងើប​មក​ដកដង្ហើម​បាន​។ នៅ​ខាងលើ​ក្បាល​របស់​ផ្សោត​មាន​រន្ធ​មួយ ដែល​យើង​ឃើញ​វា​ងើបឡើង​ឮសូរ​សំឡេង​។ នៅពេលដែល​ផ្សោត​ងើប​មក​ខាងលើ​បរិយាកាស រន្ធ​នោះ​នឹង​បើក​ឡើង​ដើម្បី​ដកដង្ហើម​។​
 
​សត្វ​ផ្សោត​មាន​៧​ប្រភេទ ប៉ុន្តែ​ប្រភេទ​ពិសេស​ជាងគេ​នៅ​ទន្លេមេគង្គ គេ​ហៅ​ឈ្មោះ​ជា​ភាសាបរទេស​ថា ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី ឬ​ផ្សោត​ទន្លេមេគង្គ​។ ប៉ុន្តែ​ឈ្មោះ​ជា​ភាសា​ខ្មែរ គឺ​ផ្សោត​ក្បាលត្រឡោក ហើយ​ប្រជាជន​មិនសូវ​ស្គាល់ឈ្មោះ​ជា​ភាសា​ខ្មែរ​ទេ គឺ​តែងតែ​និយម​ហៅ​ផ្សោត​ទន្លេមេគង្គ​។ 
 
​ផ្សោត​ក្បាលត្រឡោក គឺជា​សត្វ​ផ្សោត​ទឹកសាប​មួយ​ប្រភេទ ក្នុងចំណោម​សត្វ​ផ្សោត​ទឹកសាប​សរុប​ចំនួន​៧​ប្រភេទ ក្នុង​ពិភពលោក​។ សត្វ​ផ្សោត​នេះ ត្រូវបាន​គេ​ចាត់ទុកជា​ចលករ​នៃ​សុខភាព​របស់​ប្រព័ន្ធ​ទន្លេមេគង្គ ដែល​ប្រជាជន​ជាង ៦០​លាន​នាក់ កំពុង​ពឹង​អាស្រ័យ សម្រាប់​ប្រក​បរបរ​ចិញ្ចឹមជីវិត និង​ការបង្កើត​សហគមន៍​អេកូ​ទេសចរណ៍​ផ្សេងៗ​។ សត្វ​ផ្សោត​ទន្លេមេគង្គ ក៏​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​រត​នស​ម្ប​តិ្ត​ជាតិ​មានជីវិត​សម្រាប់​វិស័យ​ទេសចរណ៍​ផងដែរ​។​
 
​សូមបញ្ជាក់ថា អង្គការ WWF Cambodia បានបង្ហាញ​របាយការណ៍​ថា នៅ​ឆ្នាំ​២០១៩ ផ្សោត​ចំនួន​៨​ក្បាល​បាន​ស្លាប់ និង​មាន​ផ្សោត​ចំនួន​១៣​ក្បាល​បានកើត​ថ្មី នៅ​អន្លង់​ផ្សោត​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។ បច្ចុប្បន្ន កម្ពុជា មាន​ផ្សោត​ចំនួន​៩២​ក្បាល ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។ ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​នេះ កំពុង​ទទួលរង​គ្រោះថ្នាក់​ជិត​ផុត​ពូជ ដោយសារ​ការដាក់​មង​របស់​អ្នកនេសាទ​ខុសច្បាប់​៕

Tag:
 VDO
  ផ្សោត​
  ទន្លេមេគង្គ​
  ក្រចេះ​
  ថ្មីៗ​២៥
© រក្សាសិទ្ធិដោយ thmeythmey.com