ជាតិ
សង្គមជាតិ
លោក ណុប វី​៖ អ្នកសារព័ត៌មាន នឹងមាន​ហានិភ័យ​ខ្ពស់ បើសិនជា​យក​ក្រមព្រហ្មទណ្ឌ​មក​ចោទប្រកាន់
03, May 2020 , 10:20 am        
រូបភាព
​ភ្នំពេញ​៖ អ្នកសារព័ត៌មាន​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​សិទ្ធ​សេរីភាព តាមរយៈ​ការប្រើប្រាស់​ក្រមព្រហ្មទណ្ឌ ពី​សំណាក់​រដ្ឋាភិបាល និង​អាជ្ញាធរ​។ នេះ​ជាការ​យល់ឃើញ​របស់លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេ​ម​បូ​ចា​។​


 
​លោក ណុប វី បាន​មើលឃើញថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​ចុងក្រោយ​នេះ ត្រូវបាន​រង​ការគំរាមកំហែង​ដោយផ្ទាល់ និង​ដោយ​ប្រយោល ក្រោយពី​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ​មក​អនុវត្ត​លើ​ពួកគេ​។ សម្រាប់​លោក ណុប វី ការប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ​នេះ ហាក់ដូចជា​មិន​ត្រឹមត្រូវ​ឡើយ ខណៈដែល​កម្ពុជា ក៏មាន​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។ ត្រង់ចំណុច​នេះ​លោក ណុប វី បាន​សង្កត់ធ្ងន់ថា ការប្រើប្រាស់​ច្បាប់​ស្តីពី​របប​សារព័ត៌មាន មក​អនុវត្ត​លើ​អ្នកសារព័ត៌មាន​នោះ វា​ជា​រូបភាព​ល្អប្រសើរ​ជាង​ការចោទប្រកាន់ និង​ចាប់ឃុំខ្លួន​ពួកគេ​។​
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​របស់លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេ​ម​បូ​ចា ដូចតទៅ​៖


 
 
«​រឿង​មួយ​ដែល​យើង​មានការ​ព្រួយបារម្ភ បើសិនជា​ក្រមព្រហ្មទណ្ឌ​ត្រូវបាន​យកមក​ចោទប្រកាន់ ប្រើប្រាស់​ទៅលើ​អ្នកសារព័ត៌មាន ដូចជា​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត ខ្ញុំ​គិតថា អ្នកសារព័ត៌មាន​នឹងមាន​ហានិភ័យ​ធំ​ជាង​ប្រជាពលរដ្ឋ​ផ្សេងៗ ដោយសារតែ​ពួកគាត់​ជា​ផ្នែក​យ៉ាងសំខាន់ អាច​ថា​ជា​អ្នក​នាំសារ អាច​ថា​ជា​ស្ពាន​ចម្លង​នូវ​ព័ត៌មាន​ផ្សេងៗ​។ គាត់​ចុះ​ជួប​ប្រជាពលរដ្ឋ គាត់​ចុះ​ជួប​ប្រភព​របស់គាត់ ជាង​ប្រជាពលរដ្ឋ​ធម្មតា ដូច្នេះហើយ​ធ្វើឱ្យ​គាត់​មាន​បញ្ហា​ប្រឈម​ជាង​ពលរដ្ឋ​ធម្មតា​»​។ នេះ​ជាការ​មើលឃើញ​របស់លោក ណុប វី​។​
 
​និយាយ​បែបនេះ មិនមែន​មានន័យថា លោក ណុប វី មិន​ចង់ឱ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ ប្រើ​ច្បាប់​អនុវត្ត​លើ​អ្នកសារព័ត៌មាន​នោះទេ ។ ប៉ុន្តែ​លោក​គ្រាន់តែ​ចង់ឃើញ​ការអនុវត្ត​ច្បាប់​មកលើ​អ្នកសារព័ត៌មាន​នោះ វា​ស្របតាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ប៉ុណ្ណោះ​។ បើតាម​លោក ណុប វី ការគំរាមកំហែង​ដល់​មន្ត្រី​សិទ្ធិមនុស្ស និង​ប្រភព​នានា ក៏​ធ្វើឱ្យប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​ដែរ​។​
 
​ក្រៅពី​ផលលំបាក​អ្នកសារព័ត៌មាន​នេះ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ក៏​មើលឃើញ​ពី​ចំណុចខ្វះខាត​របស់​អ្នកសារព័ត៌មាន​ខ្លះ​ដែរ ទាក់ទង​នឹង​កង្វះ​ក្រមសីលធម៌ វិជ្ជាជីវៈ​ជាដើម​។ ត្រង់​ចំណោទបញ្ហា​នេះ លោក ណុប វី ស្នើឱ្យ​អ្នកសារព័ត៌មាន ដែល​នៅមាន​ចំណុច​ខ្វះ​លើ​ផ្នែក​សីលធម៌ និង​វិជ្ជាជីវៈ ពង្រឹងសមត្ថភាព និង​ការទទួលខុសត្រូវ​ខ្លួន​វិញ តាមរយៈ​ការចុះផ្សាយ​អត្ថបទ ប្រកប​ដោយមាន​គុណភាព​ខ្ពស់ ការអនុវត្ត​ការងារ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​តម្លៃ​អ្នកសារព័ត៌មាន​ដទៃទៀត​។ ចំណែក​រដ្ឋាភិបាល និង​អាជ្ញាធរ​វិញ គប្បី​សហការ​ជាមួយ​អ្នកកាសែត​ឱ្យបាន​ល្អ ចៀសវាង​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក ដែល​ឈានដល់​ការប្ដឹង​ផ្ដល់​ជាដើម​។

ថ្ងៃទី​៣ ឧសភា​នេះ ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក លើក​ទី​២៧ ។ ឆ្នាំនេះ អ្នកសារព័ត៌មាន​ក្នុង​ពិភពលោក អបអរសាទរ ឬ​ទាមទារ​សេរីភាព ក្នុងការ​ប្រកប​វិជ្ជាជីវៈ​របស់ខ្លួន ក្រោម​ប្រធានបទ​«​សារព័ត៌មាន​ដោយ​គ្មាន​ភាពភ័យខ្លាច និង​ភាព​ទោរទន់​» (Journalism without fear and favor)៕​
 

Tag:
 សេរីភាព​សារព័ត៌មាន​
  ណុប វី​
© រក្សាសិទ្ធិដោយ thmeythmey.com