COVID-19
អន្តរជាតិ
លោកស្រី ស៊ូជី អំពាវនាវក្រុមគ្រូពេទ្យវ័យក្មេងបង្ហាញការស្នេហាជាតិដោយចូលរួមប្រឆាំង Covid-19 ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងសុន្ទរកថានៅរដ្ឋធានីណៃពិដោ កាលពីឆ្នាំ ២០១៧ (រូបភាព៖ AFP)
× មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានអំពាវនាវដល់ក្រុមគ្រូពេទ្យជួរមុខ ជាពិសេសវេជ្ជបណ្ឌិតវ័យក្មេង ឲ្យបង្ហាញស្មារតីស្នេហាជាតិ តាមរយៈការចូលរួមជាមួយនឹងរដ្ឋាភិបាល ក្នុងការងារការពារ និងទប់ស្កាត់ វីរុសរាតត្បាត Covid-19 ខណៈមីយ៉ាន់ម៉ា បន្តរកឃើញករណីថ្មីនៃអ្នកឆ្លង និងមានអ្នកស្លាប់ ដោយសារតែជំងឺនេះទៀតផង។
តាមរយៈកិច្ចសន្ទនាវីដេអូជាមួយនឹងវេជ្ជបណ្ឌិតជួរមុខម្នាក់ ដែលបានឆ្លងវីរុស Covid-19 និងទើបជាសះស្បើយវិញ លោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី បានលើកទឹកចិត្តថា លោកស្រី ពិតជាត្រូវការក្រុមគ្រូពេទ្យ ដើម្បីគាំពារប្រទេសក្នុងរយៈពេលច្រើនឆ្នាំ។ លោកស្រី ទទួលស្គាល់ថាមីយ៉ាន់ម៉ា មិនមែនជាប្រទេសអ្នកមាន ដែលចំណុចនេះត្រូវការឲ្យពលរដ្ឋ ជាពិសេសអ្នកជំនាញចូលជាមួយនឹងរដ្ឋាភិបាល។
តាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times លោកស្រីទីប្រឹក្សា បានអំពាវនាវ និងលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យវ័យក្មេង ចូលបម្រើការនៅតាមមន្ទីរពេទ្យនៅតំបន់ដាច់ស្រយាល ដូច្នេះពួកគេ អាចទទួលបានបទពិសោធន៍ថ្មីបន្ថែម ដែលពួកគេមិនធ្លាប់ជួបនៅក្នុងទីក្រុង។ សម្រាប់លោកស្រី ការចូលរួមនេះ ក៏ជាឥរិយាបថមួយបង្ហាញពីការស្នេហាជាតិផងដែរ ។
បន្ថែមពីការផ្តាំផ្ញើ និងលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យ មេដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ារូបនេះ ក៏បានទទូចឲ្យប្រជាជនមីយ៉ាន់ម៉ា កុំមានភាពតក់ស្លុត ជាពិសេសលើបញ្ហាកង្វះចំណីអាហារ និងសម្ភារវេជ្ជសាស្ត្រជាដើម។ លោកស្រី ប្រាប់ថា មីយ៉ាន់ម៉ា មានចំណីអាហារគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជន ហើយប្រជាជនមិនត្រូវមានការភ័យខ្លាចអ្វីដែរ។
គួរជម្រាបបន្តិចថា គិតត្រឹមថ្ងៃទី១ ឧសភា មីយ៉ាន់ម៉ា មានអ្នកឆ្លងវីរុស Covid-19 សរុប ១៥១ករណី ដែលក្នុងនោះ មានជាសះស្បើយសរុប ៣១ នាក់ និងស្លាប់ ៦ នាក់៕
Tag:
មីយ៉ាន់ម៉ា
Covid19
© រក្សាសិទ្ធិដោយ thmeythmey.com