COVID-19
ជាតិ
សុខភាព
តើ​ចាស់ជរា និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​នៅ​កម្ពុជា ថែរក្សា​សុខភាព​បែបណា​ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩?
03, May 2020 , 2:29 pm        
រូបភាព
លោកស្រី លី មី កំពុងស្រោចផ្កា នៅមុខផ្ទះ
លោកស្រី លី មី កំពុងស្រោចផ្កា នៅមុខផ្ទះ
​ភ្នំពេញ​៖ ស្រប​ពេលដែល​កម្ពុជា កំពុង​ប្រឈម​នឹង​ការឆ្លង​ជំងឺ​សួត​ដែល​បង្កដោយ កូ​រ៉ូ​ណាវី​រុស (COVID-19)  មនុស្ស​ចាស់ជរា និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ ត្រូវការ​ការថែទាំ​ខ្ពស់ ព្រោះ​ពួកគេ​ត្រូវ​ចៀសវាង​ចេញទៅ​ក្រៅ ជាពិសេស​ទៅពិនិត្យ​សុខភាព​នៅតាម​មន្ទីរពេទ្យ​ ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។ ប៉ុន្តែក្តីបារម្ភ​នោះ​គឺស្ថានភាព​សុខភាព​ពួកគាត់​អាច​ប្រឈម​ការធ្លាក់ដុនដាប​ ដោយសារ​អ្នកជំងឺ​ទាំងនោះ ​មិនអាច​ទៅ​ចេញ​ក្រៅ​ ទៅពិនិត្យ​ជំងឺ​ ឬ​ទទួល​ការ​ថែម​ទាំ​វេជ្ជសាស្ត្រ នៅ​មន្ទីរពេទ្យ ក៏ដូចជា​មិនអាច​ធ្វើលំ​ហាត់ប្រាណ​បាន​ទៀងទាត់​។​

 
​មនុស្ស​ដែលមាន​វ័យ​ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើងទៅ រួមទាំង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ ស្ថិតក្នុង​ចំណោម​អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​មេរោគ COVID-19​។ ក្រុមមនុស្ស​ទាំងនេះ ​ងាយ​ឆ្លង ហើយ​ពិបាក​ព្យាបាល​ជា​ពីជំងឺ​កូ​វីដ​-១៩ ដោយសារតែ​សុខភាព​របស់​ពួកគេ​ទន់ខ្សោយ​។ នេះ​តាម​ការសិក្សា​ស្រាវជ្រាវ ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក (U.S.CDC)​។ 
 
​នៅ​កម្ពុជា​បច្ចុប្បន្ន បើតាម​អង្គការ Oxfam កម្ពុជា ប្រជាជន​វ័យ​ចំណាស់​មាន​ចំនួន​ប្រមាណ​១,៣​លាន​នាក់ ដែល​ស្មើនឹង ៨​ភាគរយ ​នៃ​ប្រជាជន​សរុប​​​។  ប្រជាជន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំកាយទាំងនោះ កំពុង​ព្យាយាម​សម្រប​ខ្លួន ​ជាមួយ​ស្ថាន​ភាពលំបាក​ដែលមាន​ជំងឺឆ្លង​រាតត្បាត ដើម្បី​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន ​ពីមេរោគ​ឆ្លង​ផង និង​រក្សា​សុខភាព​កុំ​ឲ្យ​ធ្លាក់ចុះ​ទ្រុឌទ្រោម​ផង​។ 
 
​ក្នុងចំណោម​នោះ​មាន លោកយាយ លី មី មាន​វ័យ​៨៤​ឆ្នាំ ដែល​ត្រូវ​បង្ខំចិត្ត​ឈប់ចេញ​ដើរ​ផ្សារ​ទិញ​ម្ហូបអាហារ​ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​រៀងរាល់ថ្ងៃ និង​ទៅ​វត្ត​អារាម ដោយសារតែ​ឥទ្ធិពល នៃ​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩​។​
 
​ការ​សម្ងំ​ខ្លួន​នៅតែ​ផ្ទះ ដោយ​មិន​ចេញទៅ​ក្រៅ និង​មិន​ជួបជុំ​គេឯង នៅតាម​ទីសាធារណៈ គឺ​វិធី​បង្ការ​ដ៏​ល្អ​បំផុត​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​សម្រាប់​មនុស្ស​ទូទៅ ពិសេស​មនុស្ស​ចាស់ និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ច្បាស់​ជា​អាចមាន​អារម្មណ៍​អផ្សុក និង​ធុញទ្រាន់ ហើយ​វា​ក៏​អាច​ឱ្យធ្វើ​រាងកាយ​ទ្រុឌទ្រោម និង​ឈឺ​នេះ​ឈឺ​នោះ ​អាស្រ័យ​តាម​វ័យ​ផងដែរ​។ លោកយាយ លី មី ធា្ល​ប់​មាន​អារម្មណ៍​បែបនេះ​ដែរ  ប៉ុន្តែ​បាន​រំសាយ​ទៅវិញ ដោយសារ​ការព្យាយាម​ធ្វើឱ្យ​ខ្លួនឯង​រវល់​ជា​រៀងរាល់ថ្ងៃ ដូចជាចម្អិន​អាហារ  បោសសម្អាត​-​រៀបចំផ្ទះ ថែ​សួនផ្កា  និង​សកម្មភាព​នានា​ជាដើម​។  លោកយាយ មានប្រសាសន៍ថា​សម្រាប់​មនុស្ស​ចាស់ ការធ្វើ​កិច្ចការ​ផ្ទះ​ទាំងនេះ មិន​ត្រឹមតែ​ជួយ​បង្ការ​ពី​ការឆ្លង​កូ​វីដ​-១៩​នោះទេ វា​ក៏ដូចជា​ការហាត់​ប្រាណ​មួយ​ ដើម្បី​ជួយ​រក្សា​លំនឹង​សុខភាព​ឱ្យ​ល្អ​ដែរ​។ 
 
«​យើង​ចាស់​ហើយ យើង​ត្រូវការពារ​សុខភាព​យើង​។ គ្មាន​អ្នកណា​មក​ការពារ​សុខភាព​យើង​បានទេ ​ក្រៅពី​ខ្លួន​យើង​​​។  បើ​យើង​ឆ្លង​ជំងឺ​នេះ​(​កូ​វីដ​-១៩) គឺ​ពិបាក​ព្យាបាល​ជាង​ក្មេងៗ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក​យាយ លី មី ដែល​កំពុង​ឈរ​កាន់​ទុយោ​ស្រោច​ផ្កា ប្រទាល និង​ដើមឈើ​នានាក្នុង​បរិវេណ​ផ្ទះ ដែល​ស្ថិតនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ 
 
​សម្រាប់​លោកយាយ លី មី ការធ្វើការងារ​ផ្ទះ មើលថែ​សួន  និង​ដំណាំ​ជាដើម មិន​ត្រឹម​ធ្វើឱ្យមាន អារម្មណ៍​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើឱ្យ​លោកយាយ ​អាច​សម្រាន្ត​លក់​ស្រួល និង​មិន​ធ្វើឱ្យ​ជំងឺលើសឈាមរបស់ខ្លួន​ធ្វើទុក្ខ​ឡើយ​។​
 
​លោកយាយ​បន្តថា​៖«​រាល់ថ្ងៃ ក្រៅពី​លើសឈាម ខ្ញុំ​គ្មាន​ជំងឺ​អ្វី​ទេ​។ ខ្ញុំ​លេបថ្នាំ​លើសឈាម​មួយ​គ្រាប់​រាល់​ព្រឹក ដែល​កូនចៅ​ទិញ​ទុក​បម្រុង​ឱ្យ​មិនដែល​ខ្វះ ហើយ​ខ្ញុំ​ក៏​មិនដែល​ទៅ​ជួប​ពេទ្យ​ដែរ​»​។ លោកយាយ បាន​បញ្ជាក់ថា ថ្នាំ​លើសឈាម​ដែល​ពិសា​រាល់​ព្រឹក​នេះ គឺមាន​ការណែនាំ​ពី​វេជ្ជបណ្ឌិត​ ដែល​លោកយាយ​បាន​ទៅពិនិត្យ​ជំងឺ​ មុន​ពិភពលោក​មាន​កូ​វីដ​-១៩​។ 
 
​សព្វថ្ងៃ​ក្រៅពី​ថ្នាំ​លើសឈាម និង​ថ្នាំ​ផ្សេងៗ​ស្តុក​សម្រាប់​បង្ការ​ជំងឺ​ប្រចាំកាយ លោកយាយ លី មី ក៏មាន​ឧបករណ៍​ពេទ្យ​មួយចំនួន​ ដែល​អាច​ប្រើប្រាស់​នៅផ្ទះ​បាន ដោយ​មិនចាំបាច់​ទៅ​ពេទ្យ​។ ដូចជា ឧបករណ៍​វាស់​កម្តៅ វាស់​សម្ពាធ​ឈាម វាស់​បេះដូងជាដើម​។ បើតាម​លោកយាយ​វ័យ​៨៤​ឆ្នាំ​រូបនេះ ក្នុងស្ថានភាព​បច្ចុប្បន្ន  វា​ចាំបាច់​សម្រាប់​មនុស្ស​ចាស់ ​ក្នុងការ​ថែទាំ​សុខភាព​ឱ្យបាន​ខ្ជាប់ខ្ជួន​នៅផ្ទះ ដើម្បី​ចៀសវាង ​ចេញ​ទៅរក​សេវា​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​។ 
 
«​បើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ យើង​គួរតែ​ទិញ​ថ្នាំ​ទុកជា​ប្រចាំ​ទៅ ពិសេស​ក្នុងស្ថានភាព​ពិភពលោក ​ជួបនឹង​ជំងឺឆ្លង​បែបនេះ​។ បើ​គ្មាន​ការ​ចាំ​បាច់ ឬ​ជំងឺ​ធ្ងន់ធ្ងរ​ទេ មិនគួរ​ទៅ​ពេទ្យ​ទេ ព្រោះ​ពេទ្យ​ គឺជា​កន្លែង​ឆ្លង​ជំងឺ​ទៅវិញ​ទេ​»​។ នេះ​ជា​យោបល់​របស់​លោកយាយ លី មី​។​


លោកយាយលី មី កំពុងអង្គុយនៅក្នុងផ្ទះ
 
​គិត​ត្រឹម​ថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ចំនួន​១២២​នាក់ ក្នុង​រាជា​ធានី​-​ខេត្ត​ចំនួន​១៣​។ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​១២០​នាក់ ខណៈ​២​នាក់​ទៀត​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ថ្វី​ដ្បិតការឆ្លង​នៃ​មេរោគ​នេះ​ ហាក់​មានការ​ថមថយ​ក៏ដោយចុះ អាជ្ញាធរ​សុខាភិបាល​កម្ពុជា ​នៅតែព្រមាន​ពី​លទ្ធភាព​នៃ​ការកើតមាន​រលក​ឆ្លង​ទី​ពីរ និង​ដាស់តឿន​ប្រជាជន ​ឲ្យ​រក្សា​គម្លាត​សុវត្ថិភាព និង​អនុវត្តអនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដ្បិត​ពិភពលោក ​មិនទាន់​យកឈ្នះ​មេរោគបាននៅឡើយ ដរាបណា​ផលិតវ៉ាក់សាំង​ការពារ មិនទាន់​ត្រូវបាន​គេ​រកឃើញ​នោះ​។ 
 
​ដោយឡែក អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ម្នាក់ទៀត​គឺ លោកយាយ ផាន់ រ៉ានី ដែលមាន​វ័យ​៧៩​ឆ្នាំ ​រស់នៅ​ខេត្តកណ្តាល​ ក៏​ប្រឈម​បញ្ហា​ស្រដៀង​គ្នា ស្រប​ពេលដែល​ការតាមដាន​សុខភាព​របស់ខ្លួន​ធ្លាប់ធ្វើ​ជាប្រចាំ​នៅ​មន្ទីរពេទ្យនោះ​។  
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ (ThmeyThmey) លោកយាយ​បញ្ជាក់ថា មុននឹង​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ រាល់​២​ខែម្តង ខ្លួន​តែងតែ​ទៅធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ជាមួយ​កូន​-​ចៅ ដើម្បី​ពិនិត្យ​សុខភាព និង​តាមដាន​នៃ​ជំងឺថ្លើម​រ៉ាំរ៉ៃ​ជាប្រចាំ​។ យ៉ាងណាមិញ ទោះជា​មិនបាន​ទៅពិនិត្យ​សុខភាព​ដោយផ្ទាល់​ក៏ពិតមែន ប៉ុន្តែ​លោកយាយ រៀបរាប់ថា ខ្លួន​នៅតែ​សុំ​ការណែនាំ​ពី​គ្រូពេទ្យ​តាមរយៈ​ទូរ​សព្ទ​ជានិច្ច​[...] ដើម្បី​រក្សា​សុខភាព​ឲ្យ​ល្អ និង​រក្សា​អនាម័យ​ក្នុងផ្ទះ​ជាប្រចាំ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩​ផង​។ 
 
«​ទោះ​ថា​ខ្ញុំ​មិនបាន​ទៅពិនិត្យ​ជំងឺ​ តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ដោយសារតែ​កូ​វីដ​-១៩ តែ​ខ្ញុំ​នៅតែ​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ ​និង​ហូប​ថ្នាំ​ជាប្រចាំ​»​។ លោកយាយ រ៉ានី ពោល​ដូច្នេះ​។ ក្រៅពី​ពិសា​ថ្នាំ​ទៀងពេល ​តាម​វេជ្ជបញ្ជា​បស់​គ្រូពេទ្យ លោកយាយ​ក៏​ឆ្លៀត​ធ្វើ​កិច្ចការ​បន្តិចបន្តួច​ក្នុងផ្ទះ ដូចជា ដើរ​ស្រោច​ផ្កា ឱ្យ​ចំណី​ត្រី បោសសម្អាតផ្ទះ ដើម្បីឱ្យ​រាងកាយ​មាន​ចលនា និង​ឱ្យ​ស្រឡះ​ដៃជើង និង​មុខមាត់​ផងដែរ​។​
 
​អ្នកជំនាញ​ជំរុញ​ឲ្យ​អ្នកជំងឺ​វ័យ​ចំណាស់​ថែរក្សា និង​តាមដាន​សុខភាព​ដោយ​ខ្លួនឯង​
 
​ជុំវិញ​បញ្ហា​ប្រឈម​នេះ អ្នកជំនាញ​ជំងឺ​រ៉ាំរ៉ៃ​យល់ស្រប និង​ជំរុញ​ឲ្យ​អ្នកជំងឺ​ទាំងនោះ​លើកលែងតែ​អ្នក មាន​បញ្ហា​ជំងឺ​ខ្សោយតម្រងនោម និង​ត្រូវ​លាង​ឈាម​រ៉ាំរ៉ៃ តាមដាន និង​ពិនិត្យ​សុខភាព​នៅផ្ទះ​ដោយ​ខ្លួនឯង ដោយ​គ្រាន់តែ​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ និង​រាយការណ៍​ពី​ស្ថានភាព​ជំងឺ​ប្រចាំកាយ ទៅ​គ្រូពេទ្យ​រៀងៗ​ខ្លួន ។ 
 
«​ក្នុងអំឡុងពេល​ប្រឈម​កូ​វីដ​-១៩  សម្រាប់​អ្នកជំងឺ​រ៉ាំរ៉ៃ បើ​មិន​ចង់ទៅ​ពេទ្យ​ពិនិត្យ​សុខភាព​ដោយផ្ទាល់​នោះទេ វា​ជា​ការល្អ​បំផុត​ដែល​ពួកគាត់ ​អាច​តាមដាន​សុខភាព​ខ្លួនឯង​នៅផ្ទះ ហើយ​រាយការណ៍​ពី​ស្ថានភាព​សុខភាព​ទាំងឡាយ ​ទៅ​គ្រូពេទ្យ​ផ្ទាល់ខ្លួន ដើម្បី​វាយតម្លៃ​នៃ​ការប្រើប្រាស់​ថ្នាំ​ជាប្រចាំ​»​។  នេះ​ជាការ​លើកឡើង​របស់ លោក ហួត ចាន់​ថូ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​រ៉ាំរ៉ៃ ​នៃ​សម្ព​ព​សោភា​មានជ័យ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​២៨​មេសា​។​
 
​លោក ចាន់​ថូ លើក​ឧទាហរណ៍​ជាក់ស្តែង​ដូចជា អ្នកជំងឺ​ទឹកនោមផ្អែម គេ​អាច​វាស់​សម្ពាធ​ឈាម និង​វាស់​ជាតិ​ស្ករ​ប្រចាំថ្ងៃ​ដោយ​ខ្លួនឯង ហើយ​ផ្តល់ព័ត៌មាន​ទាំងនោះ​ទៅ​គ្រូពេទ្យ ដើម្បី​វាយតម្លៃ និង​ប្រែប្រួល​នៃ​របប​ថ្នាំ​ព្យាបាល​។ 
 
​បើតាម​យោបល់​លោក ចាន់​ថូ ដើម្បី​ផ្តល់ព័ត៌មាន​ទាំងនេះ អ្នកជំងឺ​ផ្ទាល់ ឬក៏​ក្រុមគ្រួសារ អាចទាក់ទង​ជាមួយ​គ្រូពេទ្យ​ដែល​មើលថែទាំ​ខ្លួន​តាមទូរ​សព្ទ ឬ បណ្តាញ​ទំនាក់ទំនង​សង្គម ដ្បិតថា​ការតាមដាន​ជំងឺ​នៅផ្ទះ​ រួមមាន​ការពិនិត្យ​របាយ​សម្ពាធ​ឈាម កម្រិត​ជាតិ​ស្ករ​... សុទ្ធតែជា​អ្វីដែល​ត្រូវ​ពិនិត្យ​ ពេល​អ្នកជំងឺ​មក​មន្ទីរពេទ្យ​ផ្ទាល់​ដែរ​។ 
 
«​ការអនុវត្ត​បែបនេះ គឺ​មិន​ប៉ះពាល់​អ្វី​ទេ​។ វា​មិន​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការព្យាបាល ​ជាមួយនឹង​សុខភាព​អ្នកជំងឺ ក្នុងអំឡុង​ពេលនេះ​ទេ ដោយសារ​យើង​មាន​ទំនាក់ទំនង​គ្នា​ល្ អ​រវាង​គ្រូពេទ្យ និង​អ្នកជំងឺ​»​។ អ្នកជំនាញ​វេជ្ជសាស្ត្រ​ខាងលើ​បញ្ជាក់បន្ថែម​បែបនេះ​។​
 
​បន្ថែម​ពីលើ​ការតាមដាន​សុខភាព​ប្រចាំថ្ងៃ លោក ចាន់​ថូ ផ្តល់យោបល់​ថា បើ​អ្នកជំងឺ​រ៉ាំរ៉ៃ​មិនមាន​បញ្ហា​ឆ្អឹងខ្នង និង​រលាក​សន្លាក់​ជង្គង់​ខ្លាំង​ទេ ពួកគេ​អាច​ហាត់ប្រាណ​យ៉ាងតិច​ពី​ ២០​ទៅ​៣០​នាទី ​ក្នុង​មួយថ្ងៃ ដើម្បី​សម្រួល​ដល់​បញ្ហា​សម្ពាធ​ឈាម និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​ផ្ទាល់​។ ការហាត់​ប្រាណ​បាន​ទៀងទាត់​ជាប្រចាំ​នោះ បង្ក​ភាពងាយស្រួល​ដល់​ការគ្រប់គ្រង​ស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ​បាន​កាន់តែ​ល្អប្រសើរ​។ 
 
​ចំណែកអ្នកមាន​ជំងឺ​ខ្សោយ​តំរងនោម និង​លាង​ឈាម​រ៉ាំរ៉ៃ​វិញ ដាច់​ខាត់​ត្រូវតែទៅ​មន្ទីរពេទ្យ ឬ​មជ្ឈមណ្ឌល​ណាមួយ​ ដើម្បី​លាង​ឈាម​ជាប្រចាំ​។ លោក ចាន់​ថូ បាន​បញ្ជាក់ថា អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ប្រភេទ​នេះ គឺ​ចាំបាច់​ទៅ​លាង​ឈាម​ជាប្រចាំ​ យ៉ាងហោចណាស់​២-៣​ដង ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​សង្គ្រោះ​ជីវិត​។​


 
​រដ្ឋាភិបាល​កំពុង​សិក្សា​ពី​លទ្ធភាព​ជួយ​មនុស្ស​ចាស់​ដែល​រង​ផលប៉ះពាល់​ពី​កូ​វីដ​-១៩
 
​ខណៈដែល​ប្រជាជន​វ័យ​ចំណាស់​ជាច្រើន​នៅ​កម្ពុជា ​ប្រឈម​នឹង​ហានិភ័យ​ដោយសារ​ការ​រាតត្បាត​ នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ការគាំទ្រ​ណាមួយ​ពី​រដ្ឋាភិបាល​ នឹងចូលរួម​យ៉ាងសំខាន់​ក្នុងការ​គាំពារ​សុខុមាលភាព ប្រជាជនងាយ​រងគ្រោះ​ទាំងនោះ​។ 
 
​ថ្វីបើ​ការ​គាំពារ​សុខុមាលភាព​មនុស្ស​ចាស់ ​ស្ថិតនៅក្នុង​គោលនយោបាយ​ថ្នាក់ជាតិ ស្តីពី​មនុស្ស​វ័យចំណាស់​ឆ្នាំ ២០១៧-២០៣០ របស់​រដ្ឋាភិបាល​កម្ពុ​ជា​ក៏ពិតមែន ចំណាត់ការ​គាំពារ​មនុស្ស​ចាស់ ​ក្នុងស្ថានភាព​មហន្តរាយ​ដូចជា កូ​វីដ​-១៩ នេះ​ មិនទាន់មាន​ការកំណត់​ជាក់ច្បាស់​នៅឡើយ​ទេ​។  
 
​បើតាមក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បច្ចុប្បន្ន​ស្ថាប័ន​ដែលមាន​ភារកិច្ច​ធានា​គុណភាព​ជីវិត និង​ការ​គាំពារ​សុខុមាលភាព​មនុស្ស​ចាស់ ​កំពុងស្ថិត​ក្នុងដំណាក់កាល​សិក្សា ​ពី​ផល​ប៉ះពាល់​ចំពោះ​ប្រជាជន​វ័យ​ចំណាស់​ នៅទូទាំងប្រទេស ដោយសារ​មេរោគ កូ​វីដ​-១៩​នៅឡើយ​។ 
 
«​យើង​កំពុង​សិក្សា​ពី​ពួកគាត់ ក្នុងស្ថានភាព​កូ​វីដ​-១៩​ហ្នឹង​។ ការសិក្សា​ហ្នឹង​យើង​ផ្តោត​ទាំងអស់​ ពិសេស​គឺ​ផ្តោតលើ​សុខភាព​របស់​ពួកគាត់ ហើយ​យើង​អាច​ផ្តល់​ជា​កម្ចី​ថវិកា​ដល់​ពួកគាត់​»​។ នេះ​ជាការ​បញ្ជាក់ របស់លោក គុណ ជាស៊ីម ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់​។  
 
​បើតាម​ប្រធាន​នាយកដ្ឋាន​ខាងលើ កម្ចី​ថវិកា​ដែល​មនុស្ស​ចាស់​ម្នាក់ៗ ​ក្នុង​សមាគម​ត្រូវ​ទទួលបាន​នោះ ក្រសួង​សង្គមកិច្ច ​កំពុង​សិក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​អង្គការ ​UNICEF ផងដែរ​។  
 
«​ប៉ុន្តែ​យើង​មិនទាន់​កំណត់ បាន​ថាម្នាក់ៗ​ទទួលបាន​កម្ចី​ថវិកា​ប៉ុន្មាន​នៅឡើយ​ទេ ព្រោះ​សិក្សា​មិនទាន់​ចប់​»​។ លោក អះអាង​ដូច្នេះ​។ លោក​បន្តថា ចំណាត់ការ​គាំទ្រ​ដែល​ស្ថិតក្នុង​ដំណាក់កាល​សិក្សា​នេះ​ នឹង​អនុវត្ត​ចំពោះ​ប្រជាជន​វ័យ ចំណាស់​ប្រមាណ ៣០ ម៉ឺន​នាក់ ដែលជា​សមាជិកសមាគម​មនុស្ស​ចាស់​ចំនួន​ ១,៦៤៦​ឃុំ​-​សង្កាត់​នៅ​ទូ​ទាំ​ប្រទេស​៕  
 

Tag:
 COVID-19
  ជំងឺ​រ៉ាំរ៉ៃ​
  ប្រជាជន​វ័យ​ចំណាស់​
© រក្សាសិទ្ធិដោយ thmeythmey.com