ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្ដូរ​ពី​ដាំពោត​មក​ដាំ​បន្លែ អ្នកស្រី សុន សារុន ទទួលបាន​ផលចំណេញ​ច្រើន​
03, May 2020 , 7:59 pm        
រូបភាព
​កណ្ដាល​៖ មាន​ជីវភាព​ធូរធារ​ជាង​កាលពី​នៅ​ដាំ​ដំណាំ​ពោត និង​ស្រូវ គ្រួសារ​របស់​អ្នកស្រី សុន សារុន សប្បាយចិត្ត ព្រោះ​អាច​រកចំណូលបាន​ច្រើន​ពីរ​បរ​ដាំ​បន្លែ ហើយក៏​មិនសូវ​ហត់​ដូច​កាល​ពីមុខ​ដែរ​។ ទោះជា​យ៉ាងណា កសិករ​រូបនេះ ពិតជា​មិន​ចង់ឱ្យ​មានការ​នាំចូល​ប​ន្លែ ពី​ក្រៅប្រទេស​ឡើយ ព្រោះ​ដើម្បីឱ្យ​តម្លៃ​បន្លែ​ក្នុងស្រុក​មាន​លំនឹង និង​បាន​តម្លៃ​ខ្ពស់​។

 
​ដើម្បី​ជ្រាប​ច្បាស់​ពី​ការផ្លាស់ប្ដូរ​របស់​អ្នកស្រី សុន សារុន តទៅ​នេះ​សូម​ប្រិយមិត្ត​អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
 
 
​អង្គុយ​ក្នុង​រោង​ចាំចម្ការ​ដែលមាន​ជ​ញ្ចាំ​ង និង​ដំបូល​ស័ង្កសី ទំហំ​ប្រមាណ​ជាជាង​៣​ម៉ែត្រ​៤​ជ្រុង ស្ថិតនៅ​ចម្ងាយ​ប្រហែល​១ គីឡូម៉ែត្រ​ពី​ភូមិ អ្នកស្រី សុន សារុន កំពុង​ក្ដិច​ស្លឹក​ខ្ទឹម​ចាស់ៗ​ចោល ដោយ​សម្អាត​ទុក​យកទៅលក់​ឱ្យ​ឈ្មួញ​។ ធ្វើការ​បណ្ដើរ ស្ត្រី​កូន​៧​នាក់​រូបនេះ ឆ្លៀត ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បណ្ដើរ​ថា​គាត់​ប្ដូរ​ពី​ការដាំ​ពោត​និង​ស្រូវ មក​ដាំ​បន្លែ​វិញ ព្រោះ​ការដាំ​បន្លែ​មិនសូវ​ហត់​ខ្លាំង​។​
 
​អ្នកស្រី បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ធ្វើ​ពោត​ហត់​ហើយ​បាន​ថោក​។ បើ​បន្លែ​យើង​អាច​ថា​ថ្ងៃ​ហ្នឹង យើង​មក​ធ្វើ​ស្មៅ​ពី​តូចៗ ដល់​តែ​ធំ​ប​ន្តិ​តរៀង​រយាល​ដៃ យើង​មក​ស្រោច​ទឹក និង​ស្ដារ​អ៊ីចឹងទៅ​។ បើ​ពោត​ខាត​ច្រើន ជី​ក៏​ទិញ​គេ ពូជ​ក៏​ទិញ​គេ​។ ពោត​១​កេះ ៤០​ម៉ឺន​រៀល ដល់​អ៊ីចឹង​យើង​ធ្វើ​មិន​ចំណេញ​ទេ ហើយ​ពោត​១​គីឡូ​បានតែ​៥០០ ទៅ​៦០០​រៀល​ហ្នឹង ដាក់​ទឹក​រហូត​ទៀត​។ ខ្ញុំ​ធ្លាប់ធ្វើ​ស្រូវ​ដែរ តែ​ពេលនេះ​ដី​នោះ​ទុកចោល​ហើយ ធ្វើបាន​១០​តោន តែ​មិន​ចំណេញ​ទេ ១​គីឡូ​បាន​ជាង​៦០០​រៀល​។ ហើយ​ថ្នាំ​បាញ់​ស្មៅ បាញ់​ម្ដង​ប្រហែល​៤០​ម៉ឺន​រៀល ព្រោះ​មមាច​ត្នោត​ចុះ​ផង ធ្វើ​មិន​ចំណេញ​ក៏​ឈប់​ធ្វើទៅ​»​។​
 
​មាន​ដី​សម្រាប់ធ្វើ​ចម្ការ​ប្រមាណ​ជា​៧០​អា ស្ត្រី​សម្បុរ​ស្រអែម​រាង​ខ្ពស់ ពាក់អាវ​ពណ៌​ផ្កាឈូក និង​ស្លៀកខោ​ផ្កា​រូបនេះ តាមពិត​ទៅបាន​ប្ដូរ​មក​ដាំ​បន្លែ​តាំងពី​ប្រមាណ​ជា​១០​ឆ្នាំមុន​មក​ម្លេះ ប៉ុន្តែ​ដោយនៅ​អាឡោះអាល័យ​ដំណាំ​ស្រូវ នៅក្នុង​ឆ្នាំនេះ អ្នកស្រី​ខំ​ឆ្លៀត​ទុក​ដី​ខ្លះ​ធ្វើ​ស្រូវ​ដែរ គ្រាន់​បាន​អង្ករ​ខ្លួនឯង តែ​វា​នៅតែ​មិនបាន​ផល គាត់​ក៏​លះលែង​ចោល​ទាំងស្រុង​តែម្ដងទៅ​។

មិនមែន​មានតែ​បន្លែ​ឡើយ គ្រួសារ​ដែលមាន​សមាជិក​៤​នាក់ នៅក្នុង​បន្ទុក​នេះ ក៏មាន​ដាំ​ដំណាំ​ស្វាយ​ដែរ​។ ដៃ​ក្ដិច​ស្លឹក​ខ្ទឹម​យ៉ាង​ញាប់ អ្នកស្រី សារុន បញ្ជាក់ថា​៖«​ឆ្នាំនេះ​ធ្វើ​ស្រូវ​ដែរ តែ​កណ្ដុរ​ស៊ី​អស់ ត្រូវអស់​លុយ​ច្រើន មិន​តាម​ទេ មិន​ឆក់​មិន​អី​ទេ ចោល​តែម្ដងទៅ មក​ធ្វើ​បន្លែ​វិញ​។ បន្លែ​ខ្ញុំ​ធ្វើ​វគ្គ​មុន​បាន​ប្រហែល​៧​លាន ទន់​អស់​ប្រហែល​តែ​១​លាន​ទៅ​២​លាន​ទេ បាន​ចំណេញ​ច្រើន ។  ប្រាក់​នោះ​ខ្ញុំ​យកទៅ​ទិញ​ថ្នាំ​បាញ់​ស្វាយ​»​។ 
 
​ដាំ​បន្លែ​ច្រើន​មុខ​ដូចជា​ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃ​តឿ សាឡា​ត់ និង​ស្លឹក​ខ្ទឹម​ជាដើម គ្រួសារ​របស់​អ្នកស្រី សារុន ដែល​រស់នៅ​ភូមិ​ព្រែ​បាក់ ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល អាច​ប្រមូល​ផល​បន្លែ​បានជា​រៀងរាល់ខែ ហើយ​ស្ត្រី​វ័យ​៦០​ឆ្នាំ​រូបនេះ ថា​វា​បាន​ជួយ​ជីវភាព​គ្រួសារ​របស់គាត់​បាន​ច្រើន​។ អង្គុយ​ក្បែរ​ប្ដី​និង​កូនស្រី​ប្រុស អ្នកស្រី សុន សារុន បន្ថែម​៖«​ដំណាំ​នេះ​ជួយ​ជីវភាព​បាន​ធូរ​ជាង​ធ្វើ​ពោត​។ ធ្វើ​ពោត​៣​ខែ​ទើប​ប្រមូល​ផល​ម្ដង ទម្រាំ​បានកា​ច់បា​នល​ក់វា​ចូល​៤​ខែ​ហើយ​។ បើ​ស្ពៃ​៤​ខែ​យើង​លក់បាន​៣​ដង​បាត់ទៅហើយ បើទោះបីជា​វា​ថោក​ក៏​យើង​បាន​ទប់ទល់​ម្ហូប​ដែរ មិន​ជំពាក់​គេ​។ ស្ពៃ​ដែល​ដើម​ធំ​ពេក​គេ​មិន​ទិញ​ទេ​»​។ 
 
​មាន​ឈ្មួញ​ជួយ​ទិញ​ទោះ​តិច​ឬ​ច្រើន​នៅ​គ្រប់​កាលៈទេសៈ​ក៏ពិតមែន ប៉ុន្តែ​តម្លៃ​បន្លែ​ត្រូវ​ធ្លាក់ចុះ​នៅ​រដូវ​សម្បូរ ហើយ​នេះ​ជា​អ្វីដែល​អ្នកស្រី​បាន​ប្រាប់​៖«​កាលពី​មិនទាន់​បិទ​ច្រកព្រំដែន បន្លែ​របស់ខ្ញុំ​ក៏​ស្រួល​លក់​ដែរ តែ​គ្រាន់តែ​វា​បាន​តម្លៃ​តែ​៤០០​ទៅ​៥០០​រៀល​។ ខ្ញុំ​ទើបតែ​កាត់​ស្ពៃ​តឿ ស្ពៃក្រញាញ់ ហើយ​ទើបនឹង​ដាំ​វិញ​។ បើ​សាឡា​ត់​បានតែ​៥០០​រៀល ហើយ​គេ​មិន​យក​ច្រើន​ទៀត ដក​មួយថ្ងៃ​បាន​៧០​គីឡូ​ទៅ​៨០​គីឡូ ហើយ​សាឡា​ត់​ខ្ញុំ​រាប់​តោន​វា​ផ្កា ដល់​អ៊ីចឹង​ភ្ជួរ​ចោល​ទៅ​។ ពេល​បើក​ព្រំដែន​ក៏មាន​ពេល​លក់បាន​ថ្លៃ​ដែរ បាន​ជាង​២,០០០​រៀល​ដែរ តែ​វា​មិន​ទៀត​។ បាន​តម្លៃ​ថ្លៃ​វា​មាន​តិចជាង​បាន​តម្លៃថោក​»​។​
 
​ក្នុង​ទឹកស​ម្ដី​ហាក់​មិនសូវ​ខ្វល់​ខ្លាំង​ពី​តម្លៃ​បន្លែ​ធ្លាក់​ថ្លៃ អ្នកស្រី សារុន ដែល​ប្រើ​ថ្នាំ​គីមី​តិចតួច​ទៅលើ​បន្លែ​របស់ខ្លួន​នេះ យក​បន្លែ​ទៅ​បោះ​ឱ្យ​ឈ្មួញ​ដែល​ទិញ​នៅក្នុង​ភូមិ​។​«​ខ្ញុំ​មិន​កុងត្រា​ជាមួយ​ឈ្មួញ​ទេ ខ្ញុំ​ដាំ​បាន​ក៏​លក់​ទៅ​។ ពេល​ខ្ទឹម​មិនមាន គេ​ឡើងថ្លៃ​ទៅ ជួន​បាន​៣,០០០​រៀល ជួន​បាន​២,៥០០​រៀល​ទៅ​។ កាលពី​បាន​តម្លៃ​២,៥០០​រៀល ខ្ទឹម​របស់ខ្ញុំ​នៅ​តូច វា​មិនទាន់មាន​គីឡូ​ទេ​។ តែ​ឥឡូវ​ខ្ទឹម​ចុះថ្លៃ​សល់​តែ​២,០០០​រៀល ហើយ​ខ្ញុំ​ក៏ត្រូវ​ដក​ដែរ ហើយ​គេ​យក​តិច​ទៀត ម្នាក់​យកតែ​១០​ទៅ​២០​គីឡូ​ទេ​។ កាល​មុនគេ​យក​ច្រើន តែ​ខ្ញុំ​មិនមាន​។ ខ្ញុំ​យកទៅ​បោះ​ឱ្យ​ឈ្មួញ​ដែល​លក់​នៅតាម​ផ្ទះ​ក្នុងភូមិ ហើយ​ឈ្មួ្ញ​នោះ មាន​ឡាន​មក​យក​បន្តទៀត ទៅ​ស្វាយរៀង ទៅ​ព្រៃវែង​អ៊ីចឹងទៅ​»​។ នេះ​ជាការ​ពន្យល់​របស់​អ្នកស្រី សារុន​។​
 
​នៅ​ចន្លោះ​ខែមីនា និង​ខែមេសា​នេះ អ្នកស្រី សារុន ថា​ស្ពៃ​មាន​តម្រូវការ​ច្រើន តែ​អ្នកស្រី មិនមាន​ស្ពៃ​កាត់​ឱ្យ​ឈ្មួញ​ឡើយ​។ ទោះជា​យ៉ាងណា​នៅ​ខែ​ខ្លះ អ្នកស្រី​មាន​ស្ពៃ​ច្រើន បែរជា​ឈ្មួញ​យក​តិច​ទៅវិញ​។ អ្នកស្រី​បន្ត​ដូច្នេះ​៖«​ឥឡូវ​ស្ពៃ​គេ​យក​ច្រើន ៣០០​ឬ​៤០០​គីឡូ​ក៏​គេ​យក​ដែរ ប៉ុន្តែ​ខ្ញុំ​មិនទាន់បាន​កាត់ ព្រោះ​វា​នៅ​ស្ទើរ​។ ខ្ញុំ​ធ្លា​ប់លក់​មិន​អស់​ដែរ កាលពី​ខែ​សម្រក ខ្ញុំ​ចោល​ប្រហែលជា​១​តោន ព្រោះស្ពៃ​ខ្ញុំ​វា​ធំ​ពេក​គេ​មិន​យក​។ ម៉ូយ​គេ​យក​ពី​អ្នកផ្សេង​ខ្លះ​យក​ពី​ខ្ញុំ​ខ្លះ​។ ស្ពៃ​របស់ខ្ញុំ​មាន​ជាង​១​តោន ហើយ​មួយថ្ងៃ​គេ​យកតែ​១០០​គីឡូ ដូច្នេះ​លក់​មិន​អស់​ក៏​ចោល​ទៅ​។ សាឡា​ត់​ក៏​ចោល​ដែរ​»​។​
 
​អ្នកស្រី​បញ្ជាក់បន្ថែម​ខណៈ​ភ្នែក​មើលទៅ​បន្លែ​ដែល​ដុះ​លើដី​ដូច្នេះ​៖«​កាលពី​ខែ​២​នេះ ស្ពៃ​តឿ​និង​ស្ពៃចង្កឹះ​១​គីឡូ​បានតែ​៣០០​រៀល ឱ្យតែ​គេ​យក​ឱ្យអស់​ទៅ គេ​យក​មិន​អស់​ទៀត ព្រោះ​កាល​នោះគេ​ដាំ​បាន​គ្រប់គ្នា ។ សាឡា​ត់​បានតែ​៥០០​រៀល​ទេ ឥឡូវ​សាឡា​ត់បា​ន​៤,០០០​រៀល​។ គេ​ទិញ​ឡើងទៅ​ភ្នំពេញ​ដែរ ហើយ​បងប្អូន​របស់​ឈ្មួញ​នោះ​ក៏​គេ​ដាំ​ដែរ គេ​កាត់​មួយថ្ងៃ​ប្រហែល​១០​តោន​ឯណោះ​»​។ 
 
​ដៃ​ចង្អុល​ទៅ​រោងបន្លែ​ដែល​ខ្លះ​ដុះ​បាន​ទំហំ​ធំ និង​ខ្លះទៀត​ទើបតែ​ដុះ​បាន​ស្លឹក​២​ទៅ​៣ ស្ត្រី​ដែលមាន​ប្ដី​និង​កូន​ជួយ​ជ្រោមជ្រែង​រូបនេះ ថា​នៅ​រដូវ​បន្លែ​បាន​ថ្លៃ អ្នកស្រី​អាច​លក់បាន​ប្រាក់​ច្រើន​គួរសម ក្នុង​មួយថ្ងៃ​៖«​បើ​ស្ពៃ​បាន​ថ្លៃ​ខ្ញុំ​កាត់​បាន​ប្រហែល​៧០​ម៉ឺន​រៀល​ទៅ​៨០​ម៉ឺន​រៀល​ដែរ​ក្នុង​មួយថ្ងៃ​។ បើ​យើង​ដាំ​បាន​ច្រើន យើង​កាត់​បាន​រាល់ថ្ងៃ​អ៊ីចឹងទៅ​។ បើ​នៅសល់​តូចៗ​ប្រហែល​កន្លះ​ខែ​ទើបបាន​កាត់​ទៀត​។ ដាំ​សារ​ថ្មី​នេះ​ខ្ញុំ​ដាំ​បន្ត​គ្នា​ចូល​៨០​រង ដើម្បី​បាន​កាត់​លក់​បន្ត​»​។​
 
​ក្នុងនាម​ជា​កសិករ​ម្នាក់ អ្នកស្រី សុន សារុន មិន​ចង់ឱ្យ​មានការ​នាំចូល​ប​ន្លែ​ពី​ក្រៅប្រទេស​ឡើយ ដើម្បីឱ្យ​បន្លែ​នៅក្នុង​ស្រុក​មានតម្លៃ​ខ្ពស់​៖«​ខ្ញុំ​មិន​ចង់ឱ្យមាន​ការនាំ​បន្លែ​ចូល​ពី​ក្រៅ​ស្រុក​ដែរ ព្រោះ​យើង​នៅក្នុង​ស្រុក ហើយ​ធ្វើ​លក់​នៅក្នុង​ស្រុក​វា​បាន​ថ្លៃ​។ កាលពីមុន​ស្ពៃ​៤០០​រៀល​ឬ​៥០០​រៀល តែ​ឥឡូវ​បាន​២,០០០​រៀល​ទៅ​៣,០០០​រៀល​។ ឥឡូវ​កាត់​តែ​១០០​គីឡូ លក់បាន​៣០​ម៉ឺន​រៀល ហើយ​លើក​មុន​៣០០​គីឡូ​លក់​បានតែ​១៥​ម៉ឺន​រៀល​ទេ​។ កាលពីមុន​ស្ពៃ​១​ថង់​១០​គីឡូ​បានតែ​៥,០០០​រៀល តែ​ឥឡូវ​១​ថង់​បាន​១០​ម៉ឺន​រៀល​»៕

Tag:
 ដំណាំ​
  បន្លែ​
  ពោត​
  ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com