ជាតិ
ក្រសួង​វប្បធម៌ បង្កើត​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ ដើម្បី​តាមដាន​សកម្មភាព​សិល្បៈ​
03, May 2020 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បង្កើត​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ ដើម្បី​ពិនិត្យ​វាយតម្លៃ ចំពោះ​សកម្មភាព​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​សិល្បៈ  ប្រពៃណី ទំនៀមទម្លាប់ និង​សីលធម៌​សង្គម សំដៅ​ចូលរួម​លើកស្ទួយ​អត្តសញ្ញាណ​វប្បធម៌ សេចក្ដីថ្លៃថ្នូរ និង​កិត្យានុភាព​ជាតិ​។ ក្រុមប្រឹក្សា​នេះ​មាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជា​ប្រធាន​។ នេះ​បើតាម​សេចក្ដីសម្រេច ស្ដីពី​ការបង្កើត​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ ដែល​ចេញ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។


 
​បើតាម​សេចក្ដីប្រកាស​ដដែល ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ មាន​ភារកិច្ច​ប្រឹក្សា​យោបល់ និង​ផ្ដល់​អនុសាសន៍​ដល់​ក្រុម​លេខាធិការដ្ឋាន ក្នុងការ​អនុវត្ត​ការដាក់ពិន័យ និង​ការលើកសរសើរ ចំពោះ​សកម្មភាព​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និង​សីលធម៌​សង្គម​។ 
 
​សេចក្ដីប្រកាស បាន​បញ្ជាក់ថា ការបង្កើត​ក្រុម​លេខាធិការដ្ឋាន ត្រូវបាន​បង្កើតឡើង ដើម្បី​ជា​ជំនួយ​ការឱ្យ ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​។ ក្រុម​លេខាធិការដ្ឋាន មាន​តួនាទី ពិនិត្យ​តាមដាន ប្រមូល​ព័ត៌មាន និង​សកម្មភាព​ទាំងឡាយ ជាពិសេស​ការសិក្សា​លើ​អង្គហេតុ អង្គច្បាប់ និង​លើក​យោបល់​ជូន​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ ដើម្បី​ពិនិត្យ និង​សម្រេច​។ 
 
​សេចក្ដីសម្រេច​ដែល​ចេញ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដដែល ក៏បាន​បញ្ជាក់ដែរថា ក្រុម​លេខាធិការដ្ឋាន មាន​សិទ្ធិ​ផ្ដល់​លិខិត​សរសើរ និង​គ្រឿង​ឥស្សរិយយស លើកទឹកចិត្ត​ជូន​អ្នក​ដែល​បានធ្វើ​សកម្មភាព​រួមចំណែក​លើ​ក​កម្ពស់​សិល្បៈ ប្រពៃណី ទំនៀមទម្លាប់​ល្អ​របស់​ជាតិ និង​សីលធម៌​សង្គម តាម​ការសម្រេច​របស់​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​។ 
 
​ក្រុម​លេខាធិការដ្ឋាន ត្រូវ​សហការ​និង​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុងការ​ប្រមូល​ព័ត៌មាន ការវិភាគ ការវាយតម្លៃ ការអប់រំ​ផ្សព្វផ្សាយ និង​ការអនុវត្ត​។ មាន​តួនាទី​តាមដាន​និង​ដោះស្រាយ​វិវាទ​ផ្សេងៗ​ពាក់ព័ន្ធ​សកម្មភាព​សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និង​សីលធម៌​សង្គម​។ ធ្វើ​របាយការណ៍​អំពី​សភាពការណ៍ និង​វឌ្ឍនភាព​ការងារ ជូន​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ រួមទាំង​បំពេញការងារ​ផ្សេងទៀត ដែល​ប្រធាន​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​ប្រគល់ជូន​៕ 

Tag:
 ក្រសួង​វប្បធម៌​
  សិល្បៈ​
  ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​
© រក្សាសិទ្ធិដោយ thmeythmey.com