អន្តរជាតិ
ហ្វីលីពីន ថ្លែងការណ៍​ជំទាស់​ជាថ្មី ក្រោយ​ចិន​ប្រកាស​តំបន់​ត្រួតស៊ីគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​មជ្ឈមណ្ឌល​រដ្ឋបាល​របស់ខ្លួន​
03, May 2020 , 9:59 pm        
រូបភាព
ប្រជាជនហ្វីលីពីនតវ៉ាប្រឆាំងសកម្មភាពចិននៅសមុទ្រចិនខាងត្បូងកាលពីឆ្នាំ ២០១៩ (រូបភាព៖ Bernar News)
ប្រជាជនហ្វីលីពីនតវ៉ាប្រឆាំងសកម្មភាពចិននៅសមុទ្រចិនខាងត្បូងកាលពីឆ្នាំ ២០១៩ (រូបភាព៖ Bernar News)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល បានចេញ​សេចក្តីថ្លែងការណ៍​ជំទាស់​ជាថ្មី​ម្តងទៀត ចំពោះ​សកម្មភាព​ឯកតោភាគី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅលើ​តំបន់ ដែល​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មិនទាន់​ដោះស្រាយ​ដាច់ស្រឡះ​ជាមួយគ្នា​នៅឡើយ​។ ក្រុង​ម៉ានីល ដែល​កន្លងមក​ចាត់ទុក​ក្រុង​ប៉េកាំង ជា​មិត្ត​ជិតស្និទ្ធ​ជា​រហូត​នោះ បានចាត់ទុក​សកម្មភាព​បែបនេះ គឺជា​សកម្មភាព​ខុសច្បាប់​សុទ្ធសាធ​។​

 
​មួយ​សប្តាហ៍​ក្រោយ នៃ​ការធ្វើ​កំណត់​ទូត​ជំទាស់ លើ​ការប្រកាស​បង្កើត​រដ្ឋបាល​ថ្មី​ចំនួន​ពីរ​របស់​រដ្ឋាភិបាល​ចិន ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្រសួងការបរទេស​ហ្វីលីពីន នៅ​ថ្ងៃ​២៨ មេសា​កន្លងទៅ បានចេញ​សេចក្តីថ្លែងការណ៍​ជំទាស់​ថ្មី​មួយទៀត តប​ទៅនឹង​សកម្មភាព​របស់​រដ្ឋាភិបាល​ចិន ដែល​បានប្រកាស​តំបន់​ថ្ម​ប៉ប្រះ​ទឹក Fiery Cross Reef នៃ​សមុទ្រ​ចិន​ខាងត្បូង ជា​មជ្ឈមណ្ឌល​រដ្ឋបាល​របស់ខ្លួន​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន South China Morning Post ក្រសួងការបរទេស​ហ្វីលីពីន បាន​ទទូច​ឲ្យ​ចិន​អនុវត្ត​តាមច្បាប់​អន្តរជាតិ និង​រម្លឹក​ដល់​ចិន អំពី​កិច្ចព្រមព្រៀង​ឆ្នាំ​២០០២ ដែលជា​យន្តការ​ធ្វើឡើង​រវាង​ចិន និង​អាស៊ាន ក្នុងការ​គ្រប់គ្រង​សកម្មភាព​របស់ខ្លួន ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​ការចៀសវាង​ធ្វើ​សកម្មភាព​ណាមួយ ដែល​បង្ក​ឲ្យ​កើតមាន​ជា​ជម្លោះ និង​គំរាមកំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុង​ម៉ានីល ក៏បាន​ពន្លេច​សាលក្រម​ឆ្នាំ​២០១៦ របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ ដែល​បានប្រកាស​ចាត់ទុក​សក​ម្ម​ភាព​ទាមទារ​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយយោង​តាម​ការ​អំណះអំណាង​ប្រវត្តិសាស្ត្រ ថា​គ្មាន​សុពលភាព នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ផងដែរ​។ សាលក្រម​នេះ គឺជា​លិ​ខិ​តូ​បក​រណ៍​អន្តរជាតិ ដែល​ចិន​ស្អប់​បំផុត និង​ថែមទាំង​ប្រកាស​ដាច់ខាត​មិន​ទទួល​ឡើយ​។​
 
​នេះ គឺជា​ជំហរ​ការទូត​ថ្មី​ចុងក្រោយ​ហើយ របស់​ហ្វីលីពីន ដែល​ថ្មីៗ​នេះ ទើបតែ​ប្រកាស​ចាត់ទុក​ចិន ជា​ដៃគូ​ដែល​មិនអាច​ខ្វះ​បាន​។ គិត​ចាប់ពី​រដ្ឋបាល​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ឡើងកាន់​អំណាច​ឆ្នាំ​២០១៦​មក ហ្វីលីពីន បានប្រកាស​ជំហរ​ទន់ភ្លន់​ជាមួយ​ចិន ក្នុងការ​ដោះស្រាយ​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ហ្វីលីពីន ជ្រើស​រើសយក​ការចរចា​សន្តិវិធី ជា​មធ្យោបាយ​ចម្បង​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហាក់​ចាប់​ផ្តើមឡើង​កំដៅ​ជាថ្មី នាពេល​ចុង​ក្រោយនេះ បន្ទាប់ពី​មានការ​ចុះផ្សាយ​ជា​បន្តបន្ទាប់ ពី​សកម្មភាព​របស់​ចិន ក្នុងការ​ពង្រីក​ទឹកដី​នៅ​តំបន់​មាន​វិវាទ​នោះ ខណៈដែល​ប្រទេស​អាស៊ាន និង​ចិន កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ចរចា បង្កើត​បទដ្ឋាន​មួយ​សម្រាប់​គ្រប់គ្រង​សកម្មភាព​នៅ​ទីនោះ​៕ 

Tag:
 ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com