ជាតិ
អំពូល​ភ្លើង​សូ​ឡា ធ្វើ​ឲ្យ​ភូមិ​ព្រះ​ដាក​លែង​ស្ងាត់ និង​កាន់​តែមាន​សោភ័ណ​
03, May 2020 , 10:59 pm        
រូបភាព
​សៀមរាប​៖ យុទ្ធនាការ «​ផ្ទះ​១​អំពូល​ភ្លើង​១» ត្រូវបាន​រៀបចំឡើង​ដោយ​រដ្ឋបាល​ស្រុក​បន្ទាយស្រី នៅ​ដើមឆ្នាំ​២០២០ ដោយ​ក្នុងនោះ​បានជ្រើសរើស​ភូមិ​ព្រះ​ដាក ដែល​គេ​ស្គាល់​ថា​មាន​នំ​បញ្ចុក​ឆ្ងាញ់ សម្រាប់​អនុវត្តន៍​យុទ្ធនាការ​ដំបូង​នេះ​។ មកដល់ពេលនេះ ភូមិ​ព្រះ​ដាក​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ដល់​សាធារណជន​ជាខ្លាំង ដ្បិត​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ពេលយប់ ដែល​ធ្វើឱ្យ​ភូមិ​នេះ​មាន​សភាព​អ៊ូអរ និង​បង្កើន​សោភ័ណភាព​តាម​ដងផ្លូវ​កាន់តែខ្លាំង​ឡើង​។​

 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៅក្នុង​ភូមិ​ព្រះ​ដាក​នៅក្នុង​វីដេអូ​ខាងក្រោម​នេះ​៖
 
 
​លោកយាយ ចែម ខែ​ត កំពុង​អង្គុយ​ធ្វើ​នំ​មុខផ្ទះ បាន​និយាយថា បង្ហាញ​ទឹកមុខ​រីករាយ​ក្រោយ​ផ្ទះ​លោកយាយ​មាន​ភ្លើង​ភ្លឺ​ចេង​ចាំង​។ ពីមុន​ផ្ទះ​លោកយាយ ពុំមាន​ភ្លើង​ដាក់​មុខផ្ទះ​បែបនេះ​ទេ ដោយសារ​បារម្ភ ពី​ការប្រើប្រាស់​អគ្គិសនី​ច្រើន​ប្រចាំខែ​។ លោកយាយ ខែ​ត កត់សម្គាល់ថា​តាំងពី​មាន​អំពូល​សូ​ឡា ដែល​រដ្ឋបាល​ស្រុក​បំពាក់​តាម​មុខផ្ទះ​មក ក្នុងភូមិ​មាន​ភាព​អ៊ូអរ មនុស្សម្នា​ដើរហើរ​ច្រើន​មិន​ថា​ថ្ងៃ ឬ​យប់​។​
 
​កំពុង​ចម្អិន​ស្ករត្នោត​នៅក្រោម​ផ្ទះ លោកយាយ ឈួន នោះ​វិញ ក៏​រីករាយ​ជាមួយ​អំពូល​សូ​ឡា​ថ្មី​នេះដែរ​។ លោកយាយ​រៀបរាប់ថា ពីមុន​ពេល​ចុះ​ផ្ទះ​នៅពេល​យប់​ត្រូវ​ប្រើ​ភ្លើង​កែវឆ្លុះ តែ​សព្វថ្ងៃ​មិន​ពិបាក​ទៀត​ទេ​។ លោកយាយ ក៏​គាំទ្រ​ដល់​អាជ្ញាធរ រៀបចំ​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​នៅតាម​ភូមិ​ដ​ដៃ​ទៀត ដើម្បី​ភាពស្រស់ស្អាត​ក្នុង​ឃុំ​ព្រះ​ដាក​ទាំងមូល​។​
 
​ចំណែក​អ្នកនាង គឹម​សេង ដែល​កំពុង​លក់​នំ​បាញ់ឆែវ​មុខផ្ទះ ក៏មាន​មោ​នកភាព​ដែរ ក្នុងនាម​អ្នកភូមិ​ព្រះ​ដាក់​។ អ្នកនាង​ថា អ្នកដំណើរ​ជិត​ឆ្ងាយ តែងមាន​ការងឿងឆ្ងល់ និង​សាកសួរ​ពី​ការបំពាក់​អំពូល​ភ្លើង​ដែល​ហាក់​ភ្លែ​ក​ភ្នែក​ធៀប​នឹង​ភូមិ​ដទៃ​។ គឹម​សេង សប្បាយចិត្ត​និង​បេ្ដ​ជ្ញា​ចូលរួម​ថែរក្សា​សមិទ្ធផល​ទាំងនេះ​ឱ្យ​បានល្អ​បំផុត​៕
 










Tag:
 ផ្ទះ​១​អំពូល​ភ្លើង​១
  ព្រះ​ដាក​
© រក្សាសិទ្ធិដោយ thmeythmey.com