សៀមរាប៖ ចាប់ពីឆ្នាំ២០១៩មក យុទ្ធនាការដាំកូនឈើទ្រង់ទ្រាយធំ ត្រូវបានរៀបចំឡើងក្នុងព្រៃឧទ្យានអង្គរ។ ឆ្នាំ២០១៩ ដើមឈើជិត៣ម៉ឺនដើម ត្រូវបានដាំ និងបានចែកចាយទៅខាងក្រៅជាង៧ម៉ឺនដើម។ ដោយឡែកក្នុងឆ្នាំ២០២០នេះ អាជ្ញាធរអប្សរាបានត្រៀមកូនឈើប្រមាណ១១ម៉ឺនដើមបន្ថែមទៀត ដែលក្នុងនោះបូកទាំងការត្រៀមចែកចាយដល់សាធារណជនដែលមានបំណងយកកូនឈើទៅដាំតាមផ្ទះ តាមសាលារៀន ឬតាមវត្តអារាមជាដើម។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
បច្ចុប្បន្ន ក្រុមការងារព្រៃឈើនៃអាជ្ញធរអប្សរា កំពុងមមាញឹកក្នុងការបណ្ដុះកូនឈើ និងថែទាំ តាមស្ថានីយបណ្ដុះកូនឈើនីមួយៗ ត្រៀមសម្រាប់ដាំ និងចែកចាយក្នុងឆ្នាំ២០២០នេះ។ ជាទូទៅ ការដាំនឹងចាប់ផ្តើមនារដូវវស្សា នាអំឡុងខែ កក្កដា តទៅ។
មន្ត្រីបច្ចេកទេសទទួលបន្ទុកការងារដាំ និងបណ្ដុះកូនឈើ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន លោក ឡី គឹមស៊ី បានឱ្យដឹងថា នៅឆ្នាំ២០២០នេះស្ថានីយបណ្ដុះកូនឈើទាំង៤កន្លែង បានត្រៀមកូនឈើប្រមាណ១១ម៉ឺនដើម សម្រាប់ដាំ និងចែកចាយ។ លោកបន្តថា កូនឈើដែលត្រៀមនោះមានទាំងប្រភេទឈើប្រណិត ឈើលេខ១ លេខ២ លេខ៣ ប្រភេទដើមឈើលម្អ និងដើមឈើព្រៃហូបផ្លែ ដែលដើមឈើទាំងអស់សរុប៤៥មុខ។
លោក ឡី គឹមស៊ី បន្ថែមថា៖« ចំពោះកូនឈើដែលបណ្ដុះទាំងអស់មាន២ ទី១យើងសម្រាប់ផ្គត់ផ្គង់ក្នុងឧទ្យានអង្គរ ទី២សម្រាប់ចែកចាយដល់អង្គភាពផ្សេងៗ និងប្រជាពលរដ្ឋមានបំណងយកទៅដាំដើម្បីភាពបៃតង ឬបង្កើតគម្របព្រៃ»។
ដោយសារបរិបទជំងឺកូវីដ១៩ ធ្វើឱ្យគម្រោងរៀបចំយុទ្ធនាការដាំដើមឈើដូចឆ្នាំកន្លងមកក្នុងព្រៃឧទ្យានអង្គរ មិនទាន់ច្បាស់លាស់។ លោក គឹមស៊ី ពន្យល់ថា ប្រសិនបើស្ថានភាពល្អប្រសើរ ក្រុមការងារព្រៃឈើនឹងបន្តរៀបចំយុទ្ធនាការតូចធំ ដើម្បីឱ្យមហាជនចូលរួមដាំ តែបើមិនដូច្នោះទេ គឺការដាំឆ្នាំនេះ នឹងធ្វើជាលក្ខណៈផ្ទៃក្នុងតាមគោលដៅដែលបានត្រៀមរួចរាល់។
សម្រាប់ប្រជាពលរដ្ឋដែលចង់ទំនាក់ទំនងសុំកូនឈើយកទៅដាំ សូមទាក់ទងមកកាន់ស្នាក់ការអាជ្ញាធរជាតិអប្សរា ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ និងទម្រង់បំពេញបែបបទសុំកូនឈើ ហើយរយៈពេលមួយសប្ដាហ៍ ពួកគាត់នឹងទទួលបានកូនឈើដែលត្រូវបានរៀបចំជូន។ នេះជាការលើកឡើងរបស់លោក គឹមស៊ី។
និយាយដល់ការរកគ្រាប់ពូជវិញ គ្រាប់ពូជមួយផ្នែកធំត្រូវបានប្រមូលយកពីក្នុងព្រៃឧទ្យានអង្គរ មួយផ្នែកទៀតត្រូវទិញពីខាងក្រៅ។ ប្រភេទដើមឈើមួយចំនួនដូចជារំដួល ដែលកម្រ និងពេលខ្លះរើសមិនទាន់ប្រជាពលរដ្ឋដែលរើសទុកលក់នៅទីផ្សារជាដើម។
ទាក់ទងនឹងការងារបណ្ដុះកូនឈើវិញ សព្វថ្ងៃអាជ្ញាធរអប្សរាមានស្ថានីយបណ្ដុះកូនឈើចំនួន៤ ទី១ សួនបណ្ដុះកូនឈើ៨ហិកតា ដែលបណ្ដុះប្រភេទឈើប្រណិត ទី២ ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដែលបណ្ដុះប្រភេទឈើលេខ១ លេខ២ លេខ៣ និងក្រៅប្រភេទ ទី៣ ស្ថានីយបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើលម្អ និងឈើព្រៃហូបផ្លែ និងទី៤ សួនបណ្ដុះកូនឈើបាឡុង ដែលបណ្ដុះ ថែទាំ និងផ្សាំកូនឈើបន្តវេនគ្រប់ប្រភេទ។ រាល់ឆ្នាំ អាជ្ញាធរអប្សរាតែងដាំនិងចែកចាយរាល់ប្រភេទឈើទាំងអស់នេះ ក្រោយថែទាំ និងដល់អាយុ ឬកម្ពស់ដែលត្រូវដាំ។ លោក គឹមស៊ី ពន្យល់ថា៖« ជារួមដើមឈើដែលមានកម្ពស់៥ទៅ៦តឹកឡើង អាចយកដាំបាន ព្រោះដើមឈើខ្លះបណ្ដុះទៅលឿន ខ្លះក៏យឺត ទាមទាររយៈពេល៦ខែ ខ្លះទៀតក៏មួយឆ្នាំតាមនឹង»។
ចំពោះការថែទាំវិញ ក្រោយដាំរួច ក្រុមការងារព្រៃឈើមានបុគ្គលិកសម្រាប់មើលការងារស្រោចទឹក និងថែទាំតាមតំបន់គោលដៅនីមួយៗ ដើម្បីធានាថា ការដាំកូនឈើទាំងនោះមានបរិមាណរស់ច្រើន។ ត្រង់ចំណុចនេះលោក គឹមស៊ី ពន្យល់ថា ដោយសារផ្ទៃដីក្នុងព្រៃឧទ្យានអង្គរមានភាពអំណោយផលផង ធ្វើឱ្យការដាំភាគច្រើនលូតលាស់ល្អ។ អត្រាលូតលាស់ និងរស់មានរហូតដល់៨០ទៅ៩០ភាគរយនៅទីតាំងដែលឡានទឹកចូលស្រោចបាន ចំណែកតំបន់ដែលពិបាកឡានចូល មានអត្រារស់មធ្យម៦០ភាគរយ។ តែយ៉ាងណា កូនឈើងាប់ទាំងនោះនឹងត្រូវជួសឡើងវិញនៅរដូវបន្ទាប់។
ការងារដាំដើមឈើឡើងវិញ គឺជាកិច្ចការដ៏សំខាន់មួយក្រៅពីអភិរក្សប្រាង្គប្រាសាទ។ ចាប់ពីចុងឆ្នាំ២០១៩មក និងរហូតដល់ដើមឆ្នាំ២០២០នេះ អាជ្ញាធរអប្សរាបានចាប់ផ្តើមរៀបចំកែលម្អសួននៅប្រាសាទអង្គរវត្ត ទាំងការដាំស្មៅ និងដើមឈើជាតូចធំជាច្រើន ក្នុងបំណងដើម្បីបង្កើនភាពបៃតង ក៏ដូចជាបង្កើនគម្របព្រៃឈើក្នុងតំបន់ព្រៃឧទ្យានអង្គរ៕