ជាតិ
វីដេអូ
អ្នកស្រី សន ស្រី​នុ​ច យក​អាជីព​បកប្រែ​ភាសា​សញ្ញា មកជួយ​អ្នក​ពិការភាព​ឱ្យចូល​រួម​ក្នុងសង្គម​
04, May 2020 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី សន ស្រី​នុ​ច អ្នកបកប្រែ​ភាសា​សញ្ញា ដល់​អ្នក​ពិការភាព រយៈពេល​១០​ឆ្នាំ​ហើយ​។ ជាការ​ងារ​ដែល​ខ្លួន​ពេញចិត្ត​ផង​នោះ អ្នកស្រី  សន ស្រី​នុ​ច បាន​អះអាងថា ការងារ​នេះ ជា​ឱកាស​មួយ​សម្រាប់​អ្នកស្រី ជួយ​ដល់​មនុស្ស​ថ្លង់ ដើម្បីឱ្យ​ពួកគេ​អាច​ចូលរួម​ក្នុងសង្គម ដូចជា​មនុស្ស​ទូទៅ​បាន​។


 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង អ្នកស្រី សន ស្រី​នុ​ច អ្នកបកប្រែ​ភាសា​សញ្ញា​ក​ម្ពុ​ជា ដូចតទៅ​៖ 
 
 
«​និយាយ​ទៅ​ខ្ញុំ​សប្បាយចិត្ត ហើយ​ក៏មាន​មោទកភាព​ដែរ ដោយសារ​ខ្ញុំ​អាចជួយ​ដល់​ពួកគាត់​(​មនុស្ស​ថ្លង់​) ឱ្យ​ពួកគាត់​អាច​ចូលរួម​សង្គម​ស្មើនឹង​អ្នក​ស្ដាប់ឮ ហើយ​បើសិន​អត់​មាន​អ្នកបកប្រែ​ទេ គាត់​ក៏មាន​ការលំបាក​ដែរ ព្រោះ​គាត់​ស្តាប់​មិនឮ ពួកគាត់​រំពឹង​លើ​ភាសា​សញ្ញា​»​។ នេះ​ជា​សម្ដី​របស់​អ្នកស្រី សន ស្រី​នុ​ច បានបង្ហាញ​អារម្មណ៍​រីករាយ ដែល​អ្នកស្រី​អាចជា​ផ្នែក​មួយ ជួយ​ដល់​មនុស្ស​ថ្លង់​។​
 
​មាន​បទពិសោធ​រយៈពេល​ជាង​១២​ឆ្នាំ អ្នកស្រី ស្រី​នុ​ច បាន​អះអាងថា ការបកប្រែ​ភាសា​សញ្ញា មិន​ខុសពី​ការបកប្រែ​ពី​ភាសា​ខ្មែរ​ទៅ​អង់គ្លេស​ទេ ដោយ​ទាមទារ​ការផ្ដោត​អារម្មណ៍ និង​បកប្រែ​តាម​អត្ថន័យ​ដើម្បីឱ្យ​អ្នកមើល​ងាយ​យល់​។ ស្ត្រី​វ័យ​៣៦​ឆ្នាំ​រូបនេះ បាន​ពន្យល់​ដូច្នេះ​ថា​៖ «​តាម​បទពិសោធ​បកប្រែ​របស់ខ្ញុំ ភាគច្រើន​ខ្ញុំ​បក​ទៅតាម​អត្ថន័យ​គឺ​ខ្ញុំ​អត់​បក​តាម​ពាក្យ​ទេ ដោយសារ​នៅពេលដែល​យើង​បក​ទៅតាម​អត្ថន័យ វា​ងាយស្រួល​ឱ្យ​មនុស្ស​ថ្លង់​ងាយ​យល់​ជាង​បក​តាម​ពាក្យ​»​។ នៅពេល​គេ​និយាយ​យើង​ត្រូវ​គិតថា​អ្វីដែល​គេ​និយាយ ផ្ដោតលើ​អត្ថន័យ​អ្វី អីចឹង​ត្រូវ​បក​ទៅតាម​អត្ថន័យ​ដែល​គេ​និយាយ​»​។​
 
​ទោះបី​បច្ចុប្បន្ន​អាជីព​បកប្រែ​ភាសា​សញ្ញា​មាន​ទីផ្សារ​ច្រើនជាង​មុន តែ​អ្នកស្រី​យល់ថា អ្នកចេះ​ភាសា​សញ្ញា​មាន​ចំនួន​តិច​នៅឡើយ​។ អ្នកបកប្រែ​ភាសា​សញ្ញា​រូបនេះ បាន​លើកទឹកចិត្ត​និង​ជំរុញ​ដល់​យុវជន និង​អ្នក​ដែលមាន​សាច់ញាតិ​ជា​មនុ​ស្សគ​-​ថ្លង់ គួរ​រៀន​ភាសា​សញ្ញា​ដើម្បី​ជួយ​សម្រួល​និង​អាច​ទំនាក់ទំនង​ជាមួយ​មនុ​ស្សគ​-​ថ្លង់​បាន​ច្រើន​៕

Tag:
 ភាសា​សញ្ញា​
 ​សន ស្រី​នុ​ច​
© រក្សាសិទ្ធិដោយ thmeythmey.com