COVID-19
ជាតិ
សិស្ស​ថ្នាក់​ទី​១! ដល់​ម៉ោង​រៀន​អន​ឡាញ​ជាមួយ អ្នកគ្រូ សី ស្រី​កែវ ហើយ​!
04, May 2020 , 8:59 am        
រូបភាព
​កូនៗ យល់​ទេ​? កូនៗ​ស្តាប់​អ្នកគ្រូ​! ជាមួយនឹង​សំឡេង​ដ៏​ពីរោះ និង​មាន​វិធីសាស្ត្រ​បង្រៀន​តាម​ជំនាញ​គរុកោសល្យ អ្នកគ្រូ សី ស្រី​កែវ ក្លាយជា​គ្រូ​បង្គោល​ម្នាក់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបន្ទុក​បង្រៀន​សិស្ស​ថ្នាក់​ទី​១ តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩​។ បម្រើការ​នៅ​សាលាបឋមសិក្សា​សសរស្តម្ភ ខេត្តសៀមរាប អ្នកគ្រូ​វ័យ​២៣​ឆ្នាំ​រូបនេះ ត្រូវធ្វើ​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ ម្តង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ថត​ការបង្រៀន​របស់ខ្លួន​។ នឿយហត់​ទេ​? អ្នកគ្រូ ស្រី​កែវ បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កាយ​ហត់នឿយ តែ​សប្បាយចិត្ត​។​

 
​មាន​ស្រុកកំណើត​នៅ​ស្រុក​ពួក ខេត្តសៀមរាប កញ្ញា សី ស្រី​កែវ ជា​គ្រូបង្រៀន​ថ្នាក់​ទី​១ នៅ​សាលាបឋមសិក្សា​សសរស្ដម្ភ​។ កញ្ញា សី ស្រី​កែវ បាន​ក្លាយជា​គ្រូបង្រៀន​រយៈពេល ៣​ឆ្នាំ​មកហើយ ដោយ​ផ្ដើមចេញ​បង្រៀន​នៅ​ឆ្នាំ​២០១៧​។​
 
​សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​កញ្ញា សី ស្រី​កែវ គ្រូបង្រៀន​ថ្នាក់​ទី​១ តាម​ប្រព័ន្ធ​អន​ឡាញ​ដូចតទៅ​៖
 


 
​ក្នុង​ឆ្នាំ​២០២០​នេះ វត្តមាន​របស់​អ្នកគ្រូ​វ័យក្មេង​រូបនេះ ត្រូវបាន​មហាជន​មួយចំនួន​ស្គាល់ តាមរយៈ​ការបង្រៀន​មុខវិជ្ជា​ភាសា​ខ្មែរ​ថ្នាក់​ទី​១ តាម​ប្រព័ន្ធ​អន​ឡាញ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ទោះបី​ការបង្រៀន​តាម​អន​ឡាញ​មាន​ភាពងាយស្រួល​ជាង​ការបង្រៀន​នៅក្នុង​ថ្នាក់​ក៏ដោយ ក៏​អ្នកគ្រូ សី ស្រី​កែវ នៅតែ​បារម្ភ​ពី​ការទទួលបាន​របស់​សិ​ស្ស​។​
 
​អ្នកគ្រូ សី ស្រី​កែវ ពន្យល់​ពី​ភាពខុសគ្នា​នៃ​ការបង្រៀន​តាម​អន​ឡាញ​យ៉ាង​ដូច្នេះ​៖ «​ចំពោះ​ការបង្រៀន​នៅក្នុង​ថ្នាក់ យើង​មាន​សិស្ស តែ​តាម​អន​ឡាញ​វិញ គឺ​វា​ងាយស្រួល​ជាង​បង្រៀន​នៅក្នុង​ថ្នាក់​។ ទោះ​ងាយស្រួល ប៉ុន្តែ​ចំពោះ​លទ្ធផល យើង​មិនដឹងថា​សិស្ស​ចាប់បាន​ឬ​អត់​ទេ​។ បើ​នៅក្នុង​ថ្នាក់​វិញ ទោះ​ពិបាក​ជាង តែ​យើង​អាចជួយ​សិស្ស​បាន​»​។​

 
 
​បើតាម​គ្រូបង្រៀន​ដែលជា​កូន​កសិករ​រូបនេះ មុនពេល​បង្រៀន នាង​ត្រូវ​រៀបចំ​ឯកសារ សម្ភារ និង​ល្បែង​សិក្សា​សម្រាប់​សិស្ស​។ ក្នុងពេល​បង្រៀន​អ្នកគ្រូ សី ស្រី​កែវ បានបង្ហាញ​ភាព​រីករាយ​តាមរយៈ​ទឹកមុខ និង​កាយវិការ​ដល់​សិ​ស្សា​សិស្ស​តូចៗ ដើម្បី​ឲ្យ​ពួកគេ​ឆាប់​ចាប់បាន និង​មិនមាន​ភាព​ធុញថប់​ក្នុង​ការរៀន​។ «​ពេល​យើង​បង្រៀន​ក្មេងៗ យើង​ត្រូវធ្វើ​ឲ្យ​គាត់​ចាប់អារម្មណ៍​នឹង​យើង ព្រោះ​ក្មេងៗ​ចូលចិត្ត​ការបង្រៀន​ដែល​បញ្ចូល​ល្បែង​សិក្សា​ពេល​កំពុង​រៀន​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកគ្រូ សី ស្រី​កែវ​។​
 
​ការចាប់ផ្តើម​បង្រៀន​តាម​អន​ឡាញ មុនដំបូង​ហាក់​មាន​ភាពលំបាក​សម្រាប់​គ្រូបង្រៀន​វ័យក្មេង​រូបនេះ ដោយ​នាង​ត្រូវ​ឈរ​និយាយ ឈរ​បង្រៀន និង​ត្រូវ​ឆ្លើយ​សំណួរ​ខ្លួនឯង​។ អ្នកគ្រូ ស្រី​កែវ រៀបរាប់ថា​៖ «​ពេល​បង្រៀន​ត្រូវ​សួរ​ខ្លួនឯង ឆ្លើយ​ខ្លួនឯង ទះដៃ​អបអរ​ខ្លួនឯង អញ្ចឹង​មាន​អារម្មណ៍​ថា​ខ្មាស ប៉ុន្តែ​មាន​ក្រុមការងារ​ខាង​ក្រសួង​លើកទឹកចិត្ត និង​ជួយ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទឹកចិត្ត​បង្រៀន​តទៅទៀត​»​។​


 
​ទម្រាំ​មានឱកាស​ឈរ​បង្រៀន​តាម​អន​ឡាញ​នេះ មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ អ្នកគ្រូ ស្រី​កែវ ប្រាប់​ពី​ដំណើរការ​នៃ​ការជ្រើសរើស​យ៉ាង​ដូច្នេះ​៖ «​ដំបូង ខ្ញុំ​ជា​បេក្ខជន​ដែល​ត្រូវបាន​ជ្រើសរើស តាមរយៈ​សមត្ថភាព​នៃ​ការបង្រៀន​របស់ខ្ញុំ​។ បន្ទាប់មកទៀត ត្រូវ​ប្រកួតប្រជែង​ជាមួយ​គ្រូបង្រៀន​ដទៃទៀត​នៅក្នុង​ស្រុក និង​ថ្នាក់ជាតិ​។ ក្រោយ​មានការ​ជ្រើសរើស ខាង​ក្រសួង ចុះមក​មើល​ការបង្រៀន​របស់​យើង មើល​លើ​អត្ត​ច​រិ​ក និង​សម្ភាស​គ្រូ​ដទៃ អ្នកលក់​នៅក្នុង​សាលា និង​អាណាព្យាបាល​សិស្ស​ជាដើម​»​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកគ្រូ ស្រី​កែវ ឲ្យ​ដឹងថា ក្នុង​១​ខែ ត្រូវធ្វើ​ដំណើរ​ពី​សៀមរាប​មក​ភ្នំពេញ​​២​ដង ដើម្បី​បង្រៀន​តាម​អន​ឡាញ ដែល​ផ្សាយ​ផ្ទាល់​លើ​ផេ​ក​ក្រសួង​អប់រំ យុវជន និង​កីឡា​។ បើទោះបី​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ តែ​អ្នកគ្រូ ស្រី​កែវ សប្បាយចិត្ត និង​មាន​ភាព​នឿយហត់​ឡើយ​។ «​មិន​ហត់នឿយ​ទេ ព្រោះ​យើង​ទៅ​បង្រៀន យើង​បានបង្ហាញ​ស្នាដៃ និង​បាន​បង្រៀន​ដល់​សិស្ស​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកគ្រូ ស្រី​កែវ​។​
 
​មិន​ត្រឹម​តែមាន​វ័យក្មេង និង​ទើប​ប្រឡូក​ក្នុង​អាជីព​ជា​គ្រូបង្រៀន​រយៈពេល​៣​ឆ្នាំ​នោះទេ កញ្ញា សី ស្រី​កែវ បាន​ក្លាយជា​គ្រូបង្រៀន​ល្អ ដែល​ទទួលបាន​ជ័យលាភី​លេខ​៤ របស់​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ផងដែរ​។ គ្រូបង្រៀន​រូបនេះ ប្ដេជ្ញា​ខំប្រឹង​ពង្រឹងសមត្ថភាព​នៃ​ការបង្រៀន​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​។​
 
​សូមបញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​កម្មវិធីសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដល់​សិស្សានុសិស្ស​ចាប់តាំងពី​ថ្នាក់​បឋម ដល់​មធ្យមសិក្សា ដែល​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ចំនួន ៥៧​ប៉ុស្តិ៍ ដើម្បី​ជួយ​សិស្សានុសិស្ស​អាច​សិក្សា​ដោយ​ខ្លួន​តាម​ប៉ុស្តិ៍​ទាំងនេះ និង​តាម​អន​ឡាញ ក្នុងអំឡុងពេល​បិទ​សាលា ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩៕







Tag:
 គ្រូបង្រៀន​
  អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com