ជាតិ
សង្គមជាតិ
មាតារបស់សម្តេច ប៊ុន រ៉ានី ទទួលមរណភាព ក្នុងជន្មាយុ៩៦ឆ្នាំ
04, May 2020 , 6:30 am        
រូបភាព
ឧបាសិកា ប៊ុន ស៊ាងលី មាតាបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងត្រូវជាមាតាក្មេករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលមរណភាព ក្នុងព្រះជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅម៉ោង២និង១២នាទី ទៀបភ្លឺ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ លុះម៉ោងជិត៣ទៀបភ្លឺ សម្តេច ហ៊ុន សែន ក៏បង្ហោះដំណឹងមរណភាពនេះ លើទំព័រហ្វេសប៊ុក។



សេចក្តីជូនដំណឹង បានឲ្យដឹងថា សពរបស់ឧបាសិកា ប៊ុន ស៊ាងលី តម្កល់ធ្វើបុណ្យ នៅភូមិគ្រឹះរបស់សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី៦ ខែឧសភា សព​ នឹងត្រូវដង្ហែយកទៅបញ្ចុះនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ 

សុខភាពរបស់ឧបាសិកា ប៊ុន ស៊ាងលី មានសភាពធ្ងន់ធ្ងរតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ។ កាលនោះ សម្តេច ហ៊ុន សែន សម្រេចមិនទៅចូលរួមកិច្ចប្រជុំអាស៊ាន-កូរ៉េ និងកិច្ចប្រុំមេគង្គ-កូរ៉េ នៅកូរ៉េខាងត្បូង ដើម្បីនៅមើលម្តាយក្មេក ដែលត្រូវបានបញ្ជូនទៅង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតរ។ ពេលបញ្ជូនដល់មន្ទីរពេទ្យ ឧបសិកា ប៊ុន ស៊ាងលី ត្រូវក្រុមគ្រូពេទ្យ ជួយសង្គ្រោះបាន ហើយក៏បានធូរស្បើយបន្តិចវិញ។ 

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទាននូវគោរមងារដល់ឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»៕

Tag:
 ប៊ុន ស៊ាងលី
© រក្សាសិទ្ធិដោយ thmeythmey.com