អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ថា អាមេរិក នឹង​អាចមាន​វ៉ាក់សាំង COVID-19 នៅ​ចុងឆ្នាំ​២០២០​នេះ
04, May 2020 , 10:22 am        
រូបភាព
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ រូបភាព៖ Fox News
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ រូបភាព៖ Fox News
​អាមេរិក នឹង​អាចមាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​ចុងឆ្នាំ​២០២០​។ នេះ​បើតាម​ការលើកឡើង​ដោយមាន​ទំនុកចិត្ត​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណាស់ ត្រាំ នៅ​ថ្ងៃទី​៣ ខែឧសភា​។



​មកទល់ពេលនេះ អាមេរិក​មាន COVID-19 សរុប​ចំនួន​ជាង ១,១​លាន​ករណី អ្នកស្លាប់​ជិត ៧​ម៉ឺន​ករណី និង​អ្នកជា​សះស្បើយ​ប្រមាណ​ជិត ១៨​ម៉ឺន​នាក់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​ស្រាវ​ជាវ​អាមេរិក កំពុង​មមាញឹក​យ៉ាងខ្លាំង ក្នុងការ​ស្វែងរក​វ៉ាក់សាំង​ការពារ ក៏ដូចជា​ថ្នាំ​ព្យាបាល​ជំងឺឆ្លង​សកល​មួយ​នេះ​។ 
 
​យ៉ាងណាក៏ដោយ អាមេរិក​សង្ឃឹមថា នៅ​ចុងឆ្នាំ​២០២០​នេះ ខ្លួន​នឹងមាន​វ៉ាក់សាំង​ការពារ​កូ​រ៉ូ​ណាវី​រុស​។ «​យើង​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង ដែលថា​យើង​នឹងមាន​វ៉ាក់សាំង​នៅ​ចុងឆ្នាំ​២០២០ ឬ​បញ្ចប់​ឆ្នាំ​»​។ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​បែបនេះ នៅក្នុង​កិច្ច​សម្ភា​ស​ជាមួយ​សារព័ត៌មាន Fox News​។ 
 
​ជាមួយគ្នានេះ លោក​ត្រាំ បាន​បន្ថែមទៀតថា លោក​ក៏​សប្បាយចិត្ត​ដែរ ប្រសិនបើ​ប្រទេស​ណាមួយ មានលទ្ធភាព​រកឃើញ​វ៉ាក់សាំង​មុន​អាមេរិក​។ ក្នុងន័យនេះ ប្រមុខរដ្ឋ​អាមេរិក បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​ខ្វល់​អ្វី​ទាំងអស់ ខ្ញុំ​ចង់បាន​វ៉ាក់សាំង ដែល​ការពារ​មនុស្ស​បាន​»​។ 
 
​ការលើកឡើង​របស់លោក​ត្រាំ ​ជុំវិញ​រយៈពេល​រកឃើញ​វ៉ាក់សាំង​ការពារ​បែបនេះ គឺ​គ្រាន់តែ​ជា​យោបល់ និង​ការគិត​របស់លោក​តែប៉ុណ្ណោះ ពោលគឺ​លោក​មិនបាន​សាកសួរ​អ្នកជំនាញ​ណាមួយ មុន​ធ្វើ​កិច្ច​សម្ភាស​នេះឡើយ​។ ក្រៅពីនេះ លោក ត្រាំ ក៏ត្រូវ​បាន​គេ​សួរ​សំណួរ​ជុំវិញ​បុគ្គល ដែល​យកទៅ​ធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង​ផងដែរ​។ ជាការ​ឆ្លើយតប ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ បាន​លើកឡើងថា អ្វី​ទាំងអស់គឺធ្វើឡើង ដោយ​ផ្អែក​ទៅតាម​ការស្ម័គ្រចិត្ត ហើយ​បុគ្គល​ទាំងនោះក៏​ដឹង​ពី​អ្វីដែល​នឹងត្រូវ​ចាក់​បញ្ចូល​ដែរ​។ 
 
​សូមបញ្ជាក់ថា អាមេរិក ក៏ដូចជា​ប្រទេស​ផ្សេងទៀត​ដូចជា ចិន អាល្លឺម៉ង់ អូស្ត្រាលី​ជាដើម កំពុង​មមាញឹក​យ៉ាងខ្លាំង ក្នុងការ​ស្រាវជ្រាវ​ស្វែងរក​វ៉ាក់សាំង​ការពារ​COVID-19 ។ អ្វីដែល​ត្រូវធ្វើ​នៅពេលនេះ គឺ​ត្រូវ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​ការពារ​អ្នកស្លាប់ និង​អ្នក​ឆ្លង​ពី​ជំងឺ​ថ្មី​នេះ​៕  
 

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com