COVID-19
ជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​៖ មិនទាន់​ដល់ពេល​ឱ្យ​KTV បើក​វិញ​ឡើយ​
04, May 2020 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​មិនទាន់​អាច​អនុញ្ញាតឱ្យ​កន្លែង​កម្សាន្ត ខារ៉ាអូខេ (KTV) បើក​ដំណើរការ​វិញ​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​៤ ឧសភា​នេះ​។​


 
​ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត​ជុំវិញ​ដំណើរការ​អាជីវកម្ម​KTV​នៅ​កម្ពុជា​នោះ លោក ម៉ម ប៊ុនហេង បញ្ជាក់ថា កាលៈទេសៈ​នេះ ជា​ពេលវេលា​ត្រូវ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ មិនមែនជា​ពេលដែល​ត្រូវការ​សប្បាយ​នោះទេ​។ រដ្ឋមន្ត្រី​សុខាភិបាល​រូបនេះ លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ដែល​ចូលចិត្ត​ច្រៀង​កម្សាន្ត​សប្បាយ​នោះ រៀបចំ​កម្មវិធី​ច្រៀង​នៅតាម​ផ្ទះ​ជា​លក្ខណៈ​គ្រួសារ ប្រសើរ​ជាង​ទៅ​ខារ៉ាអូខេ​។ បើតាម​លោក ម៉ម ប៊ុនហេង ទីកន្លែង​កម្សាន្ត ខារ៉ាអូខេ​នេះ ជា​កន្លែង​ងាយ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ខ្លាំង​បំផុត​។​
 
«​ខារ៉ាអូខេ អត់​អាហ្នឹង ក៏​អត់​ងាប់​ដែរ​» ។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ម ប៊ុនហេង ដែល​ស្នើឱ្យ​ពលរដ្ឋ​យោគយល់​ពី​ស្ថានការណ៍ និង​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា​។​
 
​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី Li Ailan  បាន​បន្ថែមថា ក្នុង​កាលៈទេសៈ​នេះ វា​ជាពេលវេលា​ដ៏​លំបាក សម្រាប់​កម្ពុជាក្នុងការអនុញ្ញាត​បើក​អាជីវកម្ម​វិញ ព្រោះ​មេរោគ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ វា​អាច​ទំ​លើ​វត្ថុ និង​ទីតាំង​ដែល​គ្មាន​ខ្យល់​ចេញចូល ជាពិសេស​កន្លែង​ប្រមូលផ្តុំ ដូចជា​KTV ជាដើម​។​
 
​តែ​យ៉ាងណា​លោកស្រី Li Ailan  បាន​សង្កត់ធ្ងន់ថា ក្នុងករណី​រដ្ឋាភិបាល​ចង់ឱ្យ​អាជីវកម្ម​មួយចំនួន​ដំណើរការ​វិញ​នោះ គឺត្រូវធ្វើ​ឡើង​មួយ​ជំហាន​ម្ដងៗ ដោយមាន​ការប្រុងប្រយ័ត្ន និង​ទទួលខុសត្រូវ​ខ្ពស់​។​

Tag:
 COVID-19
  KTV
© រក្សាសិទ្ធិដោយ thmeythmey.com