COVID-19
អន្តរជាតិ
ឥណ្ឌា បន្ត​បិទ​ប្រទេស​ពីរ​សប្ដាហ៍​ទៀត តែ​លើកលែង​ការ​រឹតត្បិត​ខ្លះ​
04, May 2020 , 11:18 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា បាន​ពន្យារ​រយៈពេល​បិទ​ប្រទេស ២​សប្តាហ៍​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ យ៉ាងណាក៏ដោយ ឥណ្ឌា​បានចេញ​បទ​បញ្ញ​ត្តិ​ថ្មី​មួយចំនួន ដោយ​ចែក​ប្រទេស​ជា​តំបន់​ផ្សេងគ្នា ដើម្បី​បង្ក​ការងាយស្រួល​ដល់​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​នៅក្នុង​ប្រទេស​។ បទ​បញ្ញត្តិ​នេះ ត្រូវ​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៤ ខែឧសភា​។


 
​តួលេខ​អ្នក​ឆ្លង​របស់​ឥណ្ឌា​នៅតែ​កើនឡើង ការពន្យារពេល​បិទ​ប្រទេស​នៅតែ​បន្ត​។ តួលេខ COVID-19 របស់​ឥណ្ឌា​មាន​ចំនួន​ជាង ៤​ម៉ឺន​ករណី អ្នកស្លាប់​ជាង ៦​ពាន់​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១​ម៉ឺន​នាក់​។ ទាក់ទង​នឹង​បញ្ហា​នេះ ឥណ្ឌា​បានសម្រេច​ពន្យារពេល​បិទ​ប្រទេស ​រយៈពេល២​សប្តាហ៍​បន្ថែមទៀត ដល់​ថ្ងៃទី​១៧ ខែឧសភា​។ 
 
​ក្រោម​វិធាន​បិទ​ប្រទេស​នេះ ឥណ្ឌា​បាន​ហាមឃាត់​សកម្មភាព​ជាច្រើន​នៅ​កម្រិត​ថ្នាក់ជាតិ​ដូចជា ការធ្វើដំណើរ​រវាងរ​ដ្ឋ និង​រដ្ឋ ការធ្វើដំណើរ​តាម​យន្តហោះ រថភ្លើង និង​មេត្រូ​ជាដើម​។ សាលារៀន ភោជនីយដ្ឋាន បារ ហាង​លក់ទំនិញ រោងភាពយន្ត នៅតែ​បន្ត​បិទ​។ ប៉ុន្តែ​ចរាចរណ៍​ទំនិញ នៅតែ​បន្តដំណើរ​ការ​ដដែល​។ 
 
​ដើម្បី​ជួយ​សេដ្ឋកិច្ច ក៏ដូចជា​សម្រួល​សកម្ម​ភាព​របស់​ប្រជាជន ឥណ្ឌា​បាន​បង្កើត​បញ្ញត្តិ​ថ្មីៗ​បន្ថែមទៀត ដើម្បី​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅក្នុង​តំបន់​មួយចំនួន​។ ប៉ុន្តែ​ការបន្ធូរបន្ថយ​នេះ គឺ​ធ្វើ​ឡើ​ង ទៅ​តាម​តំបន់​ដែល​កំណត់​តែប៉ុណ្ណោះ​។ ជា​បទ​បញ្ញត្តិ ដែល​ត្រូវ​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៤ ខែឧសភា ឥណ្ឌា​បាន​បែងចែក​តំបន់​ចំនួន ៣​ធំៗ គឺ តំបន់​ក្រហម (Red Zones) តំបន់​ទឹកក្រូច (Orange Zones) និង​តំបន់​បៃតង​( Green Zones)​។ 
 
​តំបន់​ក្រហម ត្រូវបាន​គេ​ចាត់ទុកថា ជា​តំបន់​មាន​កូ​រ៉ូ​ណាវី​រុស​ច្រើនជាងគេ​បំផុត ជា​តំបន់​គ្រោះថ្នាក់ និង​មាន​កម្រិត​ធ្វើតេស្ត​ជាងគេ​។ ការ​រឹតត្បិត​នៅក្នុង​តំបន់​មួយ​នេះ ក៏​មិនសូវមាន​ការបន្ធូរបន្ថយ​អ្វី​ដែរ​។ ទីក្រុង ដែល​ចាត់​ចូលក្នុង​តំបន់​នេះ​មានដូចជា Mumbai, ញូវដែលី និង Bengaluru ជាដើម​។ ប៉ុន្តែ​សម្រាប់​នៅ​តំបន់​ជាយក្រុង នៃ​តំបន់​ក្រហម​នេះ ត្រូវបាន​គេ​អនុញ្ញាត​សកម្មភាព​មួយចំនួន​។ ការិយាល័យ​ធ្វើការ អនុញ្ញាត​ឲ្យ​បើក ៣៣​ភាគរយ សំណង់ ឬ​ការដ្ឋាន អាច​ចាប់ផ្តើម​វិញ​បាន ប៉ុន្តែ​កម្មករ​ត្រូវតែមាន​កន្លែង​ស្នាក់​ក្នុង​តំបន់​ជាយក្រុង​ដែរ​។ 
 
​ដោយឡែក​សម្រាប់​តំបន់​ទឹកក្រូច គឺមាន​ការបន្ធូរបន្ថយ​ខ្លះ ព្រោះ​តំបន់​នេះ មាន​ករណី​ឆ្លង ឬ​ភាពគ្រោះថ្នាក់​តិចជាង​តំបន់​ក្រហម​។ សកម្មភាព​ដែល​ត្រូវបាន​អនុញ្ញាត​នៅក្នុង​តំបន់​ក្រហម​ទាំង​ប៉ុន្មាន ក៏ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​មាន​ក្នុង​តំបន់​នេះ ដោយ​បន្ថែម​សកម្មភាព​មួយចំនួន​។ តាក់ស៊ី អាច​ដឹក​ភ្ញៀវ​បាន​ពីរ​នាក់ ហើយ​ការធ្វើដំណើរ​នៅក្នុង​ស្រុក ​ក៏ត្រូវ​អនុញ្ញាត​ដែរ​។ 
 
​ចំណែក​តំបន់​បៃតង​វិញ គឺជា​តំបន់​ទាំងឡាយណា ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​ មិនមាន​ករណី​ឆ្លង​ក្នុង​រយៈពេល ២១​ថ្ងៃ​។ ក្នុង​តំបន់​នេះ សកម្មភាព​ទាំងអស់​ត្រូវ​អនុញ្ញាត ប៉ុន្តែ​ការហាមឃាត់​ដែល​អនុវត្ត​នៅ​ថ្នាក់ជាតិ នៅតែ​ធ្វើ​ដដែល​។ ក្នុង​តំបន់​នេះ រថយន្តក្រុង អាច​បើក​ដំណើរការបាន​ក្នុង​បរិ​មាណតែ ៥០​ភាគរយ​តែប៉ុណ្ណោះ​៕ 

Tag:
 ឥណ្ឌា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com