កីឡាអន្តរជាតិ
អន្តរជាតិ
លោក បៃ​ឌិន គាំទ្រ​ក្រុមបាល់ទាត់​ស្ត្រី​អាមេរិក​លើ​ការទារ​ប្រាក់​ឈ្នួល​ស្មើ​បុរស
04, May 2020 , 12:02 pm        
រូបភាព
​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​ឌិន (Joe Biden) នៅ​ថ្ងៃទី​២ ខែឧសភា​បានបង្ហាញ​ការគាំទ្រ​ដល់​ក្រុមកីឡា​បាល់ទាត់​ស្ត្រី​អាមេរិក ជុំវិញ​ការប្តឹងតវ៉ា​របស់​ពួកគេ​ក្នុង​ការទាមទា​ប្រាក់​ឈ្នួល​ស្មើគ្នា​នឹង​ក្រុម​បុរស​។ ការគាំទ្រ​របស់លោក បៃ​ឌិន ធ្វើឡើង​បន្ទាប់ពី​តុលាការ​អាមេរិក​ច្រានចោល​ការទាមទារ​រប​ស់​ក្រុម​កីឡាការិនី​អាមេរិក​លើ​តម្លៃ​ប្រាក់​ឈ្នួល​នេះ​។​


 
​ការទាមទារ​រ​របស់​ក្រុម​ជម្រើសជាតិ​ស្ត្រី​អាមេរិក​សម្រាប់​ប្រាក់​ឈ្នួល​ស្មើគ្នា​ខាងលើនេះ ត្រូវ​តុលាការ​ច្រានចោល​កាលពី​ថ្ងៃទី​១ ខែឧសភា​ដោយ​ប្រគល់​ជ័យជម្នះ​ទៅ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក (USSF)​។​
 
​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដើម្បី​ប្តឹងទៅ USSF របស់​ក្រុម​ម្ចាស់​ជើងឯក World Cup ស្ត្រី​នេះ​ធ្វើឡើង​ដោយ​កីឡា​ការ​នី​ជម្រើសជាតិ​ចំនួន​២៨​នាក់​កាលពី​ឆ្នាំ​២០១៩​។ ពួកគេ​បាន​ប្ដឹង​ទារ​សំណង​ទឹកប្រាក់ ៦៦​លាន​ដុល្លារ​អាមេរិក ដោយ​យក​ច្បាប់​ស្ដីពី​ការផ្ដល់ប្រាក់​ឈ្នួល​ស្មើគ្នា (Equal Pay Act) ជា​សំអាង​។​
 
​ក្រោយ​ការប្រកាស​របស់​តុលាការ​បែបនេះ លោក បៃ​ឌិន បាន​សម្តែង​ការគាំទ្រ​ទៅកាន់​ក្រុមកីឡា​ការិនី​អាមេរិក​ដោយ​ផ្តល់​កម្លាំងចិត្ត​ថា កុំ​បោះបង់​ការទាមទារ​នេះ ដ្បិតអ្វីៗ​មិនទាន់​ចប់​នោះទេ​។​
 
​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ​រូបនេះ​បន្ថែមថា​៖« ប្រាក់ខែ​ស្មើរ​គ្នា​នៅពេលនេះ ឬ​ថ្ងៃក្រោយ​ទៀត នឹង​អាច​កើតឡើង​នៅពេល​ខ្ញុំ​ជា​ប្រធានាធិបតី​។ អ្នក​អាច​ទៅ​កន្លែង​ផ្សេងទៀត​សម្រាប់​ការផ្តល់​មូលនិធិ World Cup»​។​
 
​លោក លោក បៃ​ឌិន ដែលជា​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​កំពុង​ប្រជែង​កៅអី​ប្រធានាធិបតី​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ដែល​កំពុង​កាន់តំណែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ​។​
 
​យ៉ាងណាក៏ដោយ គេ​មិនដឹង​ច្បាស់​ថា​ការលើកឡើង​របស់លោក បៃ​ឌិន​ដូច្នេះ​ជាការ​ទាញ​ប្រ​យោ​ជ៍​នយោបាយ ឬក៏​អត់​នោះទេ ខណៈពេល​កំពុង​ត្រៀម​ការបោះឆ្នោត​។ កន្លងទៅ ក្រុម​ជម្រើសជាតិ​នារី​អាមេរិក​នេះ​ធ្លាប់មាន​រឿងចម្រូងចម្រាស​ជាមួយ​លោក ត្រាំ ផងដែរ​។​
 
​អំឡុងពេល ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាមេរិក​ផ្នែក​នារី ប្រកួតប្រជែង​រហូត​ដណ្តើមបាន​ជើងឯក​បាល់ទាត់​ពិភពលោក Women’s World Cup ឆ្នាំ ២០១៩ ដែលជា​ការ​ឈ្នះ​លើក​ទី ៤ លោក ត្រាំ បាន​បង្កជម្លោះ​ជាមួយ​ប្រធាន​ក្រុម Megan Rapinoe តាមរយៈ​ពាក្យសម្តី​។ 
 
​ការឆ្លើយ​ឆ្លង​រិះគន់​គ្នា​រវាង​កីឡាការិនី​ទល់​ប្រធានាធិបតី​បាន​កើតឡើង​តាំងពី​វគ្គ​៨​ក្រុម​ចុងក្រោយ​រហូតដល់​ឈ្នះ​ជើងឯក​តែម្តង​៕



Tag:
 Joe Biden
  World Cup
  USSF
© រក្សាសិទ្ធិដោយ thmeythmey.com