COVID-19
អន្តរជាតិ
COVID-19 ទូទាំង​សកលលោក ឡើង​លើស​៣,៥​លាន​ករណី តែ​អត្រាកំណើនធ្លាក់ចុះ​
04, May 2020 , 3:47 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ:
​ករណី​ឆ្លង COVID-19 ទូទាំង​សកល បាន​កើន​លើស ៣,៥​លាន​ករណី​ហើយ នៅ​ថ្ងៃទី​៤ ខែឧសភា ខណៈ​អ្នកស្លាប់​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​មាន​សរុប​ជិត​២៥​ម៉ឺន​នាក់​។  នេះ​បើ​យោង​លើ​ការតាមដាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​បន្ថែមថា អត្រា​អ្នកស្លាប់​និង​អ្នក​ឆ្លង​បាន​ថមថយ​យឺត​ពី​កម្រិត​ខ្ពស់បំផុត​កាលពី​ខែ​មុន​។

 
​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​អាមេរិក​ខាងជើង គឺជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ថ្មី​ច្រើន​បំផុត​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ ក៏ប៉ុន្តែ​តួលេខ​ឆ្លង COVID-19 កំពុង​ស្ទុះ​ឡើង​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន អាហ្វ្រិក និង​រុស្ស៊ី​។ 
 
​នៅ​ទូទាំង​សកលលោក ករណី​ឆ្លង​COVID-19​ថ្មី​ចំនួន ៨៤ ០០៤​ករណី ក្នុងពេល​២៤​ម៉ោង​មុន​។ នេះ​យោង​លើ​ការតាមដាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ផ្អែកលើ​ទិន្នន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​។ តួលេខ​នេះ ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ឡើង​លើស ៣,៥​លាន​ករណី​។ តួលេខ​នេះ នៅ​នឹង​ចន្លោះ​ពី​៣​ទៅ​៥​លាន​ករណី​នៃ​ជំងឺ​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយ​ជំងឺ​ផ្ដាសាយ​តាម​រដូវ​ប្រចាំឆ្នាំ​។ នេះ​បើតាម​អង្គការ​សុខភាព​ពិភពលោក​។ 
 
​ខណៈ​អ្នកជំនាញ អះអាងថា ករណី​ឆ្លង COVID-19 ជាក់ស្តែង ទំនង​ជាមាន​កម្រិត​ខ្ពស់ជាង​របាយការណ៍​ប​ច្ចុ​ប្បន្ន ករណី​ឆ្លង COVID-19​ សព្វថ្ងៃ នៅ​ឆ្ងាយ​ខ្លាំង បើ​ធៀប​ជំងឺ​ផ្ដាសាយ​អេ​ស្ប៉ា​ញ ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ​១៩១៨ និង​ឆ្លង​លើ​មនុស្ស​ប្រមាណ​៥០០​លាន​នាក់​។ 
 
​បច្ចុប្បន្ន ករណី​ស្លាប់​ដោយសារ COVID-19 មាន​សរុប​២៤៥ ៩៩២​នាក់​។ ករណី​ស្លាប់​ដំបូង​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃទី​១០ ខែមករា ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន ក្រោយ​វីរុស​នេះ​បាន​ផ្ដើម​រីក​រាលដាល​ដំបូង​នៅ​ទីនោះ ក្នុង​ខែធ្នូ ឆ្នាំ​២០១៩​។ បើតាម​វេ​ប​សាយ worldometers.info អ្នកជា​សះស្បើយ​ពី​ជំងឺ​COVID-19 មាន​សរុប​ជាង​១,១៥​លាន​នាក់​។ 
 
​គួរ​កត់សម្គាល់ថា អត្រា​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៅ​ទូទាំង​ពិភពលោក ស្ថិតនៅ​ចន្លោះ​២-៣​ភាគរយ ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​។ នេះ​គឺជា​អត្រា​ទាប​ខ្លាំង បើ​ធៀប​នឹង​អត្រា​ឆ្លង​ខ្ពស់បំផុត​ប្រមាណ ១៣​ភាគរយ កាលពី​ថ្ងៃ​ពាក់កណ្ដាល​ខែមីនា​កន្លង​ទៅ​។ ការ​ថមថយ​នេះ ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជាច្រើន​ផ្ដើម​បន្ធូរបន្ថយ​ចំណាត់​ការបិទ​ប្រទេស ដែល​អនុញ្ញាត​ឲ្យ​សេដ្ឋកិច្ច​ដកដង្ហើម​ឡើងវិញ​បន្ដិច​៕

Tag:
 COVID-19
  WHO
  អឺរ៉ុប​
  អាមេរិក​ខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com